ជាតិ
ធម្មសភាអាយុកាល៧០ឆ្នាំនៅវត្តយាយទេព ត្រូវកម្ទេចចោល ដោយសារចាស់ទ្រុឌទ្រោម
× ធម្មសភាឬធម្មមន្ទីរ នៃវត្តទេពធីតារាម (វត្តលោកយាយទេព) ក្នុងខេត្តកំពង់ឆ្នាំង ដែលកសាងឡើងតាំងពីអំឡុងឆ្នាំ១៩៥០ និងមានសភាពចាស់ទ្រុឌទ្រោមហើយនោះ ត្រូវបានវាយកម្ទេចចោល ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ដោយយថាហេតុមួយ។
ព្រះអង្គ ចន្ទជោតោ ឆន ឆុង ព្រះចៅអធិការវត្តលោកយាយទេព មានថេរដីកាថា ធម្មសភានេះ មានពីជាន់ គឺជាកន្លែងប្រជុំពិភាក្សាកិច្ចការផ្សេងៗរបស់ព្រះសង្ឃ។ ក្នុងបទសម្ភាសជាមួយប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ព្រះអង្គ មានសង្ឃដីកាថា ព្រះអង្គ ធ្លាប់បានពិភាក្សាជាមួយអភិបាលខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តរួចមកហើយ ទើបសម្រចវាយកម្ទេចធម្មសភានេះ។
ព្រះអង្គ បញ្ជាក់ដូច្នេះថា៖«ដោយគិតពីបញ្ហាចាស់ទ្រុឌទ្រោម ខ្លាចបង្កឲ្យមានគ្រោះថ្នាក់ ទើបសម្រេចវាយចោលធម្មមន្ទីរនេះចោល ហើយកសាងថ្មីឡើងវិញ»។ ជាមួយគ្នានេះដែរ ព្រះអង្គ បាន លើកឡើងថា នៅវត្តលោកយាយទេព មានបណ្ណាល័យនិងព្រះវិហារ ដែលបានកសាងឡើងតាំងពីសម័យបារាំង។
ប្រជាពលរដ្ឋខ្មែរទូទៅ បានស្គាល់វត្តលោកយាយទេពនេះ តាមរយៈបទចម្រៀង «ចម្ប៉ាផ្សារលើ» របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត៕
រូបភាពពីទំព័រហ្វេសប៊ុករបស់វត្តទេពធីតារាម កំពង់ឆ្នាំង៖
Tag:
វត្ដលោកយាយទេព
ធម្មមន្ទីរ
© រក្សាសិទ្ធិដោយ thmeythmey.com