កីឡាការិនី យស់ សញ្ចនា ចូលហ្វឹកហាត់កីឡាគុនល្បុក្កតោនៅឆ្នាំ២០១៤។ នាងត្រូវបានសហព័ន្ធកីឡាគុនល្បុក្កតោជ្រើសរើសឲ្យចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ក្រោយដណ្តើមបានមេដាយមាស៣ក្នុងការប្រកួតជើងឯកថ្នាក់ជាតិនៅឆ្នាំ២០១៧។ កត្តាទំនៀមទម្លាប់ ដែលលើកឡើងថា កូនស្រីមិនអាចហាត់ក្បាច់គុនបាន ធ្វើឲ្យ សញ្ចនា រងនូវការរិះគន់ពីសំណាក់មនុស្សមួយក្តាប់តូច។ តែយ៉ាងណាកីឡាការិនីវ័យ១៩ឆ្នាំរូបនេះ មិនខ្វល់នឹងពាក្យរិះគន់ទាំងនោះឡើយ ហើយ នាង ប្តេជ្ញាបន្តដើរលើវិថីមួយនេះ ដើម្បីសម្រេចគោលដៅ ដែលចង់ដណ្តើមមេដាយជូនជាតិក្នុងការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
ទស្សនកូនស្រីមិនអាចហាត់ក្បាច់គុន ធ្វើឲ្យកីឡាការិនី យស់ សញ្ចនា រងការរិះគន់ពីមនុស្សមួយចំនួនតូច ដែលគិតពីប្រពៃណីទំនៀមទម្លាប់ជាធំ ពេលនាងចូលហ្វឹកហាត់គុនល្បុក្កតោ។ ការរិះគន់នេះ ធ្វើឲ្យកីឡាការិនីវ័យ១៩ឆ្នាំរូបនេះ រងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ស្ទើរតែបោះបង់ការខិតខំ និងតស៊ូពាក់កណ្តាលផ្លូវម្តងៗ។
ប៉ុន្តែការដាក់សម្ពាធផ្លូវចិត្តនេះ មិនបានបន្ទច់បង្អាក់ សញ្ចនា ឲ្យឈប់ដើរលើវិថីក្បាច់គុន ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរមួយឡើយ។ ផ្ទុយទៅវិញរឹតតែធ្វើឲ្យ នាង មានការខិតខំប្រឹងប្រែងហ្វឹកហាត់កាន់តែខ្លាំងថែមទៀត ព្រោះចង់បង្ហាញឲ្យអ្នករិះគន់ទាំងនោះឲ្យឃើញថា ស្ត្រីក៏អាចហាត់ក្បាច់គុនដូចបុរសដែរ។ ជាពិសេសចង់ឆ្លើយតបនឹងទស្សនដែលលើកឡើងថា ស្ត្រីមិនអាចហាត់ក្បាច់គុនបាន។
«ខ្មែរយើងមានទស្សនវិស័យថា កូនស្រីអត់អាចហាត់ក្បាច់គុនបានទេ ហើយតែងយកទំនៀមទម្លាប់ជ្រុលនិយមគិតលើកូនស្រីថា ការហាត់ក្បាច់គុនមានការប៉ះដៃប៉ះជើង ប៉ុន្តែជាក់ស្តែងមិនមែនក្នុងន័យនេះទេ យើងហាត់ក្បាច់គុន គឺដើម្បីសុខភាព និងការប្រកួតប្រជែង។ សម្រាប់ការទិតៀនពីបរិស្ថានខាងក្រៅ និងមនុស្សមួយចំនួនតែងតែមាន គឺគេនិយាយថា អ្ហែងទៅហាត់អ៊ីចឹងធ្វើអីបានអីមកវិញ ហើយអ្ហែងជាស្រីទៅហាត់ក្បាច់គុនម៉េចសម។ ប៉ុន្តែខ្ញុំអត់ខ្វល់ ខ្ញុំនៅតែធ្វើអ្វីដែលជាក្តីស្រមៃរបស់ខ្ញុំ»។ នេះជាការលើកឡើងរបស់កីឡាការិនី យស់ សញ្ចនា។
កត្តាដែលធ្វើឲ្យកីឡាការិនីមកពីស្រុកស្អាងខេត្តកណ្តាលរូបនេះអាចជម្នះនូវការរិះគន់ខាងលើបាន គឺដោយសារមានការលើកទឹកចិត្តពីសំណាក់មិត្តរួមអាជីព គ្រូបង្វឹក ជាពិសេសឪពុកម្តាយ ដែលនាងចាត់ទុកជាកម្លាំងចិត្ត និងជាចលករជួយជំរុញទឹកចិត្តនាងឲ្យបន្តប្រឡូកក្នុងវិស័យកីឡាមួយនេះ។ សញ្ចនា ចូលហ្វឹកហាត់កីឡាគុនល្បុក្កតោ គឺដោយសារមានការជំរុញនិងលើកទឺកចិត្តពីឪពុក ដែលចង់ឲ្យមានសុខភាពល្អ និងក្លាយជាមនុស្សដ៏រឹងមាំ។
