ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​ថ្មី​មួយ ដែល​ទើប​សុំ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ស្នើឱ្យ​ដោះលែង​អ្នកនយោបាយ និង​រក្សា​EBA
02, Jan 2020 , 8:19 pm        
រូបភាព
ថ្នាកដឹកនាំគណបក្សខ្មែរស្រលាញ់ជាតិ ធ្វើសន្និសីទកាសែត នៅថ្ងៃទី២ មករា ឆ្នាំ២០២០
ថ្នាកដឹកនាំគណបក្សខ្មែរស្រលាញ់ជាតិ ធ្វើសន្និសីទកាសែត នៅថ្ងៃទី២ មករា ឆ្នាំ២០២០
​ភ្នំពេញ​៖ ភ្លាមៗ​ក្រោយពី​ស្នើសុំ​បង្កើត​បក្ស​នៅ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២ មករា​នេះ គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ (CNLP) បាន​ស្នើឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកនយោបាយ ដើម្បី​ផលប្រយោជន៍​ជាតិ​។​


 
​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ បាន​ស្នើឱ្យ​រដ្ឋាភិបាល​បើក​ចំហរ​លទ្ធិប្រជាធិបតេយ្យ សិ​ទ្ទិ​សេរីភាព នៃ​ការប្រមូលផ្ដុំ​ជួបជុំ​បញ្ចេញមតិ​ស្របតាម​រដ្ឋ​ធម្មនុញ្ញ​, ដោះលែង​សកម្មជន​សិទ្ធិមនុស្ស នយោបាយ តាមរយៈ​ទម្លាក់​បទចោទប្រកាន់​នានា និង​ផ្ដល់​សិ​ទ្ទិ​សេរីភាព​ពេញលេញ​ដល់​ពួកគេ រួមទាំង​ការផ្ដល់​យុត្តិធម៌​ដល់​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ ជាមួយគ្នានេះ​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ ក៏​ស្នើឱ្យ​សហភាព​អឺរ៉ុប​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន ក្នុងការ​សម្រេចចិត្ត​នយោបាយ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arms) ដើម្បី​រក្សា​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទៀតផង​។​
 
​សេចក្តីថ្លែងការណ៍​គណបក្ស​ថ្មី ដែលមាន​លោក ជីវ កត្តា និង​លោក កង គឹម​ហាក់ អតីតមន្ត្រី​គណ​ប្ស​សង្គ្រោះ​ជាតិ ជា​ថ្នាក់ដឹកនាំ​បក្ស​នោះ បាន​សរសេរ​ដូច្នេះ​ថា​៖«​សូម​គាំទ្រ​រាល់​សេចក្តីថ្លែងការណ៍​នានា​របស់​អង្គការក្រៅរដ្ឋាភិបាល សង្គម​ស៊ីវិល សមាគមន៍ ដែល​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ និង​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ​»​។​


 
​ជុំវិញ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តី​ឆ្លើយតប​ចុងក្រោយ​ទៅកាន់​សហភាព​អឺរ៉ុប ដោយ​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​លើ​បញ្ហា​ទាំងឡាយ ដែលជា​ការព្រួយបារម្ភ​របស់​គណៈកម្មការ​អឺរ៉ុប ដូចជា ការគោរព​សិទ្ធិមនុស្ស​ក្នុងការ​ចូលរួម​នយោបាយ សិទ្ធិ​ដីធ្លី សេរីភាព​បញ្ចេញមតិ និង សេរីភាព​បង្កើត​សមាគម​ជាដើម​។ ក្រសួងការបរទេស សង្កត់ធ្ងន់ថា របាយការណ៍​ខ្លួន​គ្រប់​ជ្រុងជ្រោយ អំពី​ការអនុវត្ត​សកម្មភាព​និង​វិធានការ​នានា​នៅ​កម្ពុជា ស្របតាម​សេចក្តីត្រូវការ​របស់​ស​ហ​ភាព​អឺរ៉ុប​។ ក្រសួងការបរទេស រំពឹងថា គណៈកម្មការ​អឺរ៉ុប នឹង​ពិចារណា លើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ព្រមទាំង​គោរព​អធិបតេយ្យភាព និង​មិន​ជ្រៀត​ជ្រែកចូល​ផ្ទៃក្នុង​កម្ពុជា​។​
 
