ជាតិ
សង្គមជាតិ
«Tinky» ជា​កង់​អគ្គិសនី ដែល​និស្សិត​ខ្មែរ​ពីររូប​បង្កើតឡើង ដើម្បី​ជំនួស​ការប្រើប្រាស់​ម៉ូតូ​នៅ​ភ្នំពេញ​
05, Jan 2020 , 8:30 pm        
រូបភាព
 ​ភ្នំពេញ​៖  យុវជន ខេមរា គីម​ហាក់ និង​យុវតី សឿន ច័ន្ទ​រ៉ាត់​តិ​កា បង្កើត​កង់អគ្គិសនី​យ៉ាង​ជោគជ័យ ដែលមាន​សមត្ថភាព​ធ្វើដំណើរ​បាន​៦០​គីឡូម៉ែត្រ ក្នុង​មួយថ្ងៃ​។ «Tinky» គឺជា​ឈ្មោះ​ម៉ាក​កង់​អគ្គិសនី ដែល​និស្សិត​កំពុង​សិក្សា​លើ​ជំនាញ​ស្ថាបត្យកម្ម​ទាំងពីរ​រូបនេះ បង្កើតឡើង​ក្នុង​គោលបំណង​ជំនួស​ឱ្យប្រើ​ប្រាស់​ម៉ូតូ​នៅ​រាជធានី​ភ្នំពេញ​។ បើ​ប្រៀបធៀប​ជាមួយ​ម៉ូតូ​នៅ​ភ្នំពេញ​នាពេល​បច្ចុប្បន្ន និង​អនាគត កង់​អគ្គិសនី​នេះ អាចជួយ​សន្សំ​ថវិកា​ផ្ទាល់ខ្លួន​បាន​ច្រើន កាត់បន្ថយ​ការ​បំ​ភាយ​ផ្សែង​ពុល​ទៅ​បរិយាកាស និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ទីក្រុង​ជាដើម​។

 
​បន្ទាប់ពី​ផលិត​កង់​អគ្គិសនី​នេះ ជោគជ័យ​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៩ យុវជន គីម​ហាក់ និង​យុវតី ច័ន្ទ​រ៉ាត់​តិ​កា នឹង​បន្ត​ផលិត​កង់​នេះ ដាក់លក់​នៅលើ​ទីផ្សារ ទៅតាម​ការបញ្ជាទិញរ​បស់​អតិថិជន នៅ​ខែមករា ឆ្នាំ​២០២០ ព្រមទាំង​បង្កើត​ក្រុមហ៊ុន​ជា​សេវាកម្ម​ជួសជុល​កង់​អគ្គិសនី​ផងដែរ​។ «Tinky» មាន​ល្បឿន​៤០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ដែលមាន​លក្ខណៈ​ល្អ​បំផុត សម្រាប់​ការធ្វើដំណើរ​ក្នុង​ទីក្រុង​។ នេះ​បើតាម​យុវជន ខេមរា គីម​ហាក់​។ 
 
