ជាតិ
មន្ត្រី​អន្តោប្រវេសន៍​៖ ការចាកចេញ​របស់​ជ​ន​ជាតិចិន​ជាង​៤០​ម៉ឺន​នាក់ មិនមែន​មកពី​បិទ​ល្បែង​អន​ឡាញ​ឡើយ​
02, Jan 2020 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ជនជាតិ​ចិន បាន​ចាក​ចេញពី​កម្ពុជា ជាង​៤០​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៩ ដោយសារតែ​វដ្ត​នៃ​រដូវ​កាល​ទេសចរណ៍ ហើយ​មិនមែន​មកពី​ករណី​បិទ​ល្បែង​អន​ឡាញ​ឡើយ​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួងមហាផ្ទៃ​។​

 
​លោក កែវ វណ្ណ​ថន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គិត​ត្រឹម​រយៈពេល​៥​ខែ គឺ​ចាប់ពី​ខែសីហា ដល់​ធ្នូ ឆ្នាំ​២០១៩ នោះ មាន​ជនជាតិ​ចិន​ជាង​៤០​ម៉ឺន​នាក់ ដែល​ប្រើប្រាស់​ប្រភេទ Visa E ចាកចេញ​កម្ពុជា ។​បើតាម​លោក វណ្ណ​ថន ដ្បិត​ជនជាតិ​ចិន​ទាំងនោះ​ចាកចេញ​ក្តី ប៉ុន្តែ​ក៏មាន​ជនជាតិ​ចិន​ចូលមក​កម្ពុជា​វិញ​ជាង​៣២​ម៉ឺន​នាក់​ដែរ​។ «​ចំនួន​តួលេខ​ទាំងពីរ​នេះ គឺ​ចេញ​ច្រើនជាង​ចូល​ប្រមាណ​៧​ម៉ឺន​នាក់​។ ចំនួន​ចេញ​ច្រើនជាង​ចំនួន​ចូល​នេះ ដោយសារ​ជា​រដូវ​ការ​ទេសចរណ៍​មាន​ឡើង​មាន​ចុះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​នាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​
 
​ដ្បិត​មន្ត្រីជាន់ខ្ពស់​អន្តោប្រវេសន៍ អះអាងថា ការចាកចេញ​របស់​ភ្ញៀវ​ចិន​ច្រើន​នេះ ដោយសារ​បញ្ហា​រដូវ​កាល​ទេសចរណ៍​ក្តី វា​គ្រាន់តែ​ជា​ករណី​មួយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​គេ​សង្កេតឃើញថា ការចាកចេញ​របស់​ភ្ញៀវ​ចិន​ទាំងនោះ កើតឡើង​ក្រោយពី​រដ្ឋាភិបាល​ប្រកាស​ទប់ស្កាត់ និង​បង្ក្រាប​ល្បែង​អន​ឡាញ​នៅ​កម្ពុជា​។​
 
​កន្លងមក​សម្ដេច ហ៊ុន សែន បាន​និយាយថា ការបើក​ឱ្យមាន​ល្បែង​អន​ឡាញ​នេះ វា​ធ្វើ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ពីរ គឺ បញ្ហា​លាងលុយកខ្វក់ និង​បញ្ហា​អសន្តិសុខ ដែល​បង្កឡើង​ដោយ​ក្រុម​ម៉ាហ្វីយ៉ា (​ក្រុម​ជនពាល​)​។ សម្រាប់​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ហា​ទាំងនេះ វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការវិនិយោគ និង​សេដ្ឋកិច្ចកម្ពុជា ដូច្នេះ​មានតែ​ការលុបបំបាត់ចោល​ល្បែង​អន​ឡាញ​ទេ ទើប​កម្ពុជា​អាច​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​បាន​។​
 
​បច្ចុប្បន្ន​កម្ពុជា​មានកា​ស៊ី​ណូ​២១៨​កន្លែង​ដែល​បាន​ចុះបញ្ជី ខណៈ​កាស៊ីណូ​ត្រឹមតែ​១៤០​កន្លែង​ប៉ុណ្ណោះ បាន​ដំណើរការ​។ បើតាម​ការប៉ាន់ប្រមាណ​របស់លោក រស់ ភីរុណ អគ្គនាយករង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា នៅ​ឆ្នាំ​២០២០​នេះ ចំនួន​កាស៊ីណូ​នឹង​ធ្លាក់ចុះ សល់​ត្រឹម​៩០​កន្លែង​ប៉ុណ្ណោះ ដោយសារ​ការបញ្ឈប់​អាជីវកម្ម​ល្បែង​អន​ឡាញ​។ 
 
​បើតាម​លោក រស់ ភីរុណ បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​កាស៊ីណូ​១០៨​កន្លែង ខេត្តបន្ទាយមានជ័យ​មាន​២៥​កាស៊ីណូ ខេត្តស្វាយរៀង​មាន​កាស៊ីណូ​ចំនួន​១៨ និង​នៅ​ភ្នំពេញ​មាន​១​កន្លែង​។​
 
​សូមបញ្ជាក់ថា ជនជាតិ​ចិន​ដែល​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ មាន​ជាង​៩២៦​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ថយចុះ​២៤​នាក់ ស្មើនឹង​២.៥៣​ភាគរយ​។ ជនជាតិ​ចិន ដែល​ត្រូវ​បណ្ដេញ​ទាំងនោះ ភាគច្រើន​ប្រព្រឹត្ត​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​(Telecom Fraud) បើក​ល្បែង​អន​ឡាញ​ខុសច្បាប់ និង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។ នេះ​បើតាម​របាយការណ៍​ដែល​ទទួលបាន​ពី លោក កែវ វណ្ណ​ថន​៕ 
 

Tag:
 កាស៊ីណូ​
  ជនជាតិ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com