ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រុម​អ្នក​បុរាណវិទ្យា ធ្វើ​កំណាយ​នៅ​ស្ពាន​បុរាណ​ដែល​ភ្ជាប់​តំបន់​រលួស និង​តំបន់​អង្គរ​
04, Jan 2020 , 10:59 pm        
រូបភាព
​ក្រុម​អ្នក​បុរាណវិទ្យា បានធ្វើ​កំណាយ​នៅ​ទីតាំង​ស្ពាន​បុរាណ​មួយកន្លែង ដែល​ភ្ជាប់​ពី​តំបន់​រលួស​ទៅ​តំបន់​អង្គរ​។ កំណាយ​នេះ គឺ​ដើម្បី​ដឹង​ពី​រចនាសម្ព័ន្ធ​បន្ថែមទៀត នៃ​បណ្ដាញ​គមនាគមន៍​ផ្លូវ​បុរាណ​សម័យអង្គរ​។



ចង់ដឹងថា តើ​កំណាយ​នេះ​បាន​រកឃើញ​ស្លាកស្នាម​អ្វីខ្លះ​ពី​រចនាសម្ព័ន្ធ​ផ្លូវ​បុរាណ​នេះ សូម​ស្ដាប់​សេចក្ដីរាយការណ៍​របស់​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖
 

 
 
​ក្រុម​អ្នក​បុរាណវិទ្យា នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​ធ្វើ​កំណាយ​នៅ​ទីតាំង​ស្ពាន​បុរាណ​មួយកន្លែង​ឈ្មោះថា ស្ពាន​ក្អែក ស្ថិតនៅ​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង​។ ស្ពាន​នេះ គឺជា​ស្លាកស្នាម​ដ៏​សំខាន់​មួយ​នៃ​រចនាសម្ព័ន្ធ​ផ្លូវ​បុរាណ​សម័យអង្គរ ដែល​ភ្ជាប់​ពី​តំបន់​រលួស​ដែលជា​អតីត​រាជធានី ហរិ​ហ​រា​ល័យ ទៅកាន់​តំបន់​អង្គរ​ដែលមាន​រាជធានី យ​សោធរ​។​
 
 
 
​លោក សួម សុភា បុរាណ​វិទូ​ដែល​ដឹកនាំ​ធ្វើ​កំណាយ​និយាយថា ក្រុមការងារ​របស់លោក បានចាប់ផ្តើម​ធ្វើ​កំណាយ​នៅទីនេះ ពីថ្ងៃ​ទី​២០ វិច្ឆិកា ដល់​ថ្ងៃទី​១៧ ធ្នូ​។ កំណាយ​នេះ ធ្វើឡើង​ក្នុង​បំណង​សិក្សា​បន្ថែម ពី​រចនាសម្ព័ន្ធ​ផ្លូវ​បុរាណ ដែល​ភ្ជាប់​ទំនាក់ទំនង​ពី​តំបន់​រលួស ទៅ​តំបន់​អង្គរ​។ ក្នុង​ការងារ​នេះ អ្នក​បុរាណវិទ្យា​បាន​បើក​រណ្ដៅ​កំណាយ​ចំនួន​៥ ដើម្បី​មើល​ពី​ការចាក់​បង្ហាប់ដី សិក្សា​ពី​ការធ្វើ​ផ្លូវ​សម័យបុរាណ និង​ស្វែងយល់​ពី​ប្រព័ន្ធ​ប្រឡាយ​ដែល​ធ្វើ​សងខាង​ផ្លូវ​។​
 
