ជាតិ
ឱកាស​និស្សិត​កម្ពុជា​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់
03, Jan 2020 , 9:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ផ្តល់​អាហារូបករណ៍​៤០​កន្លែង សម្រាប់​ថ្នាក់​បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត និង​វេជ្ជសាស្ត្រ​ទូទៅ ដល់​កម្ពុជា​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

 
​ក្រសួង​បញ្ជាក់ថា រដ្ឋាភិបាល​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​នឹង​ផ្តល់ជូន​ថ្លៃ​សិក្សា សំបុត្រ​យន្តហោះ​(​មួយឆ្នាំ​ម្តង​) ប្រាក់ឧបត្ថម្ភ​អាហារ​ហូបចុក ការ​ស្នាក់នៅ  ធានារ៉ាប់រង​សុខភាព និង​ថ្លៃ​ទិដ្ឋាការ​។​
 
​លក្ខខណ្ឌ​ក្នុងការ​ស្នើសុំ​អាហារូបករណ៍ សម្រាប់​បេក្ខជន​ថ្នាក់​បរិញ្ញាបត្រ និង​វេជ្ជសាស្ត្រ​ទូទៅ ត្រូវមាន​អាយុ​ក្រោម​២៥​ឆ្នាំ​។ សម្រាប់​បេក្ខជន​ថ្នាក់អនុបណ្ឌិត ត្រូវមាន​អាយុ​ក្រោម​៣០​ឆ្នាំ និង បេក្ខជន​ថ្នាក់បណ្ឌិត ត្រូវមាន​អាយុ​ក្រោម​៤០​ឆ្នាំ​។ ព្រឹត្តិបត្រ​ពិន្ទុ​វិទ្យាល័យ ឬ​សាកលវិទ្យាល័យ​។ ត្រូវមាន​វិញ្ញាបនបត្រ​ពិនិត្យ​សុខភាព ដែល​បញ្ជាក់​ពី HIV AIDS ជម្ងឺ​រលាក​ថ្លើម​ប្រភេទ B និង C​។ 
 
​បេក្ខជន ត្រូវមាន​វិញ្ញាបនបត្រ​សិក្សា​ភាសា​អង់គ្លេស​កម្រិត IELTS 5, TOEF 40 សម្រាប់​បេក្ខជន​ថ្នាក់​បរិញ្ញាបត្រ IELTS 5.5 និង TOEFL 50 សម្រាប់​បេក្ខជន​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​។ ត្រូវបំពេញ​ឯកសារ​ស្នើសុំ​ដែលមាន​ភ្ជាប់​។ 
 
​បេក្ខជន​ត្រូវបញ្ជូន​ឯកសារ​ស្នើសុំ​អាហារូបករណ៍​ត្រឹម​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឬ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ទៅ​ស្ថានទូត ឬ​ទៅ​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​៕
 

Tag:
 អប់រំ​
 ​អាហារូបករណ៍​
 ​អា​ស៊ែ​បៃ​ហ្ស​ង់
© រក្សាសិទ្ធិដោយ thmeythmey.com