តែយ៉ាងណា កូនច្បងក្នុងគ្រួសារមានបងប្អូនពីរនាក់រូបនេះបានបង្ហើបថា នាងក៏ធ្លាប់បាក់ចិត្ត និងអន់ចិត្តចំពោះការរិះគន់នេះផងដែរ។ នាងបានរៀបរាប់ដូច្នេះថា៖«ខ្ញុំធ្លាប់មានការថ្នក់ចិត្តតិចតួចដែរ គឺយើងខំប្រឹងហ្វឹកហាត់ហត់ហើយ មកហត់ជាមួយពាក្យគេនិយាយទៀត។ ប៉ុន្តែអ្វីដែលជួយជំរុញទឹកចិត្តខ្ញុំខ្លាំងជាងគេ គឺប៉ារបស់ខ្ញុំ ដោយសារគាត់ចង់ឲ្យខ្ញុំក្លាយជាមនុស្សស្រីរឹងមាំ មានទំនួលខុសត្រូវលើខ្លួនឯង បន្ទាប់មកគ្រូបង្វឹក ជាពិសេសបងប្អូនល្បុក្កតោ ដែលតែងតែនិយាយលើកទឹកចិត្តខ្ញុំ»។
ក្នុងនាមជាស្រីការហ្វឹកហាត់ក្បាច់គុនអាចមានការលំបាកជាងបុរស ព្រោះស្ត្រីមានរាងកាយមិនសូវរឹងមាំដូចបុរស ហើយការហ្វឹកហាត់ទៀតសោត គឺទាមទារឲ្យមានការលោតផ្លោះក្នុងវិញ្ញាសាមួយចំនួនជាដើម។ ប៉ុន្តែកត្តានេះមិនមែនជាឧបសគ្គសម្រាប់ សញ្ចនា នោះទេ ដ្បិតនាងចាត់ទុកការគ្រេចថ្លោះ និងរបួសក្នុងអំឡុងពេលហ្វឹកហាត់ជារឿងធម្មតា។
«ការហាត់ក្បាច់គុនសម្រាប់យើងជាមនុស្សស្រីមានការលំបាកជាងមនុស្សប្រុស ដោយសារយើងមានរាងកាយទន់។ តែទាមទារឲ្យយើងមានការហ្វឹកហាត់ឲ្យដូចមនុស្សប្រុស។ អ៊ីចឹងពេលខ្លះវាតែងតែមានការគ្រេចថ្លោះ របួសជារឿងធម្មតា។ ពេលជួបបញ្ហាលំបាកពេលខ្លះគិតចង់បោះបង់ដែរ ប៉ុន្តែអារម្មណ៍មួយទៀតគិតពីក្តីស្រលាញ់ និងការតស៊ូអស់រយៈពេលជាច្រើនឆ្នាំជាមួយក្បាច់គុនមួយនឹង ដែលជាកត្តាជួយជំរុញទឹកចិត្តខ្ញុំឲ្យនៅតែបន្តជាមួយក្បាច់គុនល្បុក្កតោ»។ នេះជាការលើកឡើងរបស់ សញ្ចនា។
និស្សិតឆ្នាំទីពីរលើជំនាញសវនកម្មនៅវិទ្យាស្ថាន CamEd Business School រូបនេះ ចូលហ្វឹកហាត់គុនល្បុក្កតោនៅឆ្នាំ២០១៤។ នាង បានចូលរួមប្រកួតជើងឯកថ្នាក់ជាតិលើកដំបូងនៅឆ្នាំ២០១៧ ដោយដណ្តើមបានមេដាយមាស៣។ ជ័យជម្នះនេះជួយឲ្យនាងទទួលបានឱកាសប្រមូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិនៅឆ្នាំ២០១៨។ សញ្ចនា ត្រូវបានសហព័ន្ធបញ្ជូនទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិជាបន្តបន្ទាប់ និងបានសាងស្នាដៃជូនជាតិផងដែរ។ ជាក់ស្តែងក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីនកីឡាការិនីរូបនេះ ដណ្តើមបានមេដាយសំរឹទ្ធចំនួនពីរលើវិញ្ញាសាដំបងខ្លី Arnis ដែលជាកីឡាប្រពៃណីរបស់ម្ចាស់ផ្ទះហ្វីលីពីន៕