ONE Championship
កីឡាជាតិ
ជាតិ
Stamp Fairtex ប្តេជ្ញា​យកឈ្នះ Puja Tomar លើស​ង្វៀន ONE នៅ​បាងកក​
04, Jan 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​
​ម្ចាស់​ខ្សែក្រវាត់​ពីរ​ស្ថាប័ន Stamp Fairtex នឹង​ចាប់ផ្ដើម​ឆ្នាំ​២០២០ ដោយ​ជួប​កីឡាការិនី​ឥណ្ឌា​ជំនាញ​វូ​ស៊ូ Puja Tomar រហស្សនាម «The Cyclone» នៅ​ថ្ងៃ​សុក្រ​ទី​១០ ខែមករា ក្នុងការ​ប្រកួត​គុន​ចម្រុះ នា​ការប្រកួត​ក្នុង​កម្មវិធី A NEW TOMORROW ដែល​រៀបចំឡើង​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​។ ជំនួប​នេះ នឹង​ក្លាយជា​ស្ពាន​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​ទី​៣ កម្រិត​ពិភពលោក​របស់ Fairtex នៅ​ថ្ងៃ​ខាងមុខ​ផងដែរ​។

 
Stamp ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Atomweight Kickboxing និង Muay Thai World Champion ទទួលជោគជ័យ​យ៉ាង​ធំធេង​នៅ​ឆ្នាំ ២០១៩​។ កីឡាការិនី​វ័យ​២២​ឆ្នាំ បង្កើត​លទ្ធផល​ល្អ​នៅ​ឆ្នាំ​២០១៩ ក្នុងការ​ប្រកួត​គុន​ចម្រុះ​ដោយ​ឈ្នះ កីឡាការិនី​ឥណ្ឌា Asha Roka និង​កីឡាការិនី​កូនកាត់​វៀតណាម​-​អាមេរិក  Bi Nguyen​។ ការប្រកួត​ទល់ Tomar នៅ​សង្វៀន Impact Arena នា​ប្រទេស​ថៃ​នឹង​ផ្ដល់ឱកាស​ដ៏​កម្រ​សម្រាប់​អ្នកគាំទ្រ​នៅក្នុង​ស្រុក​។ 
 
Stamp ថ្លែងថា​៖«​ខ្ញុំ​រីកចម្រើន​ច្រើន​ខាង​ក្បាច់គុន​ចម្រុះ​។ ខ្ញុំ​ល្អ​ជាង​អ្នកផ្សេង នៅ​ចំណុច​មួយចំនួន​។ ខ្ញុំ​មាន​អារម្មណ៍ល្អ នៅពេល​ប្រកួត​ក្នុង​ជំហរ​។ តែ​ខ្ញុំ​មិនទាន់មាន​បទពិសោធន៍​ច្រើន​នោះទេ​។ ការប្រកួត នឹង​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ការធ្វើ​តេស្ត និង​អភិវឌ្ឍ​ខ្លួន​»​។ 
 


​បែបណា​ក្ដី Tomar ជា​កីឡាការិនី​គំរាមកំហែង​គូប្រកួត​ដ៏​ល្អ នាពេល​កន្លងមក​។ ជើង​ខ្លាំង​ជំនាញ វូ​ស៊ូ មកពី​ឥណ្ឌា​វ័យ​២៦​ឆ្នាំ​មកពី Muzaffarnagar បាន​ផ្លាស់ប្ដូរ​មក​ប្រកួត​គុន​ចម្រុះ​នៅ​ឆ្នាំ ២០១៣​។ 
 
​ក្រោយពេល​ចូលរួម ONE Championship កីឡាការិនី «The Cyclone» បង្កើត​ជ័យជម្នះ​យ៉ាង​ធំធេង បាន​យកឈ្នះ​កីឡាការិនី​ឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol  កាល​ខែមករា​កន្លងទៅ​។ Tomar ទទួលបាន​បទពិសោធ​ន៍​ច្រើនជាង Stamp ក្នុងការ​ប្រកួត​គុន​ចម្រុះ​។ នេះ​ជាការ​ប្រកួតប្រជែង​ដ៏​ខ្លាំង​មួយ រវាង​កីឡាការិនី​ទាំងពីរ​។​«​ខ្ញុំ​មិនដែល​មើលងាយ​គូប្រកួត​របស់ខ្ញុំ​ទេ​។ Puja ជា​កីឡាការិនី ជើងឯក​វូ​ស៊ូ​។ Puja មាន​ក្បាច់​ចូល​ច្បាប់​ល្អ​។ គេ​ពិតជា​មិនអាច​ទស្សន៍ទាយ​ដឹង​ទេ ឬ​ស្មានដឹង​ទេ ហើយ​បម្លាស់​ទី​ល្អ និង​បង្កើត​សកម្មភាព​រហូត​»​។ ម្ចាស់​ខ្សែក្រវាត់ ONE World Champion ពីរ​ស្ថាប័ន​រៀបរាប់​បែបនេះ​។ 
 
