ជាធម្មតា សុធី និងសំណាង ច្រើនជជែកគ្នាពីរឿងសង្គម និងនយោបាយ។ តែនៅព្រឹកថ្ងៃសុក្រនេះ នៅហាងកាហ្វេដដែល សុធី និងសំណាង ជជែកគ្នាពីរឿងគម្រោងចង់រកស៊ីដូចគេដូចឯងដែរ ព្រោះ បច្ចុប្បន្ន មនុស្សម្នាចង់ធ្វើថៅកែរៀងៗខ្លួន។ ទាំង សំណាង និង សុធី សព្វថ្ងៃនេះ កំពុងធ្វើការឲ្យស្ថាប័នរដ្ឋ និងឯកជនផ្សេងៗគ្នា។ តែចុងក្រោយនេះ សុធី ចង់ក្លាយខ្លួនជាថៅកែដោយបោះបង់ប្រាក់ខែច្រើនរយ ឬពាន់ដុល្លារចោល។
សំណាង៖ អា សុធី មុខដូចជាស្រពោនម្ល៉េះ? មានរឿងអីអាសម្លាញ់ថ្ងៃនេះ?
សុធី៖ អត់មានរឿងអីទេអ្ហា។ តែអញធុញនឹងកន្លែងធ្វើការហ្នឹងណា៎។
សំណាង៖ ចុម ប្រាក់ខែរាប់រយ រាប់ពាន់ដុល្លារប៉ុនហ្នឹងហើយធុញទៀត?
សុធី៖ ធ្វើការឲ្យគេ អ្ហែងដឹងអត់? ធ្វើការក្រោមសម្ពាធ គេស្តីឲ្យព្រឹកល្ងាច។
សំណាង៖ សម្ពាធតិចតួចតើ។ តែប្រាក់ខែច្រើនណា៎ អាធី។ ប្រាក់ខែអ្ហែងចិញ្ចឹមគ្រួសារបានជិត១០នាក់ណា៎។ កុំលេងសើចឲ្យសោះ អា ធី។
សុធី៖ អញដឹង។ តែអ្ហែងយល់អារម្មណ៍អញអត់។ ធ្វើការឲ្យគេ វាសម្ពាធ។ វាស្ត្រេស ស្ត្រេស ស្ត្រេស។ អ្ហែងដឹងអត់?
សំណាង៖ អញដឹង។ ចុះអ្ហែងចង់ធ្វើម៉េច?
សុធី៖ អញចង់ឈប់ធ្វើការឲ្យគេ ហើយអញទៅបើកជំនួញខ្លួនឯង។ អញគិតថា ជំនួញខ្លួនឯងអាចមានសេរីភាពជាងមុន អាចរកចំណូលបានច្រើនជាងមុន។ អញអាចដើរលេងបានស្រេចតែនឹងចិត្ត។
សំណាង៖ អា ធី។ ប្រយ័ត្នតិចណា៎។ គេបើកជំនួញបរាជ័យច្រើនណាស់ណា៎? អញប្រាប់អ្ហែងយកបុណ្យទេវ៉ើយ។ ជំនួញបង្កើតថ្មីចំនួន១០០ ជោគជ័យតែ១០ទេវ៉ើយ អា ធី។ អា ធី ពីមុនអញក៏ធុញ និងធ្លាប់គិតដូចអ្ហែងដែរ តែអញធ្លាប់ធ្វើជំនួញបះជើងរួចហើយ។ ជឿអញទៅ មិនខុសទេ។ បើអ្ហែងធ្វើការបានប្រាក់ខែច្រើនហើយ ធ្វើសិនទៅ។ រកស៊ីខ្លួនឯង ពិបាកណាស់។ ហើយមិនងាយចំណេញទៀត។
សុធី៖ អា សំណាង អញអត់ជឿអ្ហែងទេ។ អញឃើញអ្នករកស៊ីមានលុយគ្រប់គ្នា។ អ្នកធ្វើការឲ្យគេមិនអាចក្លាយជាអ្នកមានបានទេ។
សំណាង៖ អា ធី អញធ្លាប់បួសមុនអ្ហែង។ អញស៊ីអំបិលច្រើនជាងអ្ហែងស៊ីបាយ។ អញធ្លាប់រកស៊ីបះជើងរួចហើយ មិត្តភក្តិអញច្រើនណាស់ ក៏បះជើងដែរ។ អ្នកផ្សេងទៀតក៏បះជើងដែរ។ រកស៊ីមិនស្រួលទេណា៎ អា ធី។
សុធី៖ (គិតបន្តិច តែមិនជឿសម្តី អា សំណាងឡើយ)។ អា សំណាង អញមិនអាចគិតថយក្រោយវិញបានឡើយ ព្រោះ អញប្រាប់ប្រធានក្រុមហ៊ុនអញរួចហើយថា អញនឹងឈប់ធ្វើការចាប់ពីថ្ងៃស្អែកនេះទៅ។
សំណង៖ អើ បើអ៊ីចឹងតាមដំណើរទៅចុះ…។
ព្រឹកនេះ សំឡាញ់ទាំងពីរ តឹងសសៃកដាក់គ្នាបន្តិច។ តែពួកគេទាំងពីរនាក់បែកគ្នាពីហាងកាហ្វេនៅម៉ោង១១ព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០២០ ហើយទាំងពីរនាក់សន្យាជួបគ្នានៅថ្ងៃក្រោយបន្តទៀត៕