កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo និង Messi នឹង​បំបែក​កំណត់ត្រា​អ្វីខ្លះ​ទៀត​នៅ​ទសវត្សរ៍​ថ្មី ឆ្នាំ​២០២០?
02, Jan 2020 , 10:19 pm        
រូបភាព
​កំពូល​កីឡាករ Cristiano Ronaldo និង Lionel Messi ត្រូវបាន​ចារ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់​នា​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​មកហើយ តាមរយៈ​ភាពលេច​ធ្លោ​លើ​ទីលាន​របស់​ពួកគេ​។ ឈានដល់​ឆ្នាំ​២០២០​នេះ អ្នក​ទាំងពីរ​នឹងត្រូវ​ចាប់ផ្តើម​ដំណាក់កាល​ថ្មី​មួយទៀត​នៅក្នុង​អាជីព​មួយ​នេះ​។​


 
Super Stars ទាំង​ពីររូប សង្ឃឹមថានឹង​ជំរុញ​ក្រុម​រៀងៗ​ខ្លួន​ក្នុងការ​ដណ្តើមពាន​ក្នុងស្រុក រួមទាំង UEFA Champions League នៅ​រដូវ​កាល​នេះ​។ Ronaldo ត្រូវ​ជួយ Juventus ដើម្បី​ប្រជែង​ពាន​អ៊ីតាលី Serie A ដោយ​ត្រូវ​ប្រជែង​យ៉ាងខ្លាំង​ក្លា​ជាមួយ Inter Milan ខណៈ Messi ត្រូវ​ដឹកនាំ Barcelona ត្រូវ​ប្រឈម​ជាមួយ Real Madrid ដែលជា​គូប្រជែង​ចាស សម្រាប់​ជើងឯក La Liga​។​
 
Messi ខ្សែបម្រើ​សញ្ជាតិ​អា​ហ្ស​ង់​ទីន បាន​ជួយ Barca នៅលើ​កំពូល​តារាង​លី​គ​កំពូល​អេ​ស្ប៉ា​ញ ដោយមាន​២​ពិន្ទុ​ឈរលើ​ក្រុម​លេខ​ពីរ Real ដោយ​ស៊ុត​បញ្ចូល​ទី​ចំនួន ១១​គ្រាប់ ក្នុងការ​ប្រកួត​១០​លើកចុងក្រោយ​។ សម្រាប់​ក្របខណ្ឌ​កំពូល​អឺរ៉ុប​វិញ ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​បាន​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយ​ត្រូវ​ប៉ះ Napoli​។​
 
Ronaldo ស៊ុត​បាន​៥​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៤​ប្រកួត​ចុងក្រោយ ដោយ​នាំ​សេះបង្កង់​ឈរ​កំពូល​តារាង​លី​គ​កំពូល​អ៊ីតាលី ប៉ុន្តែ​មាន​ពិន្ទុ​ស្មើ​ជាមួយ Inter Milan ៤២​ពិន្ទុ​ដូចគ្នា​។ Juventus ក៏បាន​ឆ្លង​ដល់​វគ្គ​១៦​ក្រុម Champions League ផងដែរ ដោយ​ត្រូវ​តតាំង​ជាមួយ​ក្រុម​ពី​បារាំង Lyon​។​
 
​វ័យ​៣២​ឆ្នាំ Messi ដែល​ម្ចាស់​ពាន Ballon D'or ៦​សម័យ មាន​អាយុ​ប្អូន Ronaldo ចំនួន​២​ឆ្នាំ​។ បើ​ទោះ​វ័យ​ជ្រែ​បន្តិច​ក្តី តែ​អ្នក​ទាំងពីរ​ហាក់ដូចជា​មិនទាន់​ធ្លាក់​ទម្រង់​លេង​នៅឡើយ​នោះទេ ហើយ​ថែមទាំង​នៅ​រក្សា​ល្បឿន​ថាមពល និង​កម្លាំង​ស៊ុ​ស​យ៉ាង​ល្អ​ទៀតផង​។​
 
​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការដណ្តើម​ជើងឯក​លី​គ​ក្នុងស្រុក និង Champions League រដូវ​កាល​នេះ គឺជា​ការចាប់ផ្តើម​ដ៏​អស្ចារ្យ​សម្រាប់ Messi និង Ronaldo សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​២០២០ និង​ជា​ឱកាស​សម្រាប់​ពួកគេ​បំបែក​កំណ​ត្រា​ថ្មីៗ​ជា​បន្តបន្ទាប់​ទៀត​៕

Tag:
 Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com