ពីនេះ ពីនោះ
ត្រីចង្វាអង្គរ៖ អ្នកវិទ្យាសាស្ត្ររកឃើញវាដំបូងនៅតំបន់អង្គរ ទើបដាក់ឈ្មោះថា «ត្រីចង្វាអង្គរ» ត្រីចង្វាអង្គរ។ រូបភាព៖ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមដកស្រង់ត្រីមានស្រកាមួយប្រភេទចេញពីប្រភព៖ មគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា, fishbase.org និង iucnredlist.org ដែលមានរស់នៅក្នុងទឹកសាបនៃទន្លេមេគង្គ អាងទន្លេចៅប្រាយ៉ា និងឧបទ្វីបម៉ាឡាយូក្នុងតំបន់អាស៊ី។
ត្រីចង្វាអង្គរ មានឈ្មោះវិទ្យាសាស្ត្រ (Garra cambodgiensis) និងឈ្មោះជាភាសាអង់គ្លេស Stonelapping minnow មានស្តង់ដាប្រវែងដងខ្លួនអតិបរមា ១៥ ស.ម។ ត្រីចង្វាអង្គរ មានរស់នៅក្នុងទីជម្រកដែលនៅបាតក្រោមមានថ្ម និងទឹកជួរ ជាពិសេស តំបន់ភ្នំដែលមានទឹកធ្លាក់ហូរចូលអូរ ឬស្ទឹង។ ជាប្រភេទត្រីដែលគ្មានតម្លៃសេដ្ឋកិច្ច ត្រីចង្វាអង្គរ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញដំបូងនៅតំបន់អង្គរ ទើបគេសន្មត់ដាក់ឈ្មោះវាថា «ត្រីចង្វាអង្គរ» តែម្តងទៅ។ ត្រីចង្វាអង្គរ មានបីប្រភេទគឺ៖ ១-ត្រីចង្វាអង្គរ ២- ត្រីចង្វាអង្គរភ្នំ និង ៣-ត្រីចង្វាអង្គរមុខពីរ។ ត្រីប្រភេទនេះ ស៊ីប្លង់តុងសត្វ ប្លង់តុងរុក្ខជាតិ និងសត្វល្អិតជាអាហារ។ ត្រីចង្វាអង្គរ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List Least Concern (LC) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីដែលមានការព្រួយបារម្ភតិចតួច ដែលថា វានឹងអាចឈានទៅផុតពូជនោះ។
លក្ខណៈសម្គាល់៖
ព្រុយខ្នងគ្មានទ្រនុងរឹង តែមានទ្រនុងទន់ចំនួន៨ទ្រនុង មានឆ្នូតកាត់ទទឹង។ មានពុកមាត់។ បបូរមាត់ស្ថិតនៅផ្នែកខាងក្រោម រាងមូលសំប៉ែត។ មានឆ្នូតខ្មៅស្ថិតនៅចំខ្សែឆ្នូតចំហៀងដងខ្លួន។ ស្រកានៅលើខ្សែឆ្នូតចំហៀងដងខ្លួនមានចំនួន ៣២-៣៥ ស្រកា។ មានដុំពកតូចៗ នៅចន្លោះពីមាត់ដល់ភ្នែក។
បញ្ហាប្រឈមចំពោះត្រីប្រភេទនេះ មានដូចជា៖
ការបាត់បង់ទីជម្រក និងការនេសាទហួសកម្រិត គឺជាកត្តាគម្រាមកំហែងដ៏មានសក្តានុពលដល់ពួកវា។ ប៉ុន្តែ ត្រីប្រភេទនេះ ពុំមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចឡើយ នាពេលបច្ចុប្បន្ននេះ។
© រក្សាសិទ្ធិដោយ thmeythmey.com