កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ជួយ Derby យកឈ្នះ Barnsley ក្នុងការ​បង្ហាញខ្លួន​ដំបូង​នៅ​លី​គ​ទី​២​អង់គ្លេស​
03, Jan 2020 , 4:38 pm        
រូបភាព
Wayne Rooney ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុម​ដើម្បី​ដឹកនាំ Derby County ក្នុងការ​បង្ហាញខ្លួន​ដំបូង ដោយ​យកឈ្នះ Barnsley ២-១ ក្នុងការ​ប្រកួត​ក្របខណ្ឌ Championship នៅ​រាត្រី​ថ្ងៃទី​២ ខែមករា​។​


 
​អតីត​តារា​ឆ្នើម​របស់ Manchester United រូបនេះ បាន​ដើរតួ​ជា​កីឡាករ និង​គ្រូបង្វឹក​ផង​សម្រាប់​ក្រុម​រហស្សនាម​ចៀម​ស ក្រោយ​ព្រម​ព្រៀម​ចាក​ចេញពី​ក្រុម DC United នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​អាមេរិក (MLS) កាលពី​ខែសីហា​។​
 
​កីឡាករ Jack Marriott និង Martyn Waghorn រកបាន​ម្នាក់​១​គ្រាប់​ឲ្យ Derby ខណៈ​១​គ្រាប់​របស់ Barnsley សម្រេចបាន​ដោយ​កីឡាករ Elliot Simoes​។ នេះ​ក៏​ជាការ​បង្ហាញខ្លួន​រយៈពេល ៩០​នាទី​លើកដំបូង​របស់ Rooney ផងដែរ ចាប់តាំងពី​លេង​ក្នុង​ប្រកួត play-off ឲ្យ​ក្រុម DC United នៅ​ចុងខែ​តុលា​។​
 
​ជ័យជម្នះ ២-១ នេះ​បាន​ជួយ Derby កើន​ដល់​៣៣​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៧​ក្នុង​តារាង​លី​គ​កម្រិត​ទី​២​អង់គ្លេស​បណ្តោះអាសន្ន​។​
 
​អតីត​ខ្សែបម្រើ និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស វ័យ​៣៤​ឆ្នាំ​រូបនេះ បានបង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង​ជាមួយ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់គេ​សម្រាប់​ក្រុម DC United ដោយ​អាច​ស៊ុត​បញ្ចូល​ទី​២៣​គ្រាប់ ក្នុងការ​ប្រកួត​៤១​លើក​។ Rooney បាន​ចាក​ចេញពី Everton ទៅ​ចូលរួម​ជាមួយ​ក្រុម​នៅ MLS កាលពី​ខែកក្កដា ឆ្នាំ​២០១៨​។​
​ជំនួប​បន្ទាប់ Derby ត្រូវ​តទល់​ជាមួយ​ក្រុម Middlesbrough៕

Tag:
 Championship
  Derby County
  Wayne Rooney
© រក្សាសិទ្ធិដោយ thmeythmey.com