សង្គមអន្តរជាតិ​
អន្តរជាតិ
ពលរដ្ឋ​ថៃ ចេញ​គំនិត​ប្លែកៗ ក្រោយ​រដ្ឋាភិបាល​ហាម​ប្រើ​ថង់​ប្លា​ស្ទិ​ក​
05, Jan 2020 , 7:59 am        
រូបភាព
ដោយ:
ក្រោយ​រដ្ឋាភិបាល​ថៃ បានដាក់​បម្រាម​លើ​ការប្រើ​ថង់​ប្លា​ស្ទិ​ក នៅ​ហាង​ទំនិញ​ធំៗ​ក្នុងប្រទេស ប្រជាជន​ថៃ បានយូរ​កន្ត្រក​, ធុង​ទឹក​, បាវ និង​សម្បី​តែ រ​ទះ​រុញ ដើម្បី​ដាក់​អីវ៉ាន់​ពួកគេ​។ អ្នកខ្លះ​ថែមទាំង​បាន​បង្ហោះ​រូបភាព​លើ​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាប់អារម្មណ៍​ជាខ្លាំង​។

 
 
​ការហាម​ប្រើ​ថង់​ប្លា​ស្ទិ​ក ដែល​ដាក់ចេញ​នៅ​ដើមឆ្នាំ​២០២០ ដោយ​រដ្ឋាភិបាល​ថៃ និង​ហាង​ទំនិញ​ធំៗ​ជាច្រើន​ក្នុងប្រទេស​ថៃ គឺជា​ជោគជ័យ​មួយ​សម្រាប់​សកម្មជន​ប​រិ​ស្ថាន​។ ហាង​ទំនិញ​ធំៗ ចំនួន ៧៥​កន្លែង និង​បណ្ដា​ហាង​ទំនិញ​តូច និង​មធ្យម​ជាង ២៤ ៥០០ ទីតាំង​ផ្សេងទៀត នៅ​ទូទាំង​រាជាណាចក្រ​ថៃ បាន​យល់ព្រម​អនុវត្តតាម​គោលការណ៍​អាទិភាព​របស់​រដ្ឋមន្ត្រី​បរិស្ថាន​និង​ធនធានធម្មជាតិ​ថៃ Varawut Silpaarcha ក្នុងការ​កាត់បន្ថយ​បរិមាណ​ថង់​ប្លា​ស្ទិ​ក​។​
 
 
 
​ទោះ​មានការ​ហាមប្រាម ពលរដ្ឋ​ថៃ អាច​ចំណាយលុយ​ដើម្បី​ទិញ​ថង់​ដាក់​អីវ៉ាន់​ដែល​អាច​ប្រើ​ឡើងវិញ ក៏ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្លះ​វិញ ពួកគេ​សន្សំសំចៃ​លុយ​ដោយ​ការយក​របស់​តាម​ខ្លួន និង​ប្លែកៗ​ពីគ្នា​។ អ្នក​ផាត់មុខ​ម្នាក់ ឈ្មោះថា Prahausri បាន​ខ្ចី​សំណាញ់​ដាក់​ម្ហូប​ម្តាយ​គាត់​ដែល​នាង​ជាធម្មតា​ដាក់​ឆ្អើរត្រី មក​ដាក់​អាហារ​សំ​រាន់ ទឹកដោះគោ និង​ទឹកក្រូច ហើយ​បាន​បង្ហោះ​រូបភាព​លើ​បណ្តាញ​សង្គម​។ ប្រាប់​សារព័ត៌មាន AFP លោក​និយាយ​ដូច្នេះ​ថា​៖«​វា​ជាធម្មតា​ប្រើ​ដើម្បី​ការពារ​ម្ហូប​ពីស​ត្វ​រុយ​»​។ 
 
​តាមរយៈ​រូបភាព​ផ្សេងទៀត​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម បុរស​ម្នាក់ បាន​ឈរ​អូសរ​ទះ​រុញ​ដែល​ផ្ទុក​ពេញ​ដោយ​អីវ៉ាន់ ហើយ​ចំណែក​ស្ត្រី​ម្នាក់ទៀត យូរ​បាវ ។ អ្នក​ខ្លះទៀត បាន​ប្រើ​កន្ត្រក និង​ធុង​ទឹក ដែល​មើលទៅ​គួរ​ឲ្យ​អស់សំណើច​បំផុត​។ 
 
 
 
​ខណៈ​ប្រទេស ថៃ ជាប់​ចំណាត់ថ្នាក់​លេខ ៦ ក្នុងចំណោម​ប្រទេស​លើ​ពិភពលោក ដែល​បោះចោល​កាកសំណល់​ចូលក្នុង​សមុទ្រ ស្មារតី​របស់​ពលរដ្ឋ​ថៃ​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់ បាន​កើនឡើង​ក្នុង​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយនេះ​។ ជា​ឧទាហរណ៍ ក្នុងប្រទេស​ថៃ កាលពី​ឆ្នាំមុន សត្វ​ក្ដាន់​មួយ​ក្បាល និង​កូនជ្រូក​ទឹក​មួយ​ក្បាល បាន​ប្រទះ​ឃើញថា ស្លាប់ ដោយមាន​ប្លា​ស្ទិ​ក​ជាច្រើន​គីឡូក្រាម​ក្នុង​ពោះ​របស់​ពួកវា​។​
 
​សូមបញ្ជាក់ថា ក្រសួងបរិស្ថាន​ថៃ បញ្ជាក់ថា ប្រទេស​ថៃ​បាន​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ២​លាន ឬ​ប្រមាណ ៥៧៦៥ តោន កាលពី​ឆ្នាំមុន ។ នេះ​ជា​ដំណាក់កាល​ទី​១​នៃ​យុទ្ធនាការ «​រាល់ថ្ងៃ និយាយថា ទេ ចំពោះ​ថង់​ប្លា​ស្ទិ​ក​» ដើម្បី​លើកទឹកចិត្ត​អ្នកទិញ​ឲ្យ​បដិសេធ​ដោយ​ស្ម័គ្រចិត្ត​ចំពោះ​ការប្រើ​ថង់​ប្លា​ស្ទិ​ក​ពី​ហាង​ទំនិញ​៕





Tag:
 ថៃ​
  ប្លា​ស្ទិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com