ជាតិ
លោក រស់ សុ​វាចា ត្រូវ​តែងតាំង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ទទួលស្គាល់​គុណភាព​អប់រំ
03, Jan 2020 , 7:59 am        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ប្រគល់ត្រានិងលិខិតតែងតាំងដល់ លោក រស់ សុវាចា ជាអគ្គលេខាធិការACC។រូបថត៖ ទំព័រហ្វេសប៊ុក ក្រសួងអប់រំ៕
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ប្រគល់ត្រានិងលិខិតតែងតាំងដល់ លោក រស់ សុវាចា ជាអគ្គលេខាធិការACC។រូបថត៖ ទំព័រហ្វេសប៊ុក ក្រសួងអប់រំ៕
​ភ្នំពេញ​៖  លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង កីឡា ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ទទួលស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា (ACC)​។ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​តែងតាំង​នេះ នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២០​។

 
​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា គឺជា​ស្ថាប័ន​ជាតិ ដែល​ទទួលខុសត្រូវ​លើ​ការវាយតម្លៃ​គុណភាព​អប់រំ​កម្រិត​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា​។ គណៈកម្មាធិការ​នេះ ត្រូវបាន​បង្កើតឡើង តាំង​ដើមឆ្នាំ​២០០៣​។​
 
​ក្នុង​ពិធី​ទទួល​តំណែង​នេះ លោក រស់ សុ​វាចា បាន​ប្ដេជ្ញាចិត្ត​ពង្រឹងគុណភាព​វិស័យ​អប់រំ​កម្រិត​ឧត្ដមសិក្សា​នៅ​កម្ពុជា​។ លោក លើកឡើង​ពី​ទស្សនវិស័យ​៧​ចំណុច គឺ​៖
 
១. ជំរុញ ACC ដោយ​ពង្រឹង​ការអនុវត្ត​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន​។​
២. ដឹកនាំ​ការរៀបចំ​សេចក្ដីព្រាង​ចុងក្រោយ ផែនទី​ចង្អុល​ផ្លូវ និង​ផែនការ​យុទ្ធសាស្ត្រ​របស់ ACC (២០២០-២០៣០) ដើម្បី​ស្នើសុំ​ការពិនិត្យ​សម្រេច​ពី​រដ្ឋមន្ត្រី​។ 
៣. បន្ត​ខិតខំ​បំពេញការងារ​ឱ្យអស់​លទ្ធភាព​ក្នុងនាម​ជា​អគ្គលេខាធិការ ACC ដោយ​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​។ 
៤. លើកកម្ពស់​សាមគ្គីភាព និង​សមត្ថភាព ACC​។​
៥. ដឹកនាំ ACC គោរព ទទួល និង​អនុវត្ត​សេចក្ដីជូនដំណឹង​របស់​ទីស្ដីការគណរដ្ឋមន្ត្រី ដែល​ពាក់ព័ន្ធ ACC​។ 
៦. ដឹកនាំ ACC គោរព និង​ទទួល​តាម​ចំណារ​ឯកភាព​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​អប់រំ លើ​លិខិត​ចុះ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ដីពី​លទ្ធផល​នៃ​កិច្ចពិភាក្សា​ក្រុមការងារ​ផ្នែក​អប់រំ​នៃ​វិស័យ​ឯកជន​លើ​សំណូមពរ​ពាក់ព័ន្ធ​អនុវិស័យ​ឧត្ដមសិក្សា​។​
៧. ដឹកនាំ ACC លើកកម្ពស់​ការចូលរួម​ពង្រឹងគុណភាព​កម្ពុជា តាម​គ្រប់​រូបភាព​ដែល​ធ្វើបាន ក្នុងន័យ​ឆ្លើយតប​ចក្ខុវិស័យ​សេដ្ឋកិច្ចកម្ពុជា ២០៣០ និង​២០៥០ ដោយ​ពង្រឹង​ការផ្សារភ្ជាប់​ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ​នីមួយៗ​របស់ ACC ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អប់រំ និង​អាទិភាព​កំណែទម្រង់​អប់រំ​៕

Tag:
 អប់រំ​
  រស់ សុ​វាចា​
  ACC
© រក្សាសិទ្ធិដោយ thmeythmey.com