អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតី ត្រាំ៖ សម្លាប់ Soleimani គឺដើម្បី «បញ្ឈប់សង្គ្រាម» លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងអំឡុងសន្និសីទព័ត៌មាន នៅរដ្ឋ Florida នៅថ្ងៃ ៣ មករា ២០២០(AFP)
× លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់ Qasem Soleimani ក្នុងគោលដៅបញ្ឈប់សង្គ្រាម ដោយពុំមែនចាប់ផ្តើមវាឡើយ។ ជាមួយគ្នានេះ មេដឹកនាំរូបនេះ អះអាងថា លោកក៏គ្មានបំណងផ្តួលរំលំរដ្ឋាភិបាលអ៊ិរ៉ង់ផងដែរ។ ខណៈភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់កាន់តែឡើងកម្ដៅ សហរដ្ឋអាមេរិកបានបញ្ជូនទ័ពរាប់ពាន់នាក់បន្ថែមទៀតទៅកាន់ប្រទេសមជ្ឈិមបូព៌ាមួយនេះ កាលពីថ្ងៃសុក្រ ៣ មករា ក្រោយអ៊ីរ៉ង់ប្តេជ្ញាសងសឹកធ្ងន់ធ្ងរ។
ពីរដ្ឋ Florida ក្នុងសន្និសីទព័ត៌មានមួយ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ Soleimani ត្រូវបានសម្លាប់ចោល នៅពេលលោកបានប៉ុនប៉ង់វាយប្រហារលើមន្ត្រីទូតអាមេរិក។ យ៉ាងណាមិញ មេដឹកនាំអាមេរិករូបនេះ បញ្ជាក់ជំហរថា ក្រុងវ៉ាស៊ីនតោន ពុំមានបំណងផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ឡើយ។
«Soleimani បានរៀបចំផែនការវាយប្រហារដ៏អាក្រក់លើមន្ត្រីទូតអាមេរិក និងកងទ័ពអាមេរិក ក៏ប៉ុន្តែយើងបានទប់ស្កាត់សកម្មភាពរបស់បុគ្គលនេះ»។ លោក ដូណាល់ ត្រាំ លើកឡើងបែបនេះ ដោយបន្ថែមថា រជ្ជកាលនៃភេរវកម្មរបស់ឧត្តមសេនីយ៍ Soleimani បានបញ្ចប់ត្រឹមនេះ ក្រោយការវាយប្រហារតាមដែនអាកាសនៅព្រលានយន្តហោះក្រុងបាដាដក្នុងប្រទេសអ៊ីរ៉ាក់ នៅថ្ងៃសុក្រ។ លោក សង្កត់ធ្ងន់ថា លោក Soleimani គួរត្រូវបានសម្លាប់តាំងពីច្រើនមកហើយ។
ទំនងជាចង់បន្ធូរបន្ថយភាពតានតឹងជាមួយក្រុង តេហេរ៉ង់ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ជំហរថា លោកពុំចង់បង្កាត់សង្គ្រាមជាមួយអ៊ីរ៉ង់នោះឡើយ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ សង្កត់ធ្ងន់ថា៖«យើងពុំធ្វើសកម្មភាពនេះដើម្បីបង្កាត់ភ្នក់ភ្លើងសង្គ្រាមមួយឡើយ។ យើងក៏មិនចង់ការផ្លាស់ប្តូររបបផងដែរ»។
ការសម្លាប់បុគ្គលដ៏មានឥទ្ធិពលបំផុតទី២នៅអ៊ីរ៉ង់បែបនេះ ប្រៀបដូចជាការចាក់សាំងលើភាពតានតឹងដែលមានស្រាប់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ក្រោយមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានព្រមានសងសឹកធ្ងន់ធ្ងរប្រឆាំងសហរដ្ឋអាមេរិក សហរដ្ឋអាមេរិក បានសម្រេចបញ្ជូនកងទ័ព៣ពាន់នាក់បន្ថែមទៀតទៅកាន់ប្រទេសមជ្ឈិមបូព៌ាមួយនេះដើម្បីតាមដានស្ថានការណ៍។ គេប៉ាន់ស្មានថា បច្ចុប្បន្ននេះ កងទ័ពអាមេរិកប្រមាណ ៥២០០ នាក់ កំពុងឈរជើងក្នុងប្រទេសអ៊ីរ៉ង់។ ទន្ទឹមនេះ ស្ថានទូតអាមេរិកប្រចាំក្រុងបាដាដ ក៏បានទទូចឲ្យប្រជាជនអាមេរិកទាំងអស់ចាកចេញពីប្រទសអ៊ីរ៉ាក់ភ្លាមៗផងដែរ។
ដោយឡែក ២៤ម៉ោងក្រោយការសម្លាប់លោកឧត្តមសេនីយ៍ Soleimani ទូរទស្សន៍រដ្ឋអ៊ីរ៉ាក់ បានចុះផ្សាយថា វាមានការវាយប្រហារតាមដែនកអាសផ្សេងទៀតក្នុងប្រទេសនេះ។ យ៉ាងណាមិញ គេពុំទាន់ទទួលបានបកស្រាយណាមួយពីក្រុងវ៉ាស៊ីនតោននៅឡើយទេ។ ប្រភពយោធាអ៊ីរ៉ាក់មួយ បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ដូច្នេះថា មនុស្ស ៦ នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារថ្មីៗនេះ ដែលបាញ់តម្រង់លើក្បួនរថយន្តយោធាមួយរបស់កងទ័ពអ៊ីរ៉ាក់ កាលពីព្រលឹមថ្ងៃសៅរ៍ ទី ៤ មករា (ម៉ោងក្នុងស្រុក)៕
Tag:
សហរដ្ឋអាមេរិក
អ៊ីរ៉ង់
ដូណាល់ត្រាំ
Qasem Soleimani
© រក្សាសិទ្ធិដោយ thmeythmey.com