  
 យុវតី សឿន ច័ន្ទរ៉ាត់តិកា

​គោលដៅ​នៃ​ការផលិត​Tinky​នេះ​ឡើង គឺ​ដើម្បី​ជំនួស​ឱ្យ​ការប្រើប្រាស់​ម៉ូតូ​សព្វថ្ងៃ​ចេញ​តែម្តង​។ យុវជន គីម​ហាក់ ពន្យល់​បន្ថែម​ដូច្នេះ​៖«​អ្នកជិះ​ម៉ូតូ ត្រូវ​ចំណាយ​ថ្លៃ​សាំង​រាល់ថ្ងៃ​...​ហើយ​សាំង​ពេលបច្ចុប្បន្ន​ថ្លៃ​...​។ អ្នកជិះ​ម៉ូតូ  យ៉ាងហោចណាស់ មួយថ្ងៃ​ឬ​ពីរ​ថ្ងៃ ត្រូវ​ចាក់​សាំង​មួយ​លីត្រ​...​។ បើ​យើង​គិតថា​សាំង​មួយ​លីត្រ​តម្លៃ​៤០០០​រៀល ប៉ុន្តែ​បើ​យើង​កុំ​យក​៤០០០​រៀល​នោះ ទៅ​ចំណាយ​លើ​ថ្លៃ​សាំង ហើយ​យើង​ជិះ​កង់​អគ្គិសនី​វិញ យើង​មិន​ត្រឹម​ចំណេញ​៤០០០​រៀល​នោះទេ ថែមទាំង​ជួយ​កាត់បន្ថយ​ផ្សែង​ពុល​ទៅ​បរិយាកាស​ផងដែរ​។ ព្រោះ Tinky  យើង​ចំណាយ​ថ្លៃ​ភ្លើង​សាក​ថ្ម​វា អស់​តែ​៧០០​រៀល​ប៉ុណ្ណោះ (​ភ្លើង​អស់​ជិត​១​គីឡូវ៉ាត់​) គឺអាច​ធ្វើដំណើរ​បាន​៦០​គីឡូម៉ែត្រ​»​។ 
 
​បើតាម​យុវជន​វ័យ​២០​ឆ្នាំ​រូបនេះ Tinky ល្អ​បំផុត​សម្រាប់​សិស្ស​-​និស្សិត អ្នកធ្វើការ ព្រោះ​ពួកគាត់​មិនត្រូវ​ការ​ជិះ​ម៉ូតូ​ឆ្ងាយ មិនត្រូវ​ជិះ​ច្រើន  ហើយ​មិន​ត្រូវការ​ល្បឿន​លឿន​។ ចំពោះ​កង់​អគ្គិសនី​នេះ ពេល​សាក​ថ្ម​ពេញ​ម្តង អាចឱ្យ​សិស្ស​-​និស្សិត ជិះ​ទៅ​សាលារៀន និង​មក​ផ្ទះ​វិញ បាន​យ៉ាង​ណាស់​៣​ទៅ​៥​ថ្ងៃ ដែល​អាស្រ័យទៅលើ​ចម្ងាយ​សាលារៀន​នោះ​។ គីម​ហាក់ បាន​លើកឡើងថា ភាគច្រើន​អ្នករស់នៅ​ក្នុង​ក្រុងភ្នំពេញ ធ្វើដំណើរ​២០​គីឡូម៉ែត្រ ក្នុង​មួយថ្ងៃ​។ ដូច្នេះ​កង់​នេះ​ពេល​សាក​ថ្មពេញ អាច​ជិះ​បាន​៣​ថ្ងៃ​។ រីឯ​សិស្ស​-​និស្សិត​វិញ អាច​ជិះ​កង់​អគ្គិសនី បាន​រហូតដល់​៦​ថ្ងៃ បើ​ធ្វើដំណើរ​អស់​១០​គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThemy  ខេមរា គីម​ហាក់ បាន​អះអាងថា អ្នក​កង់​អគ្គិសនី​នេះ អាច​ចំណេញ​ប្រាក់​បាន​រហូតដល់​១០​ដង បើ​ធៀប​ទៅនឹង​អ្នកជិះ​ម៉ូតូ​អស់​៦០​គីឡូម៉ែត្រ​ដូចគ្នា ដោយ​ប្រើ​សាំង​អស់​ជិត​២​លីត្រ​។ គីម​ហាក់ បាន​និយាយ​រៀបរាប់​ដូច្នេះ ៖ «​កង់​អគ្គិសនី​នេះ អាច​ជិះ​ចម្ងាយ​អស់​៦០​គីឡូម៉ែត្រ យើង​ចំណាយ​ថ្លៃ​សាក​ថ្ម​អស់​៧០០​ទៅ​៨០០​រៀល​។ ប៉ុន្តែ បើ​យើង​ជិះ​ម៉ូតូ​បាន​ចម្ងាយ​៦០​គីឡូម៉ែត្រ​វិញ  យើង​ត្រូវ​ចំណាយ​លើ​ថ្លៃ​ចាក់​សាំង អស់ពី​៧០០០​ទៅ​៨០០០​រៀល​»​។
  