​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន យល់ឃើញថា របាយការណ៍​បឋមរ​បស់​សហភាព​អឺរ៉ុប ពិតជា​រកឃើញ​មានការ​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ករណី ដូចជា  សិទ្ធិ​នយោបាយ សិទ្ធិ​ប្រជាពលរដ្ឋ សិទ្ធិ​ដីធ្លី សិទ្ធិ​សង្គម និង​សិទ្ធិ​វប្បធម៌​។ បើតាម​លោក រ៉ុង ឈុន លក្ខខណ្ឌ​របស់ EBA គឺ​ទាមទារ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស និង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​។ លោក ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ដើម្បី​រក្សា EBA រដ្ឋាភិបាល ត្រូវ​សម្របសម្រួល​តាម​អ្វីដែល​សហភាព​អឺរ៉ុប​លើកឡើង​»​។ 
 
​តែ​យ៉ាងណា​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ឆ្លើយតប​ថា ការលើកឡើង​របស់​ម​ន្ត្រី​អង្គការ​ស​ង្គ​ស៊ីវិល​និង​អតីត​គណបក្សប្រឆាំង មិន​បង្ហាញ​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​ឡើយ​។ លោក រិះគន់​ត្រឡប់​ទៅវិញ​ថា​៖«[​ពួកគេ​] គ្រាន់តែ​បន្ទរ​តាម​អ្វីដែល​បរទេស​បាន​និយាយ​ប៉ុណ្ណោះ​»​។ 
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ ធ្លាប់​បកស្រាយ​តាម​សារព័ត៌មាន​ថ្មីៗ​ថា សិទ្ធិមនុស្ស​នៅ​កម្ពុជា ត្រូវបាន​ការពារ​ដោយ​ច្បាប់ ហើយ​ការដឹកនាំ​ប្រទេស ក៏​ពឹង​ផ្អែកលើ​ច្បាប់​ដែរ​។ លោក បន្ថែមថា រដ្ឋាភិបាល ពុំបាន​យក​ច្បាប់ ទៅកាន់​បន្ថយ​សិទ្ធិ​ប្រជាពលរដ្ឋ​ឡើយ​។ 
 
​នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ សហភាព​អឺរ៉ុប នឹង​ចេញ​របាយការណ៍​ចុងក្រោយ ដើម្បី​ធ្វើ​សេចក្តីសម្រេច​ថា ដក EBA ពី​កម្ពុជា ឬ បន្ត​រក្សាទុក​។ សហភាព​អឺរ៉ុប បានចាប់ផ្តើម​នីតិវិធី​ត្រួតពិនិត្យ​EBA នេះ តាំង​ខែកុម្ភៈ ឆ្នាំ​២០១៩​មក​។ បើ​សហភាព​អឺរ៉ុប សម្រេច​ដក EBA ពិតមែន ជា​នីតិវិធី គឺ​ត្រូវការ​រយៈពេល​៦​ខែក្រោយ​មកទៀត ទើប​សេចក្តីសម្រេច​នោះ ចូល​ជា​ធរមាន​។ វា មានន័យថា ៦​ខែក្រោយ​នៃ​ការដក EBA ទើប​កម្ពុជា ចាប់ផ្តើម​បង់ពន្ធ ពេល​នាំ​ទំនិញ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​៕



Tag:
 នយោបាយ​
  សិទ្ធិមនុស្ស​
  CNLP
© រក្សាសិទ្ធិដោយ thmeythmey.com