ជាតិ
សង្គមជាតិ
បាក់អគារនៅកែប៖ ត្រឹមម៉ោង៧យប់នេះ រកឃើញអ្នកនៅរស់២០នាក់ និងអ្នកស្លាប់៧នាក់
04, Jan 2020 , 7:18 pm        
រូបភាព
គិតត្រឹមម៉ោង៧យប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចនិងក្រុមអ្នកជួយសង្គ្រោះ បានរកឃើញជនរងគ្រោះ២៧នាក់ហើយ ដោយមានអ្នកស្លាប់៧នាក់ ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៦ជាន់នៅក្រុងកែប។ នេះបើតាមរបាយការណ៍ពីមន្ទីរពេទ្យខេត្តកែប។



ក្នុងចំណោមអ្នកនៅមានជីវិត មានស្រី៦នាក់ ហើយក្នុងចំណោមអ្នកស្លាប់ មានស្រី៥នាក់។ អ្នកនៅមានជីវិត ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយយកចេញពីំនគរអគារ។


សម្តេចនាយករដ្ឋមន្រ្តី ប្រកាសបែងចែកប្រាក់ឧបត្ថម្ភជូនដល់ជនរងគ្រោះជាកម្មករសំណង់ទាំងនោះ ដើម្បីជួយសម្រួលការលំបាក ដោយអ្នកនៅមានជីវិតម្នាក់ៗ ទទួលបាន១ម៉ឺនដុល្លារ  ហើយគ្រួសារនៃអ្នកស្លាប់ម្នាក់ៗ បាន៥ម៉ឺនដុល្លារ និងបន្ថែម២,៥ពាន់ដុល្លារពីលើទៀត សម្រាប់ធ្វើបុណ្យ។ ថវិកាទាំងនេះ បានមកពីការរួមចំណែករបស់សប្បុរសជននិងមួយចំនួនទៀត ជាថវិការដ្ឋ។

លោក ឯក សារុន និង ភរិយា ដែលគេដឹងថាជាម្ចាស់អគារនេះ ត្រូវកម្លាំងសមត្ថកិច្ចខេត្តកែប ឃាត់ខ្លួនទុក ដើម្បីសាកសួរ។ ទន្ទឹមនឹងនេះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី បានបង្កើតគណៈកម្មការមួយ ដើម្បីធ្វើកោសល្យវិច័យលើអគារបាក់រលំនេះ។

អគារដែលដំណើរការសាងសង់រួចបាន៩០ភាគរយហើយនោះ បានបាក់រលំនៅម៉ោងជាង៤ល្ងាច នាថ្ងៃទី៣ ខែមករា។ សមត្ថកិច្ច និងក្រុមអ្នកជួយសង្គ្រោះ ចាប់ផ្តើមប្រតិបត្តិការរុករកជនរងគ្រោះភ្លាមៗ ក្រោយអគារនេះបាក់រលំ។ គេ មិនទាន់អាចសន្និដ្ឋានបានទេ ថានៅមានជនរងគ្រោះប៉ុន្មាននាក់ទៀត ដែលកំពុងស្ថិតនៅក្នុងគំនរអគារបាក់រលំនេះ ក៏មិនអាចដឹងដែរថា ការរុករកជនរងគ្រោះ នឹងត្រូវបញ្ចប់នៅពេលណា៕








Tag:
 រលំអគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com