សង្គមអន្តរជាតិ
អន្តរជាតិ
ភ្លើងឆេះនៅអូស្ត្រាលី៖ បញ្ហាខ្យល់ខ្លាំងពេក រំខានការគ្រប់គ្រងអណ្តាតភ្លើង ផ្ទៃមេឃឡើងពណ៌ក្រហមដោយសារភ្លើងឆេះព្រៃនៅរដ្ឋ Victoria អូស្ត្រាលី
× ខ្យល់ខ្លាំងដែលបានផ្លាស់ប្តូរទិសដៅ កំពុងបង្អាក់កិច្ចប្រឹងប្រែងរបស់កងពន្លត់អគ្គិភ័យ ដើម្បីទប់ស្កាត់ការរីករាលដាលភ្លើងឆេះព្រៃ ក្នុងភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី។
ការផ្លាស់ប្តូរទិសដៅខ្យល់ងាកទៅទិសខាងត្បូងជាមួយល្បឿនខ្យល់ដ៏លឿនដល់ទៅ ១២៨ គីឡូម៉ែត្រក្នុងមួយម៉ោង បានគំរាមដល់ការរីករាលដាលភ្លើងកាន់តែធំសម្បើម ក្នុងរដ្ឋ New South Wales ។ ចំណែកនៅក្នុងរដ្ឋ Victoria ឧទ្ធម្ភាចក្រយោធាត្រូវបានដាក់ពង្រាយដើម្បីជួយជម្លៀសប្រជាជនដែលជាប់គាំងដោយសារអណ្ដាតភ្លើង។
ប្រាប់សារព័ត៌មានអូស្ត្រាលី 9News លោក Shane Fitzsimmons ស្នងការទទួលបន្ទុកផ្នែកអគ្គិភ័យរបស់រដ្ឋ New South Wales បានអះអាង នៅព្រឹកថ្ងៃអាទិត្យ ៥ មករា ថា ផ្ទះរាប់រយខ្នង អាចត្រូវបានបាត់បង់ក្នុងភ្លើងឆេះកាលពីថ្ងៃសៅរ៍។
ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩មក ភ្លើងឆេះក្នុងប្រទេសអូស្ត្រាលី បានសម្លាប់មនុស្សយ៉ាងតិច ២៣ នាក់។ ផ្ទះជាង១២០០ខ្នង ត្រូវបានបំផ្លាញ ហើយដីរាប់លានហិកតា បានឆេះខ្លោចខ្ទេចខ្ទី។ ទោះបីមានការចាប់អារម្មណ៍ខ្លាំងលើរដ្ឋ New South Wales ដែលប៉ះពាល់ខ្លាំងជាងគេ ភ្លើងឆេះនេះ បង្កផលប៉ះពាល់រាល់រដ្ឋ និងទឹកដីទាំងអស់ក្នុងប្រទេសអូស្ត្រាលី។
ម្យ៉ាងវិញទៀត សត្វជិត ៥០០លានក្បាល ត្រូវគេជឿជាក់ថា បាត់បង់ជីវិតក្នុងភ្លើងឆេះព្រៃដែលបន្តរាលដាលជុំវិញប្រទេសអូស្ត្រាលី ក្នុងពេល៣ខែ។ រដ្ឋមន្ត្រីបរិស្ថានអូស្ត្រាលី អះអាងថា សត្វខ្លាឃ្មុំអូស្ត្រាលី (Koalas) បាត់បង់៣០ភាគរយក្នុងហេតុការណ៍នេះ។
សូមបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី កាលពីថ្ងៃពុធសប្តាហ៍នេះ បានដាក់ពង្រាយនាវា និងយន្តហោះយោធា ដើម្បីប្រមូលផ្តុំមនុស្សឲ្យនៅជុំគ្នា, នាំយកទឹក អាហារ និងប្រេងឥន្ធនៈទៅកាន់ក្រុងដែលខ្វះការផ្គត់ផ្គង់ហើយផ្លូវត្រូវបានកាត់ផ្ដាច់ព្រោះភ្លើងជាដើម។
រដូវកាលភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលី អាចបំបែកកំណត់ត្រាអាក្រក់ខ្លាំងបំផុតថ្មី ជាមួយកម្រិតរលកកម្ដៅ និងផ្សែងពុលខ្លាំង ដែលក្រុមគ្រូពេទ្យព្រមានថាជា«ភាពអាសន្នសុខភាពសាធារណៈ»។ ប្រជាជនអូស្ត្រាលីជាច្រើន កំពុងធ្វើបាតុកម្មប្រឆាំងនាយករដ្ឋមន្ត្រីអភិរក្សនិយម Scott Morrison ដែលខ្វះចំណាត់ការដែលមានប្រសិទ្ធភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ។ កាលពីខែមុន លោក បានបដិសេធកាត់បន្ថយចំនួនឧស្សាហកម្មធ្យូងថ្មរបស់ប្រទេស ព្រោះវារកចំណូលបានច្រើន៕
Tag:
អូស្ត្រាលី
ភ្លើងឆេះព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com