 
 
​យុវតី សឿន ច័ន្ទ​រ៉ាត់​តិ​កា រចនា​រូបរាង និង​តួកង់​នេះ​ឡើង​បែប​ខ្មែរ ប៉ុន្តែ​ទាន់សម័យ​។ កង់​នេះ​មាន​ល្បឿន​ត្រឹមតែ​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង សមស្រប​នឹង​ការបើកបរ​ក្នុង​ទីក្រុង ដើម្បី​បញ្ចៀស​នៃ​គ្រោះថ្នាក់​ចរាចរណ៍​។ «​ការដំឡើង​កង់​អគ្គិសនី​នេះ​ឡើង គឺ​មិន​ពិបាក ហើយក៏​មិន​ចំណាយពេល​យូរ​ដែរ​។ ដូចជា​កង់​អគ្គិសនី​ទីមួយ​នេះ យើង​ចំណាយពេល​៤​ថ្ងៃ គឺ​ដំឡើង​ឱ្យចេញ​ជា​រូបរាង និង​ដំណើរការបាន​។  ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ក្នុងការ​ផលិត​កង់​មិនបាន​លឿន​នោះ គឺ​ការបញ្ជាទិញ​សម្ភារ និង​ឧបករណ៍​ចំ​បាច់​មួយចំនួន​ពី​ប្រទេស​ចិន​។ ដូចជា ដុំ​ម៉ូ​ទ័​រ​, ថ្ម​សាក​ភ្លើង​ជាដើម ដោយសារតែ​នៅ​ខ្មែរ​យើង​មិនមាន​ឧបករណ៍​ទាំង​ហ្នឹង​លក់​»​។ 
 
​ឆ្លងកាត់​នៃ​ការបង្កើត​កង់​អគ្គិសនី​ទីមួយ​បាន​ជោគជ័យ ព្រមទាំង​ទទួលបាន​ជ័យលាភី​លេខ​១ ពី​កម្មវិធី Smart Spark ផង​នោះ យុវតី ច័ន្ទ​រ៉ាត់​តិ​កា នឹង​រចនា​ម៉ូត​កង់​អគ្គិសនី​នេះ​បន្ថែមទៀត ដើម្បីឱ្យ​តម្រូវ​មនុស្ស​គ្រប់​វ័យ​។ កញ្ញា សឿន ច័ន្ទ​រ៉ាត់​តិ​កា អះអាងថា កង់​អគ្គិសនី នឹង​ផលិតឡើង​មាន​បី​ទំហំ គឺ​ទំហំ​S សាក​សម​នឹង​មនុស្ស​មាន​កម្ពស់​ពី ១,៥០ ទៅ​១,៦០​ម៉ែត្រ​, ទំហំ​M ត្រូវ​នឹង​មនុស្ស​មាន​កម្ពស់ ១,៧០​ម៉ែត្រ និង​ទំហំ​L សម​នឹង​មនុស្ស​ដែលមាន​រូបរាង​ខ្ពស់​ខ្លាំង ពី​១,៨០​ម៉ែត្រ​ឡើងទៅ​។ 
 
​កង់​អគ្គិសនី​នេះ នឹងមាន​តម្លៃនៅលើទីផ្សា​រ ពី​៦០០ ទៅ​៨០០​ដុ​លា្ល​រ ក្នុង​មួយគ្រឿង ដោយ​ក្នុង​មួយខែ អ្នក​ផលិត​កង់​អគ្គិសនី​វ័យក្មេង​ទាំង​ពីររូប​របស់​កម្ពុ​ជា​នេះ គ្រោង​ផលិត​ឱ្យ​២០​គ្រឿង​៕
 
 

Tag:
 កង់​អគ្គិសនី​
  Tinky
  យុវជន​
  និស្សិត​
© រក្សាសិទ្ធិដោយ thmeythmey.com