ជនភៀសខ្លួន​នៅក្នុង​ប្រទេស​អ៊ូ​ហ្គា​ន់​ដា​នឹង​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​
អន្តរជាតិ
ជនភៀសខ្លួន​នៅក្នុង​ប្រទេស​អ៊ូ​ហ្គា​ន់​ដា​នឹង​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​
03, Jan 2020 , 1:39 pm        
រូបភាព
រូប​ឯកសារ៖ គ្រួសារ​កុងហ្គោ​អង្គុយ​នៅ​ជំរំ​ជន​ភៀស​ខ្លួន Kyangwali នៅ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។
រូប​ឯកសារ៖ គ្រួសារ​កុងហ្គោ​អង្គុយ​នៅ​ជំរំ​ជន​ភៀស​ខ្លួន Kyangwali នៅ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។
ដោយ: VOA
​កំ​ប៉ា​ឡា ៖ ទឹកប្រាក់​៥​លាន​ដុល្លារ​គឺជា​ទឹកប្រាក់​ដែល​ត្រូវ​ផ្តល់ឱ្យ​ជនភៀសខ្លួន​ចំនួន​មួយ​សែន​នាក់​នៅក្នុង​ប្រទេស​អ៊ូ​ហ្គា​ន់​ដា​សម្រាប់​រយៈពេល​៤​ឆ្នាំ​។​

 
​ជាមួយនឹង​គម្រោង​សាកល្បង​ដែល​ត្រូវ​ប្រតិបត្តិ​នៅក្នុង​ជំរំ​ជនភៀសខ្លួន​នៅក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​អ៊ូ​ហ្គា​ន់​ដា សេវា​ហិរញ្ញវត្ថុ​ត្រូវបាន​គេ​ផ្តល់ឱ្យ​ជនភៀសខ្លួន ដើម្បី​ពួកគេ​អាច​ចាប់ផ្តើម​បង្កើត និង​ពង្រីក​សហគ្រាស​នានា ដើម្បី​បំពេញតម្រូវការ​ប្រចាំថ្ងៃ​របស់​ពួកគេ និង​អាច​ពឹង​ផ្អែកលើ​ខ្លួនឯង​កាន់តែខ្លាំង​។ 
 
​លោក Ola Hallgreen ប្រធាន​ផ្នែក​កិច្ចសហការ​សម្រាប់​ការអភិវឌ្ឍ​នៃ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​អ៊ូ​ហ្គា​ន់​ដា បាន​កត់សម្គាល់ថា កម្មវិធី​នេះ​ផ្តល់​ការលើកទឹកចិត្ត​ដល់​ស្ថាប័នហិរញ្ញវត្ថុ​ឯកជន​ឱ្យ​វិនិយោគ​ទៅកាន់​ក្រុម​គោលដៅ​ដែល​ពួកគេ​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​វិនិយោគ​កាលពី​ពេលមុន​។​
 
​លោក Ola Hallgreen បាន​និយាយថា​៖ «​ធនធាន​ធ្វើ​ជំនួញ​ជាច្រើន​ដែល​មិន​ត្រូវបាន​ប្រើប្រាស់​នឹង​លេចឡើង​តាមរយៈ​កម្មវិធី ដោយ​ជួយ​ជនភៀសខ្លួន​អាច​ទទួលបាន​ឥណទាន​សម្រាប់​ការធ្វើ​អាជីវកម្ម គាំទ្រ​ដល់​ការបង្កើត​ក្រុមហ៊ុន​ថ្មី start-up និង​ជួយ​សម្រួល​ឱ្យមាន​ការងារ​កាន់តែច្រើន​។ និយាយ​ឱ្យ​ខ្លី វា​នឹង​ជួយ​វិនិយោគ​លើ​អនាគត​របស់​ពួកគេ​ផ្ទាល់​តែម្តង​»​។​
 
​ប្រទេស​អ៊ូ​ហ្គា​ន់​ដា​មាន​ជនភៀសខ្លួន​ចំនួន​១​លាន​៣​សែន​នាក់ ដែល​ពួកគេ​ភាគច្រើន​មកពី​ប្រទេស​ស៊ូដង់​ខាងត្បូង និង​ប្រទេសជិតខាង​ផ្សេងទៀត ដូចជា​សូ​ម៉ាលី ប៊ូ​រុន​ឌី សាធារណរដ្ឋ​ប្រជាមានិត​កុង​ហ្គោ កេ​ន​យ៉ា និងរ​វ៉ាន់ដា​។​
 
