គណៈកម្មាធិការស៊ើបអង្កេតមួយរបស់ប៉ាគីស្ថាន បានបង្ហើបថា ពួកគេរៀបចំចាត់វិធានការផ្លូវច្បាប់ប្រឆាំងមន្ត្រីរបស់អាជ្ញាធរគ្រប់គ្រងសំណង់ Sindh របស់រដ្ឋ (SBCA) ដែលពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យមានការសាងសង់ខុសច្បាប់។ គណៈកម្មាធិការនេះបានបង្កើតឡើងក្នុងគោលដៅរកចន្លោះប្រហោង ដែលឈានដល់ការបាក់រលំអគារ៦ជាន់ ក្នុងទីក្រុង Karachi ប្រទេស ប៉ាគីស្ថាន កាលពីដើមសប្តាហ៍នេះ។
សារព័ត៌មានក្នុងស្រុក ប៉ាគីស្ថាន ឈ្មោះថា ARY NEWS បានចុះផ្សាយ នៅថ្ងៃ ៣ មករា ឆ្នាំ២០២០ ថា គណៈកម្មាធិការមានសមាជិក៥នាក់ បានជួបពិភាក្សាគ្នាមួយកាលពីថ្ងៃសុក្រ ដើម្បីស្វែងរកមូលហេតុនៃការបាក់រលំភ្លាមៗនៃអគារកម្ពស់៦ជាន់ ក្នុងទីក្រុង Karachi ។
ក្រោយបញ្ចប់ជំនួប ប្រធានគណៈកម្មាធិការដដែលនេះ បានអះអាងថា មន្ត្រីរបស់អាជ្ញាធរគ្រប់គ្រងសំណង់រដ្ឋ (SBCA) បានសារភាពថា សំណង់ដែលបាក់រលំនេះ ត្រូវបានសាងសង់ឡើងដោយខុសច្បាប់។ តាមប្រភពព័ត៌មានក្នុងស្រុកដដែល ពួកគេ និយាយដូច្នេះថា៖«ម្ចាស់អគារនេះ ទទួលបានអន្តរាគមន៍ (stay order) ពីតុលាការដើម្បីសាងសង់អគារនេះ»។
ទន្ទឹមនេះ គណៈកម្មាធិការស៊ើបអង្កេតដដែលនេះ បានសាកសួរព័ត៌មានលម្អិតពីមន្ត្រី SBCA ដែលបានជាប់ពាក់ព័ន្ធនឹងសំណុំរឿង ដោយពួកគេពុំបានផ្តល់ដំណឹងជុំវិញសំណង់ខុសច្បាប់ជូនដល់អាជ្ញាធរឲ្យទាន់ពេលវេលា។ ត្រង់ចំណុចនេះ គណៈកម្មាធិការនេះ បានបង្ហើបថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ធ្ងន់ធ្ងរប្រឆាំងនឹងមន្ត្រីពុករលួយទាំងនេះ។ ម្យ៉ាងទៀត ចំណាត់ការផ្លូវច្បាប់លើម្ចាស់អគារនិងអ្នកសាងសង់ទីតាំងសំំណង់ ក៏ត្រូវលើកយកទៅពិភាក្សាអំឡុងជំនួបរបស់គណៈកម្មាធិការស៊ើបអង្កេតប៉ាគីស្ថានខាងលើផងដែរ។
តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកប៉ាគីស្ថាន DAWN.com លោក Waqar Mehdi ប្រធានក្រុមអធិការកិច្ចរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានបញ្ជាក់ថា៖«ការស៊ើបអង្កេតក្នុងឧបទ្ទវហេតុនេះ ពិតជានឹងជួយបង្កើតប្រព័ន្ធគណនេយ្យភាពនៅក្នុងស្ថាប័ន ហើយបង្កើតឧទាហរណ៍មួយសម្រាប់ពេលអនាគតផងដែរ»។
មែនទែនទៅ សំណង់អគារ ៦ ជាន់ដែលបាក់រលំនេះកាលពីរសៀលថ្ងៃចន្ទ ៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានសាងសង់ឡើង តាំងពីឆ្នាំ ២០០៤ មកម្ល៉េះ។ អគារនេះ មានហាងទំនិញចំនួន ២ និងផ្ទះល្វែងចំនួន ១៩ ទីដែលមនុស្សជាច្រើនគ្រួសារ កំពុងរស់នៅ ចាប់តាំងពីពេលនោះមក ។ ជាសំណាងល្អ តាមរបាយការណ៍ គ្មានអ្នកស្លាប់ឡើងក្នុង ឧបទ្ទវហេតុ បាក់រលំអគារនេះ ខណៈពួកគេត្រូវបានគេជម្លៀសចេញ ទាន់ពេលវេលាមុននឹងហេតុការណ៍នេះកើតឡើង។
ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយកើតហេតុការណ៍បាក់អគារនេះ ប្រធាននៃអាជ្ញាធរគ្រប់គ្រងសំណង់រដ្ឋរបស់ប៉ាគីស្ថាន ក៏បានបង្កើតគណៈកម្មាធិការស៊ើបអង្កេតមានសមាជិក៧នាក់មួយដើម្បីស្វែងរកមូលហេតុនៃការបាក់រលំអគារនេះ។ ទន្ទឹមនេះ ពួកគេ ក៏រកមើលឈ្មោះមន្ត្រីដែលបានអនុម័តម្រោងសំណង់នេះ ហើយសម្ភារដែលយកទៅប្រើប្រាស់ក្នុងសំណង់អគារនេះផងដែរ៕