ខ្សែបម្រើឆ្នើម ច្រឹង ពលរដ្ឋ បានចុះកិច្ចសន្យាលេងឲ្យក្លិបវិសាខា សម្រាប់រដូវកាលឆ្នាំ២០២០-២០២១។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបវិសាខា ដែលទើបបន្តកិច្ចសន្យាជាមួយកីឡាករចំនួន១៨រូប។ ពលរដ្ឋ ត្រូវជួយក្លិបបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ក្នុងលីគកំពូលឆ្នាំ២០១៩មួយនេះ ប្រជែងដណ្តើមជើងឯកក្នុងពានរង្វាន់លីគកំពូល និងពានសម្តេច ហ៊ុន សែន។
ក្រោយចែកផ្លូវជាមួយក្លិបក្រសួងការពារជាតិកាលពីដើមខែធ្នូ ឆ្នាំ២០១៩ កីឡាករ ច្រឹង ពលរដ្ឋ រកឃើញទ្រនំថ្មីហើយ គឺចូលរួមជាមួយក្លិបបាល់ទាត់វិសាខា។ ពលរដ្ឋ បានចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ដំបូង ដោយជាយុវជនរបស់ក្រសួងការពារជាតិពីឆ្នាំ២០០៨-២០១០។ បន្ទាប់មករូបគេផ្លាស់ទៅចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងពីឆ្នាំ២០១០-២០១៣ មុនផ្ទេរទៅរួមរស់ជាមួយក្លិបត្រាយអាស៊ីភ្នំពេញ(អង្គរថាយហ្គឺរ)ពីឆ្នាំ២០១៣-២០១៥។
កីឡាករ៩រូបក្នុងចំណោម១៨រូប ដែលបន្តកិច្ចសន្យាជាមួយវិសាខា, រូបភាពពីក្លិបវិសាខា
កីឡាករវ័យ២២ឆ្នាំរូបនេះ បានត្រឡប់មកចូលរួមជាមួយក្រសួងការពារជាតិជាថ្មីចាប់ពីឆ្នាំ២០១៥-២០១៨។ នៅដើមរដូវកាលឆ្នាំ២០១៩ រូបគេ បានចុះកិច្ចសន្យាលេងឲ្យក្លិបក្របខណ្ឌលីគកំពូលថៃ Buriram United។ ប៉ុន្តែដោយសារបញ្ហារបួសជង្គង់ធ្វើឲ្យគេបាត់បង់ឱកាសលេងឲ្យក្លិបលំដាប់កំពូលរបស់ថៃមួយនេះ ហើយក៏ត្រឡប់មកចូលរួមជាមួយក្រសួងការពារជាតិ។
ពលរដ្ឋ បានក្លាយជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំនៅឆ្នាំ២០១១ និងជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំនៅឆ្នាំ២០១៥ មុនក្លាយជាចំណែកក្នុងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំនៅឆ្នាំ២០១៧។ តាមពិតខ្សែបម្រើរូបនេះ បានក្លាយជាសមាជិកក្រុមជម្រើសជាតិនៅឆ្នាំ២០១៥ ដោយបង្ហាញខ្លួនបាន២៣លើករកបាន២គ្រាប់។
ដើម្បីត្រៀមប្រជែងដណ្តើមជើងឯកក្នុងពានរង្វាន់លីគកំពូល និងពានសម្តេច ហ៊ុន សែន ក្នុងរដូវកាលឆ្នាំ២០២០-២០២១ វិសាខា បានបន្តកិច្ចសន្យាជាមួយករជើងចាស់ និងយុវជនឆ្នើមចំនួន១៨រូប។ កីឡាករទាំងនេះរួមមានខ្សែប្រយុទ្ធ កែវ សុខផេង, កែវ សុខសិលា, រស់ សំអឿន, ង៉យ ស្រ៊ីន, ទិត្យ ឌីណា, ឆេង ម៉េង, សារី ម៉ាត់ណូរ៉ូទីន, ម៉ាត់ សាក់រវី, ស៊ិន កក្កដា, អ៊ិន សូដាវីដ, ទៀត គឹមហេង, សាន គឹមហេង, គីម ឆៃយ៉ា, ផុន តៃនិញ, ឡុង ម៉េងហាវ, កែន ច័ន្ទសុភ័ក្ត្រ, ស៊ិន សុផាណាត់ និង អ៊ុក សុវណ្ណ៕