សង្គមអន្តរជាតិ
អន្តរជាតិ
អ្នកគ្រូអេស្ប៉ាញម្នាក់ស្លៀកពាក់ទៅតាមមេរៀន ដើម្បីងាយស្រួលពន្យល់សិស្ស
× អ្នកស្រី Veronica Duque ជាគ្រូថ្នាក់បឋមម្នាក់នៅអេស្ប៉ាញ ដោយគាត់បង្រៀនមេរៀនវិទ្យាសាស្ត្រទាំងភាសាអេស្ប៉ាញ និងអង់គ្លេស។ នៅម៉ោងសិក្សាផ្នែកកាយវិភាគសាស្ត្រ អ្នកគ្រូវ័យ៤៣ឆ្នាំរូបនេះ គាត់បានប្តូរសម្លៀកបំពាក់ដែលបង្ហាញពីសព៌ាង្គកាយខាងក្នុង ដើម្បីឲ្យសិស្សងាយចងចាំ។ ករណីនេះ ទទួលនូវការចាត់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញអ៊ីនធ័រណិត។
អ្នកស្រី Veronica ស្រឡាញ់អាជីពជាគ្រូបង្រៀនពេញបេះដូង ដោយគាត់អាចធ្វើអ្វីបានគ្រប់យ៉ាងដើម្បីឲ្យសិស្សងាយយល់ ងាយចងចាំ។ «ខ្ញុំបានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មសម្លៀកបំពាក់នេះនៅលើ AliExpress ហើយខ្ញុំមើលឃើញពីពិបាកក្នុងការពន្យល់ណែនាំសិស្សទាក់ទងនឹងសព៌ាង្គកាយ ហេតុដូច្នេះ ខ្ញុំក៏សម្រេចចិត្តសាកល្បងពាក់ពេលបង្រៀន»។ គាត់បានពន្យល់ប្រាប់សារព័ត៌មាន Bored Panda។
ស្វាមីរបស់អ្នកស្រី Veronica ផ្ទាល់ គឺជាអ្នកថតសកម្មភាពសកម្មភាព ដោយគាត់មានអារម្មណ៍រីករាយដែលភរិយាខ្លួនរកនឹកឃើញវិធីសាស្ត្របង្រៀនកូនសិស្សឲ្យឆាប់ចងចាំបែបនេះ។ អ្នកគ្រូ Veronica បានបញ្ជាក់ថា៖ «ខ្ញុំចូលចិត្តតុបតែងទៅតាមមេរៀនដែលបង្រៀនដូចជា ប្រវត្តិវិទ្យា និងមេរៀនផ្សេងទៀត រួមមានវេយ្យាករណ៍ នាម គុណនាម និងកិរិយាស័ព្ទ ជាដើម»។
អ្នកស្រីមានបទពិសោធន៍បង្រៀន១៥ឆ្នាំហើយ ដោយបច្ចុប្បន្នគាត់បង្រៀនថ្នាក់ទី៣ ដែលសិស្សអាយុក្នុងរង្វង់៨ឆ្នាំ។ គាត់មានជំនាញលើការបង្រៀនផ្នែកកាយវិភាគសាស្ត្រ វិទ្យាសាស្ត្រសង្គម សិល្បៈ ក៏ដូចជាភាសាអង់គ្លេស និងអេស្ប៉ាញ។
អ្នកស្រី Veronica មានជំនឿថា ភាពល្បីល្បាញរបស់ខ្លួនក្នុងបណ្តាញអ៊ីនធ័រណិត ជាការលើកទឹកចិត្តដល់គ្រូបង្រៀនផ្សេងទៀតឲ្យចេះរិះរកវិធីសាស្ត្រថ្មីៗ និងប្លែកៗដើម្បីបង្រៀនសិស្ស៕
© រក្សាសិទ្ធិដោយ thmeythmey.com