កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ឈរ​លេខ​១​ក្នុងនាម​ក្រុម​លេង​មិន​ចាញ់​យូរ​បំផុត​ទាំង ៥ ក្នុង​ប្រវត្តិសាស្ត្រ EPL
03, Jan 2020 , 8:39 pm        
រូបភាព
​ទម្រង់​លេង​របស់ Liverpool នាពេល​បច្ចុប្បន្ន​គឺ​ពិតជា​ខ្លាំង និង​ពិបាក​នឹង​រក​ក្រុម​ដើម្បី​បញ្ឈប់​ភាពមិន​ចាញ់​របស់​ពួកគេ​ណាស់​នៅក្នុង​ការប្រកួត​ក្របខណ្ឌ​Premier League​។ ហង្ស​ក្រហម​កំពុង​រក្សា​ការមិន​ចាញ់​ក្នុង​រយៈពេល​យូរ​បំផុត​នៅ​លី​គ​កំពូល​អង់គ្លេស ដូចដែល​ក្រុម​៤​ផ្សេងទៀត​សម្រេចបាន​រួចមកហើយ នា​រដូវ​កាល​កន្លងមក​។


 
Liverpool, Manchester United, Manchester City, Chelsea និង Arsenal សុទ្ធតែជា​ក្រុម​ដែល​ត្រូវបាន​ចារ​ក្នុង​ប្រ​វត្ត​សាស្ត្រ Premier League ក្នុងនាម​ក្រុម​រក្សា​ភាពមិន​ចាញ់​យូរ​ជាងគេ​។​
 
​បន្ទាប់ពី​ទទួល​ជ័យជម្នះ​លើ Sheffield United ក្នុង​លទ្ធផល ២-០ សម្រាប់​ជំនួប​សប្តាហ៍​ទី​២០​រួចមក Liverpool បាន​បន្ត​កំណត់ត្រា​មិន​ចាញ់​សោះ​នៅ​រដូវ​កាល ២០១៩-២០ នេះ​។ ជ័យជម្នះ​នេះដែរ ក៏​ជួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Jurgen Klopp ប្រកួត​មិន​ចាញ់​សោះ​រយៈពេល​មួយឆ្នាំ ដែល​ស្មើនឹង ៣៧​ប្រកួត និង​ក្លាយជា​ក្រុម​នៅ Premier League ទី​៣ ដែល​រក្សា​ភាពមិន​ចាញ់​បានយូរ​បំផុត​។ យ៉ាងណាក៏ដោយ Liverpool នៅមាន​ឱកាស​បំបែក​កំណត់ត្រា​នេះ​បន្តទៀត ប្រសិនបើ​ពួកគេ​ឈ្នះ​នៅ​ប្រកួត​ក្រោយៗ​ទៀត​។
​កាំភ្លើង​ធំ Arsenal ជា​ក្រុមទី​១ ដែល​ប្រកួត​មិន​ចាញ់​សោះ​រយៈពេល​យូរ​ជាងគេ​ក្នុង​លី​គ​កំពូល​អង់គ្លេស រហូតដល់​៤៩​ប្រកួត​។ ភាពខ្លាំង​របស់ Arsenal កើតឡើង​ក្រោម​ការដឹកនាំ​របស់លោក Arsene Wenger អំឡុង​ចុងរដូវ​កាល​២០០៣ រហូតដល់​ពាក់កណ្តាល​រដូវ​កាល​២០០៤​។ ចាប់ពី​ថ្ងៃទី ៧ ខែឧសភា ឆ្នាំ​២០០៣ រហូតដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០០៤ ពោល​គឺជា​រយៈពេល​១​ឆ្នាំ​៥​ខែ ដែល Arsenal លេង​មិន​ចាញ់​សោះ​។​
 
​ក្រុម​ដែល​មិន​ចាញ់​រយៈពេល​យូរ​លំដាប់​ទី​២ គឺ Chelsea​។ តោ​ខៀវ​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ចាប់តាំងពី​លោក Jose Mourinho ឡើងជា​អ្នកចាត់ការ​ទូទៅ​នៅ​ឆ្នាំ​២០០៤​។ ចំនួន ៤០​ប្រកួត Chelsea លេង​មិន​ចាញ់​សោះ ដោយ​ប្រើពេល​១​ឆ្នាំ​២០​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០០៤ ដល់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០០៥​។​
 
Man City នៅ​ចំណាត់ថ្នាក់​ទី​៤ ដោយ​រក្សា​ភាពមិន​ចាញ់​សោះ​បាន​ចំនួន​៣០​ប្រកួត ចន្លោះ​ពីថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ ដែលមាន​រយៈពេល​ជិត​៩​ខែ​។ នេះ​ជា​សមិទ្ធផល​របស់​ក្រុម​រហស្សនាម​មេឃ​ខៀវ​ក្រោយ​ការដឹកនាំ​របស់លោក Pep Guardiola ដែល​ជួយ​ក្រុម​លើក​ពាន Premier League នៅ​រដូវ​កាល ២០១៧-១៨ ដោយ​រកបាន​១០០​ពិន្ទុ​។​
Man Utd ជា​ក្រុមទី​៥ ដែល​រក្សា​ភាពមិន​ចាញ់​យូរ​ជាងគេ​ក្នុង​ប្រ​វត្ត​សាស្ត្រ​លី​គ​កំពូល​អង់គ្លេស​។ ២៩​ប្រកួត ដែល​បិសាច​ក្រហម​ក្រោម​ការដឹកនាំ​របស់លោក Alex Ferguson លេង​មិន​ចាញ់ ហើយ​ធ្វើបាន​ដូចគ្នានេះ​ដល់​ទៅ​ពីរលើក​។​
 
Man Utd ធ្វើបាន​លើកដំបូង​ចន្លោះ​ពីថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​១៩៩៨ ដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​១៩៩៩ និង​លើក​ទី​២ ធ្វើបាន​ចាប់ពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១០ ដល់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១១៕
 










Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com