ជាតិ
សារមន្ទីរ Sangxingdui ប្រមូលផ្តុំ​ភស្តុតាង​ប្រវត្តិសាស្ត្រ​នៃ​នគរ​ស៊ូ​
03, Jan 2020 , 2:17 pm        
រូបភាព
​ស៊ី​ឈួន​-​ចិន​៖ សារមន្ទីរ Sangxingdui ស្ថិតនៅ​ក្រុង Guanghan ជាទី​តាំង​ប្រមូលផ្តុំ​វត្ថុ​បុរាណ និង​វប្បធម៌​ដ៏​មានតម្លៃ​របស់​អតីត​រាជធានី​ឆឹង​ទូ (Chengdu)​។ បច្ចុប្បន្ន សារមន្ទីរ​នេះ គ្របដណ្តប់​លើ​ផ្ទៃក្រឡា​៧០០០​ម៉ែត្រការ៉េ នៅ​តំបន់​បុរាណវិទ្យា​សាន់​ស៊ី​ង​ឌូ ដែលមាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ក្រុង​ឆឹង​ទូ ខេត្ត​ស៊ី​ឈួន​។

 
​ក្រុម​អ្នកសារព័ត៌មាន​បរទេស​ជាង​១០០​នាក់ រួមទាំង​តំណាង​សារព័ត៌មាន ThmeyThmey ផងដែរ​នោះ ត្រូវបាន​ដឹកនាំ​ទៅ​ទស្សនកិច្ច​សារមន្ទីរ​ប្រវត្តិសាស្ត្រ (Sanxingdui Museum) នោះ នាឱកាស​នៃ​វេទិកា​សហប្រតិបត្តិការ​សារព័ត៌មាន ១០+៣ លើក​ទី​១០ (The Tenth 10+3 Media Cooperation Forum) កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៩​។​
 
​តំបន់​បុរាណវិទ្យា​សាន់​ស៊ី​ង​ឌូ ជា​ទឹកដី​នៃ​កំណប់​អរិយធម៌​ដ៏​សម្បូរបែប​របស់​ចិន ជាពិសេស​ក្នុង​រាជវង្ស Shang ហើយ​បន្ត​ឈានដល់​រាជវង្ស Shu ចន្លោះ​រវាង​២៨០០​ឆ្នាំ និង​៨០០​ឆ្នាំ មុន​គ្រឹ​ស្ត​សករាជ​។ Sangxingdui ក៏​ជា​អតីត​រាជធានី​នៃ​នគរ​ស៊ូ (Shu State) កាលពី​អំឡុង​ជាង​៣០០០​ឆ្នាំមុន​ផងដែរ​។​
 
​ក្រុម​បុ​រណ​វិទូ​បាន​រកឃើញ​តំបន់​ប្រវត្តិសាស្ត្រ​នេះ នៅ​ឆ្នាំ​១៩២៩ ហើយ​ចាប់​ផ្តើមធ្វើ​កំណាយ​ផ្លូវការ​ចាប់ពី​ឆ្នាំ​១៩៨៦​មក​។ បន្ទាប់មក សារមន្ទីរ Sanxingdui ត្រូវបាន​ផ្តួចផ្តើម​សាងសង់ឡើង​នៅ​ឆ្នាំ​១៩៩២ និង​បម្រើ​សាធារណជន​ចាប់ពី​ខែតុលា ឆ្នាំ​១៩៩៧​។ 
 
​វត្ថុ​បុរាណ​ជាង​១​ម៉ឺន​មុខ​ត្រូវបាន​រកឃើញ ដោយ​ភាគច្រើន​ធ្វើ​អំពី​សំរឹទ្ធ រួមមាន​របាំងមុខ​សំរឹទ្ធ​ជាដើម​។ ជាមួយគ្នានេះ គេ​ក៏​ប្រទះឃើញ​ឧបករណ៍​ធ្វើ​ពី​មាស ភ្លុក​ដំរី ឆ្អឹង និង​សមាសធាតុ​ផ្សេងៗ​ទៀត ជាពិសេស​ឧបករណ៍ប្រើប្រាស់​ប្រចាំថ្ងៃ ចម្លាក់​សត្វ ដើមឈើ ជាដើម​៕





























































Tag:
 សារមន្ទីរ​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com