​បន្ទាប់ពី​បើក​រណ្ដៅ​ស្រាវជ្រាវ​រួច ក្រុម​អ្នក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រកឃើញ​ស្រទាប់ដី​ចាក់​បង្ហាប់ ដើម្បី​ស្ថាបនា​ផ្លូវ​បុរាណ​មាន​៣​ស្រទាប់ ដែល​ស្រទាប់​ទី​១ ចាក់​បង្ហាប់​ដោយ​ប្រើ​ល្បាយ​ដីខ្សាច់​លាយ​ជាមួយ​ឥដ្ឋ​។ ស្រទាប់​ទី​២ ចាក់​បង្ហាប់​ដោយ​ប្រភេទ​ល្បាយ​ថ្មបាយក្រៀម និង​ស្រទាប់​ទី​៣ ចាក់​បង្ហាប់​ដោយ​ប្រើ​ល្បាយ​ដីខ្សាច់​។ ក្នុងនោះ​ក្រុម​អ្នក​បុរាណវិទ្យា ក៏បាន​បើក​រណ្ដៅ​នៅ​ជិត​គល់ស្ពាន​បុរាណ​ឆ្លងកាត់​អូរ​មួយ ក្រោយ​ប្រទះឃើញ​មាន​កម្ទេច​ថ្ម​រាយប៉ាយ​ច្រើន​។ តាម​ការសន្និដ្ឋាន ថ្ម​ទាំងនោះ អាច​យកមក​សង់ស្ពាន​ហើយ​សល់ ក៏ត្រូវ​បាន​តម្រៀប​ទុក​នៅ​ជិត​នោះ ហើយ​មានការ​ដួល​រាយប៉ាយ​មកលើ​ផ្លូវ​។ ការសន្និដ្ឋាន​មួយទៀត គឺ​ថ្ម​ទាំងនោះ​អាចយ​កមក​ជួសជុល​ស្ពាន​។​
 
 
 
​តាម​ការសិក្សា​ស្រាវជ្រាវ​នៅ​សម័យ​បារាំង បាន​ហៅ​ស្ពាន​បុរាណ​នេះ​ថា ស្ពានថ្ម ដែល​សង់កាត់​អូរ​ស្ពានដែក​។ យ៉ាងណា ទាក់ទង​នឹង​ឈ្មោះ​នេះ ក្រុម​អ្នកស្រាវជ្រាវ​សម័យ​ក្រោយមក បាន​ទាញ​សេចក្ដី​សន្និដ្ឋានថា ប្រហែលជា​បារាំង​ស្ដាប់​សំនៀង​ខ្មែរ​មិន​ច្បាស់ ទើប​ស្ដាប់​សំនៀង​ដែល​អ្នកស្រុក​ហៅ អូរ​ស្ពាន​ក្អែក ទៅជា​អូរ​ស្ពានដែក​។ តាម​ការសាកសួរ​ក្រោយមក អ្នកភូមិ​ទីនេះ ហៅថា​អូរ​ស្ពាន​ក្អែក មិនមែន​អូរ​ស្ពានដែក​ទេ​។ ស្ថានភាព​បច្ចុប្បន្ន ស្ពាន​នេះ​មាន​ប្រវែង​២១​ម៉ែត្រ ទទឹង​៦​ម៉ែត្រ មាន​រន្ធត្រដេវ ឬ​រន្ធ​បង្ហូរទឹក​៨ កម្ពស់​២​ម៉ែត្រ សង់​ពី​ថ្មបាយក្រៀម ដែល​សព្វថ្ងៃ មានការ​ដួលរលំ​ស្ទើរ​ទាំងស្រុង​ទៅហើយ​។ ដោយសារ​ស្ថានភាព​បែបនេះ ទើប​អូរ​ដែល​ធ្លាប់​ហូរ​កាត់ បាន​បង្វែរ​ចរន្ត​ហូរ​ចាក់​ទៅ​ចំណុច​ចុងស្ពាន​វិញ ដើម្បី​បង្កើត​មាត់​អូរ​ថ្មី​។ 
 
