ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! ហេតុអ្វី​ទើប​គួរ​គេង​ឱ្យបាន​ស្កប់​គ្រប់គ្រាន់​?
03, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​គេង​បាន​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់​សម្រាប់​រាយ​កាយ​ដើម្បី​ស្ដារ​ថាមពល​ឡើងវិញ​និង​រក្សាសុខ​ភាពល្អប្រសើរ​។ ជាធម្មតា​មនុស្សពេញវ័យ​ត្រូវ​គេង​ឱ្យ​ស្កប់​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។ 


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​នៃ​ការ​គេង​បាន​ស្កប់​រាល់​យប់ ៖
 
១. គ្រប់គ្រង​អ័រម៉ូន​

​មួយ​ក្នុងចំណោម​មូលហេតុ​ដែល​អ្នក​ត្រូវ​គេង​ឱ្យ​ស្កប់​គ្រប់គ្រាន់​នោះ គឺ​វា​ជួយ​ដល់​ការផលិត​អ័រម៉ូន​ក្នុង​រាងកាយ​។ នៅពេល​គេង​មិនបាន​គ្រប់គ្រាន់ ឬ​មិន​គេង​តែម្ដង​នោះ​អ័រម៉ូន​លូតលាស់​ដែល​រាងកាយ​ផលិត​នឹង​ថយចុះ​បង្ក​ផលប៉ះពាល់​ដល់​ការលូតលាស់​ទាំង​មូលនៃ​រាងកាយ​។ នេះហើយ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​រាងកាយ​មិន​ងាយ​នឹង​ជាសះស្បើយ​។​
 
២. គ្រប់គ្រង​ទម្ងន់​

​នៅពេល​អ្នក​គេង​គ្រប់គ្រាន់ នោះ​អ្នក​មិន​ងាយ​នឹង​ឡើង​ទម្ងន់​ឡើយ​។ នោះ​ក៏​ព្រោះតែ​ការ​គេង​បាន​ស្កប់​គ្រប់គ្រាន់​ជួយ​រក្សា​តុល្យភាព​នៃ​អ័រម៉ូន ghrelin និង leptin ដែល​គ្រប់គ្រង​ការ​ឃ្លាន​និង​ឆ្អែត​។​
 
៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​

​នោះ​ក៏​ព្រោះតែ​ការ​គេង​បាន​គ្រប់គ្រាន់​ជួយ​អោយ​ចរន្តឈាម​រត់​បាន​ត្រឹមត្រូវ​ដែល​ទប់ស្កាត់​បញ្ហា​ឈាមកក​កើតមានឡើង​។ គួរ​បញ្ចាក់​ផងដែរ​ថា ប្រសិនបើ​ឈាមកក​ចរាចរ​នោះ​វា​នឹង​រាំងស្ទះ​ដល់​លំហូរ​នៃ​ឈាម​ដឹកនាំ​អុកស៊ីសែន​ទៅកាន់​សាច់ដុំ​បេះដូង​ដែលជា​អ្វីមួយ​អាច​នាំឱ្យ​គាំងបេះដូង​។ ប្រសិនបើ​អ្នក​ផ្ដាច់ការ​ផ្គត់ផ្គង់​ឈាម​ដឹកនាំ​អុកស៊ីសែន​ទៅកាន់​ផ្នែក​មួយ​នៃ​ខួរក្បាល​នោះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នឹង​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​ជាក់​ជាមិនខាន​។ 
 
៤. បន្សាប​ជាតិពុល​

​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ខួរក្បាល​និង​ថ្លើម​ត្រូវការ​ការ​គេង​គ្រប់គ្រាន់​ដើម្បី​បន្សាប​ជាតិពុល​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម glutathione ត្រូវបាន​ផលិត​ក្នុង​ថ្លើម​ដែល​ជួយ​ការពារ​រាងកាយ​ពី​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​។ ហើយ​នៅពេល​គេង​មិន​គ្រប់​នោះ​រាងកាយ​នឹងមិន​អាច​ផលិត​សារធាតុ glutathione គ្រប់គ្រាន់​ឡើយ​។​
 
៥. ជំរុញ​ការចងចាំ​

​មូលហេតុ​ផ្សេងទៀត​ដែល​អ្នក​គួរ​គេង​ឱ្យបាន​គ្រប់គ្រាន់​នោះ គឺ​វា​ជួយ​ជំរុញ​ការចងចាំ​។ ការ​គេង​មិន​គ្រប់​រួមផ្សំ​ជាមួយ​បញ្ហា​ស្ត្រេ​សនឹង​ជះឥទ្ធិពល​កាន់តែ​គួរឱ្យ​ព្រួយបារម្ភ​ដល់​សមត្ថភាព​នៃ​ការចងចាំ​។ នោះ​ក៏​ព្រោះតែ​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស cortisol កើនឡើង​ខ្ពស់​។​
 
៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​

​ប្រសិនបើ​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​ជាប្រចាំ​នោះ​អ្នក​ប្រាកដជា​សម្គាល់​ឃើញថា​ខ្លួនឯង​ងាយ​នឹង​កើត​ជំងឺ​ផ្ដាសាយ​។ នេះ​ក៏​ព្រោះតែ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ចាប់ផ្ដើម​ចុះខ្សោយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចៀសផុត​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ ចូរ​ព្យាយាម​គេង​ឱ្យបាន​ស្កប់​គ្រប់គ្រាន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com