ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ៖ បាក់អគារនៅកែប មកពីសំណង់គ្មានគុណភាព
04, Jan 2020 , 3:39 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង សម្តេចឧបនាយករដ្ឋមន្រ្តី ស ខែង ស្ថិតក្នុងកន្លែងបាក់អគារ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង សម្តេចឧបនាយករដ្ឋមន្រ្តី ស ខែង ស្ថិតក្នុងកន្លែងបាក់អគារ
គ្មានមូលហេតុអ្វី ក្រៅតែពីការខ្វះគុណភាពផ្នែកសំណង់នោះទេ ទើបបណ្តាលឲ្យអគារកម្ពស់៦ជាន់នៅក្រុងកែប បាក់រលំ។ នេះជាការសន្និដ្ឋានរបស់សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលកំពុសស្ថិតនៅកន្លែងបាក់អគារនោះ។



សម្តេច ស ខេង ឆ្លើយនឹងសំណួររបស់អ្នកកាសែតដូច្នេះថា៖«មកដល់ពេលនេះ យើងមិនទាន់ដឹងថា ជាកំហុសអ្នកណាឲ្យពិតប្រាកដទេ ក៏ប៉ុន្តែមានចំណុចមួយត្រង់ថា គុណភាពសំណង់ហ្នឹង មិនគ្រប់ស្តង់ដារ»។ សម្តេច បន្តទៀតថា៖«តាមគោលការណ៍ច្បាប់ គឺតម្រូវឲ្យត្រួតពិនិត្យ តែប្រហែលជាមិនបានត្រួតពិនិត្យឲ្យបានម៉ត់ចត់ពីសំណាក់ក្រុមហ៊ុនឯកជន ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យ...»។

សម្តេចរដ្ឋមន្រ្តី អះអាងថា នៅពេលណារុករកជនរងគ្រោះក្នុងគំនរអគារនេះរួចអស់ហើយ សមត្ថកិច្ច នឹងចាប់ផ្តើមត្រួតពិនិត្យការអនុវត្តខុសច្បាប់ក្នុងការសាងសង់នេះ។ សម្តេច បន្ថែមថា ម្ចាស់សំណង់នេះ គឺជាជនជាតិខ្មែរ ហើយមកដល់ពេលនេះ សមត្ថកិច្ច បានឃាត់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួនហើយ។

លោក ឯក សារុន និង ភរិយា ដែលគេដឹងថាជាម្ចាស់អគារនេះ ត្រូវកម្លាំងសមត្ថកិច្ចខេត្តកែប ឃាត់ខ្លួនទុក ដើម្បីសាកសួរ។ ទន្ទឹមនឹងនេះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី បានបង្កើតគណៈកម្មការមួយ ដើម្បីធ្វើកោសល្យវិច័យលើអគារបាក់រលំនេះ។

អគារដែលសាងសង់រួចបាន៩០ភាគរយហើយនោះ បានបាក់រលំនៅម៉ោងជាង៤ល្ងាច នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ គិតមកដល់ម៉ោង៣រសៀលថ្ងៃទី៤ ខែមករា សមត្ថកិច្ចនិងក្រុមអ្នកសង្គ្រោះ រកឃើញជនរងគ្រោះប្រុស-ស្រីជាកម្មករសំណង់២៧នាក់ហើយ ដោយក្នុងនោះ មាន៧នាក់បានបាត់បង់ជីវិត។ សមត្ថកិច្ចនិងក្រុមអ្នកសង្គ្រោះ កំពុងបន្តរុករកជនរងគ្រោះផ្សេងទៀត៕

Tag:
 រលំអគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com