ជាតិ
សង្គមជាតិ
តើការបិទសណ្ឋាគារ មកពីមូលហេតុអ្វី?
02, Jan 2020 , 9:11 pm        
រូបភាព
រូបពី The Great Duke Phnom Penh
រូបពី The Great Duke Phnom Penh
ដោយ:
សណ្ឋាគារ The Great Duke នៅភ្នំពេញ ដែលជាអតីតសណ្ឋាគារ Intercontinental ក្នុងពេលថ្មីៗនេះបានប្រកាសបិទ ហើយក្រោយមកទៀតសណ្ឋាគារអប្សរាអង្គរ មួយទៀតក៏បានផ្អាកដំណើការផងដែរ។



អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ឲ្យដឹងថា មូលហេតុដែលសណ្ឋាគារ The Great Duke បានបិទនេះ គឺដូចការជូនដំណឹងរបស់ខាងសណ្ឋាគារនេះអ៊ីចឹង គឺបណ្ដាលមកពីហេតុផលសេដ្ឋកិច្ចផ្ទាល់របស់សណ្ឋាគារ។ លោកប្រាប់ទៀតថា ការប្ដូរឈ្មោះក៏អាចជាមូលហេតុធ្វើឲ្យសណ្ឋាគារដែលដំណើការជាង២០ឆ្នាំមួយនេះ លែងសូវមានគេចាប់អារម្មណ៍ចូលទៅរកសេវាកម្ម។

ចំណែកឯសណ្ឋាគារអប្សរាអង្គរដែលដំណើរការជិត២០ឆ្នាំរួចមកហើយ លោក សុភ័ក ទទួលព័ត៌មានពីមន្រ្តីទេសចរណ៍ខេត្តសៀមរាប ថា សណ្ឋាគារនេះផ្អាកអាជីវកម្ម ដើម្បីជួសជុលកែលម្អ។ លោកបន្ថែមថា ទោះយ៉ាងណា ម្ចាស់សណ្ឋាគារអប្សរាអង្គរនេះ នៅតែដំណើរការសណ្ឋាគារមួយទៀតរបស់ខ្លួន គឺសណ្ឋាគារអង្គរផាលេស ដែលធំជាងនេះ។ តែក្រៅពីសណ្ឋាគារ នៅសៀមរាបក៏មានបិទភោជនីយដ្ឋានមួយចំនួនដែរ។ លោក តុប សុភ័ក អះអាងថាការរអាក់រអួលទាំងនេះគឺមកពីបញ្ហាផ្ទាល់ខ្លួនរបស់អាជីវកម្មទាំងនោះនិងអាចជាបច្ច័យនៃការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិនៅសៀមរាបផងដែរ។ លោកថ្លែងដូច្នេះថា៖«ការធ្លាក់ចុះទេសចរអាចជាចំណែកមួយធ្វើឲ្យអាជីវកម្មមួយចំនួន ត្រូវបិទទ្វារ តែការបិទទ្វារខ្លះគឺមូលហេតុផ្ទាល់ខ្លួនរបស់គាត់ និងខ្លះបិទដើម្បីជួសជុលកែលម្អ»។

តើអាចបណ្ដាលមកពីសេវាកម្មទាំងនោះ អភិវឌ្ឍន៍ខ្លួនមិនសមស្របនឹងតម្រូវការទីផ្សារបច្ចុប្បន្ន?

លោក តុប សុភ័ក មិននិយាយចំសណ្ឋាគារទាំងពីរ និងភោជនីយដ្ឋានដែលបានបិទដំណើរទាំងនោះទេ តែលោកលើកឡើងជាទូទៅថា សណ្ឋាគារដែលមានការគ្រប់គ្រងច្បាស់លាស់ មានសេវាកម្មល្អ មានស្ដង់ដារត្រឹមត្រូវ គឺនៅតែទទួលបានភ្ញៀវ មិនថមថយឡើយ តែបើផ្ទុយពីនេះគឺប្រឈមការបាត់បង់ទំនុកចិត្តពីភ្ញៀវ។

យ៉ាងណា អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ ចាត់ទុកថា ការបិទដំណើការខាងលើនេះ គឺជាផ្នែកមួយតូច ខណៈវិស័យទេសចរណ៍ និងសណ្ឋាគារជារួមគឺនៅតែមានដំណើរការជាធម្មតា។ លោក តុប សុភ័ក គូសបញ្ជាក់បែបនេះ៖«រូបភាពជារួម សណ្ឋាគារជាទូទៅបានដំណើរការរាល់ថ្ងៃនេះ មិនមែនថាថយទេសចរសៀមរាបបន្តិច បិទសណ្ឋាគារទាំងអស់ បិទអាជីវកម្មទាំងអស់គឺអត់មានទេ។ នេះគ្រាន់តែជារូបភាពតូចមួយ»។

សូមស្ដាប់បទសម្ភាសទាំងស្រុងរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក តុប សុភ័ក ដូចតទៅនេះ៖





Tag:
 បិទសណ្ឋាគារ
  Great Duke
© រក្សាសិទ្ធិដោយ thmeythmey.com