ជាតិ
សង្គមជាតិ
សណ្ឋាគារ​អប្សរា​អង្គរ​មួយទៀត​ហើយ ដែល​សម្រេច​បិទទ្វារ​
02, Jan 2020 , 3:04 pm        
រូបភាព
​សៀមរាប​៖ វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ហាក់​មិនមាន​ភាពល្អប្រសើរ​សោះ​មកដល់​ថ្ងៃនេះ បន្ទាប់ពី​ជួប​វិបត្តិ​ធ្លាក់​ភ្ញៀវទេសចរ​ អស់​ជាង​មួយឆ្នាំ​កន្លងមក​។ ស្ថានភាព​នេះ បាន​បង្ខំ​ឱ្យ​ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំៗ​ក្នុង​ក្រុង​សៀមរាប បានប្រកាស​បិទទ្វារ និង​ខ្លះទៀត​ដាក់​ជួល​ក៏មាន​។ នៅ​ថ្ងៃទី​១ មករា សណ្ឋាគារ​អប្សរា​អង្គរ ដែលមាន​ភាពល្បីល្បាញ ​ក៏បាន​ប្រកាស​ពី​ការបិទ​អាជីវកម្ម​របស់ខ្លួន​ដែរ​។ ទាក់ទង​នឹង​បញ្ហា​នេះ ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្ត​សៀម ​មានការ​សោកស្ដាយ និង​បង្ហាញ​ក្តីបារម្ភ​ថា «​សណ្ឋាគារ​ផ្សេងទៀត ​ក៏​អាច​ប្រឈមមុខ​ដូចគ្នានេះ ប្រសិនបើ​ស្ថានភាព​បែបនេះ​ មិនមាន​ការវិវត្ត​ថ្មី​»​។​

 
​អ្នកគ្រប់គ្រង​សណ្ឋាគារ​អប្សរា​អង្គរ បានប្រកាស​ជា​សាធារណៈ​ក្នុង​បណ្ដាញ​សង្គម ពី​ព័ត៌មាន​នៃ​ការបិទ​អាជីវកម្ម​សណ្ឋាគារ​នេះ បន្ទាប់ពី​មាន​វត្តមាន​នៅលើ​ទឹកដី​អង្គរ​ជិត​១៨​ឆ្នាំ​មក​។ ព័ត៌មាន​នេះ ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​មួយទៀត ​បន្ទាប់ពី​អតីត​សណ្ឋាគារ Inter-continental (The Great Duke) នៅ​រាជធានី​ភ្នំពេញ ​បានប្រកាស​បិទទ្វារ​ នៅ​ថ្ងៃទី​៣១ ធ្នូ​។ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​ ពី​អ្នកគ្រប់គ្រង​សណ្ឋាគារ​អប្សរា​អង្គ​របានទេ ជុំវិញ​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​បិទ​អាជីវ​កម្មនេះ​។ 
 
​ម្ចាស់​សណ្ឋាគារ​មួយ​នៅ​ខេត្ត​សៀ​បរាប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​២ មករា​នេះ​ថា ជាទូទៅ ការរកស៊ី​ពេលណា​នៅ​បន្តបាន​នោះ គេ​នឹង​បន្ត ព្រោះថា​សណ្ឋាគារ​អប្សរា​អង្គរ​នេះ ​បាន​រកស៊ី​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ដល់​កម្រិត​ដែល​ខាត មិន​ចំណេញ ឬ​ទប់​លែង​បាន នោះ​អ្នករកស៊ី​ មិន​ខ្លា​ចនឹង​ការបិទទ្វារ​ឡើយ​។ លោក មិន​បានដឹង​ព័ត៌មាន​ច្បាស់លាស់ ​ពី​ចំនួន​សណ្ឋាគារ​ក្នុង​ក្រុង​សៀម​រាម ដែល​បាន​បិទ​អាជីវកម្ម​នោះទេ តែ​លោក​ប្រាប់ថា លោក សង្កេតឃើញ​មាន «​សណ្ឋាគារ​ច្រើន​កន្លែង​ បានដាក់​ស្លាក​លក់​ឬ​ជួល ​ជា​បន្តបន្ទាប់​នា​រយៈពេល​ចុងក្រោយ​នេះ​»​។​
 
​បន្ថែម​ពីនេះ លោក ពន្យល់ថា ស្ថានភាព​បែបនេះ អាច​នឹង​ធ្វើឱ្យ​សណ្ឋាគារ​ផ្សេងទៀត ​ប្រឈមមុខ​នឹង​ការបិទ​អាជីវកម្ម​ដូចគ្នា ប្រសិនបើ​គ្មាន​ដំណោះស្រាយ ​ឬ​បរិយាកាស​វិស័យនេះ​មិនមាន​ការវិវត្ត​ថ្មី​។ ម្ចាស់​សណ្ឋាគារ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​គ្មាន​អ្នកណា​ចង់​បិទ​អាជីវកម្ម​ខ្លួន​ទេ តែបើ​ខាត​មិន​ចំណេញ ទប់​លែងកើត គ្មាន​អ្នកណា​នៅ​បន្តធ្វើ​ទេ​»​។​
 
​ចំណែក អ្នកគ្រប់គ្រងជាស្រ្តី​នៅ​សណ្ឋាគារ​មួយទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរនោះ ក៏បាន​បង្ហាញ​ការសោកស្ដាយ​ដែរ ចំពោះ​ព័ត៌មាន​នៃ​ការបិទ​សណ្ឋាគារ​អប្សរា​អង្គរ។ យ៉ាងណា អ្នកស្រី ​យល់ថា បញ្ហា​នេះ ​មិនមែន​កើតឡើង​តែ​នៅ​កម្ពុជា​ទេ​។ 
 
​ប្រទេស​នៅ​អាស៊ី​មួយចំនួន មាន​ថៃ និង​វៀតណាម ជាដើម បាន​ពើបប្រទះ​ការធ្លាក់ចុះ​ចំនួន​ទេសចរ​ដូចគ្នា តែដោយសារ​ប្រទេស​ទាំងនោះ​មាន​ទេសចរ​ច្រើន ទើប​ការធ្លាក់​នេះ​មិនសូវ​ចោទ​ខ្លាំង​ សម្រាប់​ប្រទេស​ទាំងនោះ​។ យ៉ាងណា ការប្រកាស​បិទ​សណ្ឋាគា​រ​អប្សរា​អង្គរ​នេះ អាចទាក់ទង​នឹង​ផ្នែក​ទីផ្សារ​របស់​សណ្ឋាគារ​នេះ​ខ្លួនឯង​។ គេ​ដឹងថា កន្លងមក​សណ្ឋាគារ ​ដែ​ល​មាន​ជាង​១០០​បន្ទប់​នេះ ផ្តោត​គោលដៅ​ធំ ​លើ​ការរៀបចំ​កិច្ចប្រជុំ​ស្ថាប័ន​រាជរដ្ឋាភិបាល តែ​ក្រោយមក​មាន​សណ្ឋាគារ​ថ្មី​ចូលខ្លួន​មក​ជំនួស ទើប​បណ្ដាលឱ្យ​អាជីវកម្ម​សណ្ឋាគារ​នេះ​គ្មាន​ទីផ្សារ​៕ 

Tag:
 សណ្ឋាគារ​អប្សរា​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com