Stamp គូសបញ្ជាក់​ទៀតថា​៖«​ដៃគូ​របស់ខ្ញុំ​បានដឹង​ច្បាស់​ថា ខ្ញុំ​រឹង​ចំពោះ​ប្រកួត​ឈរ​។ គេ [Tomar] អាច​នឹង​ចូលចាប់​ខ្ញុំ​ផ្ដួល​។ ដូច្នេះ​ខ្ញុំ​ធ្វើ​ការងារ​ខ្លាំង ទាំង​ការការពារ​ចូលចាប់ និង​ការចាប់​ផ្ដួល​។ គម្រោង​របស់ខ្ញុំ​សាមញ្ញៗ គឺ​ប្រកួត​ក្នុង​ជំហរ​, ប្រើ​ក្បាច់​មួយ​ថៃ និង​ការពារ​កុំ​ឲ្យ​គេ​ចាប់បាន​។ បើសិនជា​គេ​ចូលចាប់​ផ្ដួល ខ្ញុំ​អាច​ទប់ទល់​បាន​។ ខ្ញុំ​ក៏មាន​ទំនុកចិត្ត ពី​ការប្រកួត​នៅ​ជំហរ​ដេក ហើយ​ខ្ញុំ​ដឹងថា​ខ្ញុំ​ពូកែ​គ្រប់គ្រាន់​»​។ 

  
 
Stamp ក៏​ប្រកួត​បានល្អ​ដែរ ក្នុង​ជំហរ​ដេក​នាពេល​កន្លងទៅ ពេល​ឈ្នះ Roka ដែលជា​មិត្ត​រួម​ជាតិ​របស់ Tomar នៅ​សង្វៀន ONE: DREAMS OF GOLD កាល​ខែ សីហា​។ វីរនារី​របស់​ថៃ​បានបញ្ចប់​គូប្រកួត ដោយ​ប្រើ​ក្បាច់​គាប​ដៃ លើក​កីឡាការិនី​រហស្សនាម «Knockout Queen» ឲ្យ​ចុះចាញ់​នៅ​ទឹក​ទី​៣​។ 
 
​បន្ទាប់មក​កីឡាការិនី​ថៃ យកឈ្នះ​កីឡាការិនី​វៀតណាម Nguyen នៅ​សង្វៀន ONE: MASTERS OF FATE កាល​ខែ វិច្ឆិកា​។ កីឡាការិនី​មកពី​ក្លិប Fairtex បាន​ប្រើ​ជង្គង់​ទាត់​យ៉ាងខ្លាំងៗ និង​ក្បាច់​ម៉ាត់​ចំៗ ដើម្បី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ លើ​Nguyen​។ បើសិន Stamp អាច​ផ្ដួល Tomar នោះ​ម្ចាស់​ខ្សែក្រវាត់​មកពី​ថៃ កាន់តែ​ខិតជិត​ទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Women’s Atomweight World Champion​។ 
 
«​នេះ​ជាការ​ប្រកួត​សំខាន់​សម្រាប់​ខ្ញុំ​។ ដូច្នេះ​នេះ​ជា​ឱកាស​របស់ខ្ញុំ ដើម្បី​អភិវឌ្ឍ​ខ្លួន ក្នុង​ក្បាច់គុន​ចម្រុះ​។ Angela Lee ជា​ម្ចាស់​ខ្សែក្រវាត់​។ ឱកាស​របស់ខ្ញុំ ប្រកួត​ទល់នឹង Lee ជាគោលការណ៍​ឈ្នះៗ​សម្រាប់​ខ្ញុំ​»​។ តារា​របស់​ថៃ​រំលឹក​បែបនេះ​។ 

  
 
​បែបណាក៏ដោយ Stamp មាន​ផលចំណេញ​នៅ​ដើមខែ​មករា​ខាងមុខ ដោយសារ​មាន​មិត្ត​ភ័​ក្ដ  គ្រួសារ និង​អ្នកគាំទ្រ​ជាច្រើន​បាន​ទៅ​គាំទ្រ ព្រោះ​វា​ជាការ​ប្រកួត​នៅក្នុង​ប្រទេស​កំណើត​។ នារីក្លាហាន​របស់​ថៃ សច្ចា​ថា នាំយក​ជ័យជម្នះ​ជូន មិត្ត​ភ័ក្ដិ គ្រួសារ និង អ្នកគាំទ្រ​នាពេលខាងមុខ​។ Stamp សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​ស្រលាញ់​ការប្រកួត​នៅ​ថៃ​។ ប៉ា​ម៉ាក់​របស់ខ្ញុំ និង គ្រួសារ​របស់ខ្ញុំ​នឹង​មក​ទស្សនា ហើយ​ខ្ញុំ​មានការ​គាំទ្រ​ច្រើនណាស់​។ ខ្ញុំ​ត្រូវតែ​ឈ្នះ ប៉ុន្តែ​ខ្ញុំ​នឹង​រៀបចំខ្លួន​ដោយ​របៀប​ណា​? ខ្ញុំ​មិនទាន់​ដឹង​ទេ​ពេលនេះ តែ វា​អាស្រ័យ​លើ​ការប្រកួត​ជាក់ស្ដែង​»​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com