សង្គមអន្តរជាតិ​
អន្តរជាតិ
សត្វ​ជិត​៥០០​លាន​ក្បាល​ងាប់ ក្រោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​អស់បី​ខែ
04, Jan 2020 , 11:21 am        
រូបភាព
ដោយ:
 
សត្វ​ជិត ៥០០​លាន​ក្បាល ត្រូវគេ​ជឿជាក់ថា បាត់បង់​ជីវិត​ក្នុង​ភ្លើង​ឆេះ​ព្រៃ​ដែល​បន្ត​រាលដាល​ជុំវិញ​ប្រទេស​អូស្ត្រាលី​។ តួលេខ​នេះ គឺ​គិត​ចាប់ពី​ភ្លើង​ឆេះ​ព្រៃ​នេះ ចាប់ផ្តើម​កាលពី​ខែ កញ្ញា ឆ្នាំ​២០១៩​។ រដ្ឋមន្ត្រី​បរិស្ថាន​អូស្ត្រាលី អះអាងថា សត្វ​ខ្លាឃ្មុំ​អូស្ត្រាលី (Koalas) បាត់បង់​៣០​ភាគរយ​ក្នុង​ហេតុការណ៍​នេះ​។​

 
​ក្រុម​អ្នក​អេកូឡូស៊ី បរិស្ថាន​ប្រចាំ​សាកលវិទ្យាល័យ Sydney បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​អូស្ត្រាលី News.com.au ដូច្នេះ​ថា តាម​ការប៉ាន់ស្មាន​ថនិកសត្វ បក្សី និង​សត្វ​ល្មូ​ន​ប្រមាណ ៤៨០ លាន​ក្បាល​បាន​ងាប់​នៅក្នុង​ភ្លើង​ឆេះ​ព្រៃ ដែល​កំពុង​បន្ត​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​ជុំវិញ​អូស្ត្រាលី ចាប់តាំងពី​កញ្ញា ឆ្នាំ​២០១៩ មក​។ យោងតាម​ការចុះផ្សាយ​សារព័ត៌មាន Independent សត្វ ៨ ពាន់​ក្បាល ដែល​ជឿថា​បាន​ងាប់​ក្នុងចំណោម​នោះ​គឺ សត្វ​ខ្លាឃ្មុំ​អូស្ត្រាលី (Koalas) ។​
 
​គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែមករា ឆ្នាំ​២០២០ ភ្លើង​ជាង ១៣០ ចំណុច កំពុង​ឆាបឆេះ​ក្នុង​រដ្ឋ New South Wales និង Victoria ។ ភ្លើង​ដ៏​សាហាវ​នេះ បាន​បំផ្លិចបំផ្លាញ​ដី​ប្រមាណ ៩,៩ លាន​ហិកតា នៅ​ជុំវិញ​រដ្ឋ​ចំនួន​៥​របស់​អូស្ត្រាលី​។ យ៉ាងតិចណាស់ មនុស្ស ១៨ នាក់​បាន​ស្លាប់ ក្នុង​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​នេះ ហើយ​ផ្ទះសំបែង​ប្រមាណ ១៤០០ បាន​ឆេះ​ខ្ទេចខ្ទី​។ តាម​ប្រភពព័ត៌មាន​ក្នុងស្រុក​ដដែល សត្វ​ដែល​រស់នៅក្នុង​តំបន់​ទាំងនោះ គឺ​រួមមាន សត្វ​ខ្លាឃ្មុំ​អូស្ត្រាលី (Koalas), សត្វ​កង់​ហ្គូ​រូ , សត្វ Possum, សត្វ Wombat និង​សត្វ Echidnas ។ 
 
​ប្រាប់​សារព័ត៌មាន​អូស្ត្រាលី ABC នៅ​ថ្ងៃ​សុក្រ ទី​៣ ខែមករា រដ្ឋមន្ត្រី​បរិស្ថាន​អូស្ត្រាលី អ្នកស្រី Sussan Ley បាន​បញ្ជាក់ថា សត្វ​ខ្លាឃ្មុំ​អូស្ត្រាលី (Koalas) ដល់ ៣០ ភាគរយ ក្នុង​រដ្ឋ New South Wale ត្រូវបាន​សម្លាប់​ព្រោះ​ភ្លើង​ឆេះ​ព្រៃ​នេះ​។ 
 
​កន្លងទៅ អ្នកជំនាញ​អេកូឡូស៊ី លោក Mark Graham នៃ​ក្រុមប្រឹក្សា​អភិរក្ស​ធម្មជាតិ​អូស្ត្រាលី បាន​ប្រាប់​សភា ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ ថា សត្វ​ខ្លាឃ្មុំ Koalas មិនមាន​លទ្ធភាព​រត់​លឿន​គ្រប់គ្រាន​ដើម្បី​គេច​ផុតពី​ភ្លើង​ឆេះ​ព្រៃ​ឡើយ ។ ម្យ៉ាងទៀត សត្វ​ប្រភេទ​នេះ ស៊ី​ស្លឹកឈើ​ជា​អាហារ ប៉ុន្តែ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ ពួកវា​លែងមាន​អ្វី​ស៊ី​បន្តទៀត​។ 
 
​សូមបញ្ជាក់ថា រដ្ឋាភិបាល​អូស្ត្រាលី កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បានដាក់​ពង្រាយ​នាវា និង​យន្តហោះ​យោធា ដើម្បី​ប្រមូលផ្តុំ​មនុស្ស​ឲ្យ​នៅ​ជុំគ្នា​, នាំយក​ទឹក អាហារ និង​ប្រេងឥន្ធនៈ​ទៅកាន់​ក្រុង​ដែល​ខ្វះ​ការផ្គត់ផ្គង់​ហើយ​ផ្លូវ​ត្រូវបាន​កាត់ផ្ដាច់​ព្រោះ​ភ្លើង​ជាដើម​។ 
 
​រដូវ​កាល​ភ្លើង​ឆេះ​ព្រៃ​ក្នុងប្រទេស​អូស្ត្រាលី អាច​បំបែក​កំណត់ត្រា​អាក្រក់​ខ្លាំង​បំផុត​ថ្មី ជាមួយ​កម្រិតរ​លកក​ម្ដៅ និង​ផ្សែង​ពុល​ខ្លាំង ដែល​ក្រុមគ្រូពេទ្យ​ព្រមាន​ថា​ជា​«​ភាពអាសន្ន​សុខភាព​សាធារណៈ​»​។ ប្រជាជន​អូស្ត្រាលី​ជាច្រើន កំពុង​ធ្វើបាតុកម្ម​ប្រឆាំង​នាយករដ្ឋមន្ត្រី​អភិរក្សនិយម Scott Morrison ដែល​ខ្វះ​ចំណាត់ការ​ដែលមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ។ កាលពី​ខែ​មុន លោក បាន​បដិសេធ​កាត់បន្ថយ​ចំនួន​ឧស្សាហកម្ម​ធ្យូងថ្ម​របស់​ប្រទេស ព្រោះ​វា​រកចំណូលបាន​ច្រើន​៕
 
 
 

Tag:
 អូស្ត្រាលី​
  ភ្លើង​ឆេះ​ព្រៃ​
  សត្វ​
© រក្សាសិទ្ធិដោយ thmeythmey.com