​ទាក់ទង​នឹង​ប្រវត្តិ​ស្ពាន​នេះ លោក សួម សុភា ពន្យល់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​ការសាងសង់​ស្ពាន​នេះ មិនទាន់​ច្បាស់​ថា កសាង​នៅ​សម័យ​កាលណា​ទេ តែបើ​យោងតាម​ទិន្នន័យ​ប្រវត្តិសាស្ដ្រ​ដែល​សិក្សា​កន្លងមក ផ្លូវ​បុរាណ​មួយ​ខ្សែ អាចធ្វើ​ក្នុងសម័យ​កាលពីរ មួយ​គឺ​សម័យ​ព្រះបាទ យ​សោ​វរ្ម័នទី​១ គ្រងរាជ្យ​ពី​ឆ្នាំ​៨៨៩ ដល់​ឆ្នាំ​៩១០ នៃ​គ​.​ស ព្រះអង្គ​បាន​ដូរ​រាជធានី​ពី​តំបន់​រលួស មក​កសាង​រាជធានី​ថ្មី​នៅ​តំបន់​អង្គរ​ហៅថា យ​សោធរ ដែលមាន​ភ្នំ​បាខែង​ជា​ចំណុចកណ្ដាល​។ ដល់​ឆ្នាំ ៨៩៣ ព្រះអង្គ​ត្រឡប់មក​កសាង​ប្រាសាទ​មួយ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​បុព្វការី​ជន គឺ​ប្រាសាទលលៃ អីចឹង​ផ្លូវ​បុរាណ​មួយ​ខ្សែ​នេះ អាច​កសាង​ដំបូង​នៅ​សម័យកាល​ព្រះបាទ​យ​សោ​វរ្ម័នទី​១​។ ទី​២ ប្រហែល​អាច​បន្ថែម​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែល​យើង​ថ្នល់​បច្ចុប្បន្ន ដែល​ឃើញ​ផ្លូវ​ត​ភ្ជាប់ ពី​ជ្រុង​បារាយណ៍ នៃ​ទិសអាគ្នេយ៍ នៃ​បារាយណ៍​ឥន្ទ្រ​តា​ដាក រហូតដល់​កំពង់ក្ដី និង​រហូត​សម្បូរ​ព្រៃ​គុក​»​។​
 
 
 
​អាច​និយាយបានថា នេះ​ជា​ភស្ដុតាង​មួយ​បន្ថែមទៀត ដែលជា​រចនាសម្ព័ន្ធ​ផ្លូវ​បុរាណសម័យ​អង្គរ​។ ផ្លូវ​នេះ​ភ្ជាប់​ពី​រាជធានី​អង្គរ​ទៅ​ប្រាសាទ​ភិ​ម័​យ ដែល​ស្ថិតនៅ​ប្រទេស​ថៃ​សព្វថ្ងៃ ពី​រាជធានី​អង្គរ​ទៅ​រាជធានី​ចម្ប៉ា និង​លើផ្លូវ​វង់​មួយ​ខ្សែ ដែល​ចេញពី​រាជធានី​អង្គរ រួច​ត្រឡប់​ចូល​រាជធានី​នេះ​វិញ​។ យោងតាម​ឯកសារ​ពី​គម្រោង​នេះ អ្នកស្រាវជ្រាវ​បាន​រកឃើញ​ស្លាកស្នាម ដែលជា​រចនាសម្ព័ន្ធ​នៃ​ផ្លូវ​បុរាណ​នេះ ដែល​រួមមាន ខ្សែ​ផ្លូវ ប្រព័ន្ធ​ទឹក (​ទំនប់​ប្រឡាយ​) ប្រាសាទ មន្ទីរពេទ្យ សាលាសំណាក់ ស្ពាន និង​ស្រះ​ទឹក ដែល​តាំង​នៅតាម​បណ្ដោយ​ផ្លូវ​នេះ​។​
 
​បន្ទាប់ពី​សិក្សា​រួចហើយ ក្រុម​អ្នក​បុរាណវិទ្យា​បាន​លុបរណ្ដៅ​កំណាយ​វិញ នៅ​ថ្ងៃទី​២៣ ធ្នូ​។ មុនពេល​បើក​រណ្ដៅ​កំណាយ ក្រុមការងារ​ក៏បាន​រៀបចំ​ពិធី​ក្រុង​ពាលី ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ផងដែរ​។ នេះ​ជា​ជំនឿ​ដែល​គេ​ឃើញ​អនុវត្តន៍ នៅតាម​កន្លែង​កំណាយ​នីមួយៗ​។ 
 
​អ្នកជំនាញ​មិនទាន់​ដឹង​ទេ​ថា តើ​ក្រោយ​ធ្វើ​កំណាយ និង​ដឹង​ពី​រចនាសម្ព័ន្ធ​មួយផ្នែក​នៃ​ផ្លូវ​បុរាណ ក៏ដូចជា​ស្ពាន​បុរាណ​នេះ អាច​នឹងមាន​ការជួស​ជុល​ឬ​យ៉ាងណាទេ​។ លោក សុង សុភា ប្រាប់ថា​អាច​នឹងមាន​ការជួសជុល​ទៅ​ថ្ងៃ​ខាងមុខ​ឬ​អត់ គឺ​អាស្រ័យ​លើ​ផែនការ​ការងារ​របស់​នាយកដ្ឋាន​៕
 
 


Tag:
 ផ្លូវ​បុរាណ​
  សម័យអង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com