​អ្នកស្រី Mahoua Parums អ្នកតំណាង​រង​នៃ​ទីភ្នាក់ងារ UNHCR បាន​អះអាង​ពី​ការ​
​ប្តេជ្ញាចិត្ត​របស់​ទីភ្នាក់ងារ​នេះ​ក្នុង​ការបន្ត​តស៊ូ​មតិ​ជាមួយនឹង​ម្ចាស់ជំនួយ និង​ដៃគូ​នានា​ក្នុង​ការគាំទ្រ​ដល់​ជនភៀសខ្លួន​។​
 
​ទោះជា​យ៉ាងនេះ​ក្តី អ្នកស្រី​បាន​កត់​ស​ម្កាល់​ថា ស្ថាប័នហិរញ្ញវត្ថុ​ជាច្រើន​នៅតែ​ស្ទាក់ស្ទើរ​មិន​ចង់​ផ្តល់ប្រាក់​កម្ចី​ដល់​ជនភៀសខ្លួន ដោយសារតែ​ពួកគេ​យល់ថា វា​មិនមាន​ស្ថេរភាព​។​
 
​អ្នកស្រី Mahoua Parums បាន​និយាយថា​៖ «​យើង​បង្កើត​កម្មវិធី​នេះ ដើម្បីឱ្យ​ស្ថាប័ន​ទាំងនោះ​ជឿជាក់​ដល់​ជនភៀសខ្លួន និង​ជឿជាក់ថា ជនភៀសខ្លួន​ជា​អ្នករងគ្រោះ​។ ជាមួយនឹង​ប្រាក់កម្ចី ពួកគេ​នឹង​អាចមាន​ជីវិត​ថ្លៃថ្នូរ ដោយសារតែ​ពួកគេ​អាចបង្កើត​អាជីវកម្ម​តូចៗ​ខ្លួនឯង ហើយ​ពួកគេ​នឹងមិន​ចាំបាច់​សុំ​ស្បៀងអាហារ​ពី​ម្ចាស់ជំនួយ​ទៀត​ទេ​»​។​
 
​គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ដោយ​ស្ថាប័នហិរញ្ញវត្ថុ រួមទាំង​ទីភ្នាក់ងារ​អ៊ូ​ហ្គា​ន់​ដា​សម្រាប់​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​។​
 
​លោក Hannington Thenge ប្រធាន​អភិវឌ្ឍន៍ និង​កំណើន​អាជីវកម្ម​របស់​ទីភ្នាក់ងារ​អ៊ូ​ហ្គា​ន់​ដា​សម្រាប់​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​និយាយថា ជនភៀសខ្លួន​មិនគួរ​យល់ច្រឡំ​អំពី​គម្រោង​នេះ ដោយ​យល់ថា ពួកគេ​នឹង​ទទួលបាន​ប្រាក់​ដោយ​ឥតគិតថ្លៃ​នោះទេ​។​
 
​លោក Hannington Thenge និយាយថា​៖ «​យើង​រំពឹងថា ពួកគេ​នឹង​យល់ថា វា​ជា​អាជីវកម្ម​មួយ​ប្រភេទ ដូច្នេះ​ពួកគេ​ត្រូវ​ឆ្លងកាត់​លក្ខខណ្ឌ​ឥណទាន​ធម្មតា​។ យើង​នឹង​ជួយ​ឱ្យ​ពួកគេ​អាច​សិក្សា​រៀនសូត្រ តាមរយៈ​ជំនាញ​អាជីវកម្ម​។ អ្នក​ដែលមាន​តម្លៃ​ផ្នែក​អាជីវកម្ម​នឹង​ទទួលបាន​ការគាំទ្រ​។ យើង​រំពឹង​ឱ្យ​ពួកគេ​សង​ប្រាក់​នេះ​មកវិញ ដើម្បីឱ្យ​វា​មាន​ចិ​រ​ភាព​»​។​
 
​ជនភៀសខ្លួន​៨០%​នៅក្នុង​ប្រទេស​អ៊ូ​ហ្គា​ន់​ដា​ជា​ស្ត្រី ហើយ​នៅក្នុង​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​នេះ គេ​រំពឹងថា ផលប្រយោជន៍​៧០%​នៃ​កម្មវិធី​នេះ​នឹង​ទៅដល់​ស្ត្រីៗ​ក្នុង​វិស័យ​កសិកម្ម សិប្បកម្ម សេវា​ផ្គត់ផ្គង់​ម្ហូបអាហារ និង​ពាណិជ្ជកម្ម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com