ជាតិ
សង្គមជាតិ
អង្គការ​ជីវិត​សត្វ​ស្លាប រាប់​ឃើញ​សត្វ​ក្រៀល​ជាង​១០០​ក្បាល នៅ​បឹង​ព្រែក​ល្ពៅ​
03, Jan 2020 , 8:19 pm        
រូបភាព
រូបពី AKP
រូបពី AKP
ដោយ: ថ្មីៗ
​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ (BirdLife) បានធ្វើ​ជំរឿន​សត្វ​ក្រៀល​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ពីថ្ងៃ​ទី​៣០ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ដោយបាន​កត់ត្រា​សត្វ​ក្រៀល​បាន​១០៥​ក្បាល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)​។​


 
​ទិន្នន័យ​អំពី​សត្វ​ក្រៀល​នៅ​បំណាច់​ឆ្នាំ​២០១៩​នេះ គឺ​ប្រហែល​នឹង​ឆ្នាំ​២០១៨​ដែរ ក៏ប៉ុន្តែ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ សង្កេតឃើញថា កង្វះ​ទឹក​នៅ​បឹង​ព្រែក​ល្ពៅ​នៅ​ឆ្នាំ​២០១៩ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​២០១៨​។ តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ជា​តំបន់​ដ៏​សំខាន់​មួយ សម្រាប់​ទ្រទ្រង់​ការរស់នៅ​របស់​សត្វ​ក្រៀល​កម្រ​នៅ​រដូវ​មិន​បន្ត​ពូជ​។​
 
​បើតាម AKP មន្ត្រី​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ការពារ​តំបន់ដីសើម​នេះ ដោយ​មិនត្រូវ​បង្ក​ការរំខាន​ដល់​សត្វ​ឡើយ និង​ជួយ​ទប់ស្កាត់​ការទន្ទ្រាន​យក​ដី​។ តំបន់​ទេសភាព បឹង​ព្រែក​ល្ពៅ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​កោះអណ្ដែត ខេត្តតាកែវ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​តំបន់​អភិរក្ស​កាលពី​ឆ្នាំ​២០១៦ ដោយ​គ្របដណ្ដប់​លើ​ផ្ទៃដី ៨ ៣០៥​ហិកតា​៕

Tag:
 សត្វ​ក្រៀល​
  ព្រែក​ល្ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com