ជាតិ
បាក់អគារនៅកែប៖ ត្រឹមម៉ោង៨:៤០នាទីយប់ រកឃើញជនរងគ្រោះ១៩នាក់ ដោយ៤នាក់បានស្លាប់
03, Jan 2020 , 8:41 pm        
រូបភាព
គិតត្រឹមម៉ោង៨:៤០នាទីយប់ថ្ងៃទី៣ ខែមករានេះ សមត្ថកិច្ច បានរកឃើញជនរងគ្រោះ១៩នាក់ហើយ និងបានយកចេញពីគំនរអគារ៧ជាន់ ដែលបាក់រលំនៅក្រុងកែប។ នេះជាការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាល ដែលបានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងចំណោមអ្នកទាំង១៩នាក់ មាន៤នាក់ (ស្រី៣នាក់) បានស្លាប់។



ចំពោះអ្នកនៅមានជីវិត សមត្ថកិច្ច បញ្ជូនទៅសង្គ្រោះភ្លាមៗ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅដល់ខេត្តកែប និងបានឈានចូលទៅចូលមើលជនរងគ្រោះ នៅមន្ទីរពេទ្យ មុននឹងធ្វើដំណើរទៅកាន់កន្លែងបាក់អគារ ដែលស្ថិតនៅក្បែរវត្តសមាធិ។  

ចំណែក លោក​គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានគេឃើញ កំពុងបញ្ជាកម្លាំង រុករកជនរងគ្រោះ។ លោក កែ​វ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ជនរងគ្រោះទាំងអស់ ដែលស្ថិតក្នុងអគារបាក់រលំនោះ មានប្រហែលពី២០ទៅ៣០នាក់។ 

អគារនោះ បានបាក់រលំនៅល្ងាចថ្ងៃទី៣ ខែមករា៕

Tag:
 រលំអគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com