អន្តរជាតិ
​បច្ចេកវិទ្យា
តើ​អ្នក​ដែល​ដឹង​អំពី​អន្ទង់​ឆក់​ដែរឬទេ​? តើ​ពួកវា​បង្កើត​អគ្គិសនី​ដោយ​ដូចម្តេច​?
05, Jan 2020 , 10:30 pm        
រូបភាព
នៅក្នុង​លំហ​នៃ​ជម្រៅ​សមុទ្រ​ទាំងឡាយ​របស់​ភពផែនដី មាន​រឿងរ៉ាវ​ជាច្រើន​ដែល​មនុស្ស​មិនដែល​ដឹង មិនទាន់​បានដឹង ឬ​មិនទាន់បាន​បកស្រាយ​វា​ឲ្យ​បានច្បាស់លាស់​។ ជាមួយនឹង​សណ្ឋាន​ដី​ដ៏​ស្មុគស្មាញ និង​ជម្រៅ​ដ៏​ជ្រៅ ភាវៈរស់​ជាច្រើន​ប្រភេទ​បាន​វិ​វត្ត​មក​ជាមួយនឹង​លក្ខ​ខ​ណ្ខ​ពិសេស​ប្លែកៗ​ពីគ្នា ក្នុង​ការជួយ​ពួកវា​ឲ្យ​រស់​នៅបាន​ក្នុង​កាលៈទេសៈ​ទាំងនោះ​។ ក្នុងនោះ​មាន​សត្វ​មួយក្រុម​ដែល​មនុស្ស​បានដឹង​ខ្លះៗ​អំពី​ពួកវា​។ គេ​ហៅ​វា​ថា​«​អន្ទង់​ឆក់​»​ឬ​«Electric Eels»​ជា​ភាសា​អង់គ្លេស​។ ជាពិសេស​នៅក្នុង​គំនូរជីវចល គេ​បាន​រៀបរាប់​វា​ជា​សត្វ​ដែលមាន​ថាមពល​ពិសេស​ក្នុងការ​បង្កើត​ចរន្ត​អគ្គីសនី​ឡើង ក្នុងការ​ការពារ​ខ្លួន និង​ចាប់​ចំណី​។ តើ​ហេតុអ្វី​បានជា​អន្ទង់​ឆក់​អាចបង្កើត​អគ្គីសនី​បាន​? តើ​នៅពេល​បង្កើត ហេតុអ្វី​បានជា​វា​មិន​ឆក់​ខ្លួនឯង​?

 
​នៅក្នុង​ធម្មជាតិ អ្នកជំនាញ​ជាច្រើន​បាន​រកឃើញ​ប្រមាណ​ជា​ជិត​៣៥០​ប្រភេទ​នៃ​ត្រី ដែល​អាចបង្កើត និង​ស្ទង់​ចរ​ន្ទ​អគ្គីសនី​បាន​។ នេះ​បើតាម​ការបកស្រាយ​រប​ស់​វី​ឌី​អូ​នៃ​គេហទំព័រ​ចំណេះដឹង​ទូទៅ Ted-Ed និង​គេហទំព័រ​វិទ្យាសាស្ត្រ Scientific American ។ គេ​ក៏​ចែក​ពួកវា​ជា​ពីរ​ក្រុម​ផងដែរ ដែល​ទីមួយ​គឺ​ពពួក​«​អគ្គីសនី​ខ្សោយ​»​ឬ​«Weakly Electric» និង​ក្រុមទី​ពីរ​គឺ​ពពួក​«​អគ្គីសនី​ខ្លាំង​»​ឬ​«Strongly Electric»​។ ពួកវា​ប្រើប្រាស់​សកម្មភាព​នៃ​អគ្គីសនី​ទាំងនេះ​ក្នុង​ហេតុផល​មួយចំនួន​។ ដំបូង​នៅ​ក្នុងការ​ពិនិត្យមើល​អំពី​បរិវេណ​ជុំវិញខ្លួន ប្រាស្រ័យ​ទាក់ទង និង​ពេល​មួយចំនួន​ខ្លះទៀត ឆក់​សត្វ​ដទៃ​ឲ្យ​នៅ​ស្ងៀម​បាន​។ 
 
​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពពួកសត្វ​នេះ​អាច​ផលិត​អគ្គីសនី​បាន​គឺ​ដោយសារតែ​សរីរាង្គ​ពិសេស​ម្យ៉ាង​ដែល​គេ​ដាក់ឈ្មោះថា​«​សរីរាង្គ​អគ្គីសនី​»​ឬ​«Electric Organ»​។ សរីរាង្គ​មួយ​នេះ ដែល​ពេលខ្លះ​មាន​វត្ត​មាននៅ​សឹងតែ​គ្រប់ផ្នែក​នៃ​ខ្លួនប្រាណ​ពួកវា ហើយ​ផ្ទុក​កោសិកា​ពិសេស​ម្យ៉ាងទៀត​ហៅថា​«Electrocytes»​។ វា​មាន​រាងដូចជា​បន្ទះ​សំប៉ែត​ជា​រង្វង់​នៅជាប់ៗ​គ្នា ក្នុង​ចំនួន​មួយ​ច្រើន និង​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ណឺរ៉ូន នៃ​ខួរក្បាល​របស់​សត្វ​ត្រី​ទាំងនោះ​។ កោសិកា Electrocytes នីមួយៗ​មាន​សមត្ថភាព​ក្នុងការ​បញ្ចេញ និង​បញ្ចូល​ម៉ូលេគុល​នៃ​សារធាតុ​គីមី ដែលមាន​បន្ទុក​អគ្គីសនី​ផ្ទុយគ្នា​។ និយាយ​ឲ្យ​ខ្លី កោសិកា​ទាំងនេះ​អាច​គ្រប់គ្រង​ចរន្ត​នៃ​បន្ទុក​
​ខុសៗ​គ្នា ពោលគឺ​នៅក្នុង​កោសិកា និង​នៅ​ផ្នែក​សំបក​ខាងក្រៅ​កោសិកា​។ ភាពផ្ទុយ​នៃ​បន្ទុក​នេះហើយ​ដែល​បង្កើត​ឲ្យ​មាន​ចរន្ត​អគ្គីសនី ស្រដៀង​គ្នា​ជាមួយនឹង​ថ្មពិល​ដែល​គេ​ដាក់​ក្រុម​ជាប់ៗ​គ្នា​
​ដែរ​។ 
 
​ចុះ​ហេតុអ្វី​បានជា​វា​មិន​ឆក់​ខ្លួនឯង​? សម្រាប់​សំណួរ​មួយ​នេះ គេ​មិនមាន​ចម្លើយ​ឲ្យ​ពិត​ប្រា​ដក​នោះទេ​។ វា​នៅតែ​ជា​រឿង​មួយ​ដែល​គេ​មិនអាច​ទាន់​ដឹង​។ តែ​ការប៉ាន់ស្មាន​មួយចំនួន​បាន​បកស្រាយ​ថា វា​អាចមកពី​ខ្លួនប្រាណ​របស់ខ្លួន​វា​មាន​ទំហំ​ធំ​គួរសម រហូតដល់​វា​មិនអាច​ឆក់​ខ្លួនឯងបាន ពីព្រោះថា សត្វ​ទាំងនេះ​ជាទូទៅ​ឆក់​ត្រី​ដទៃ​ដែលមាន​មាឌតូចៗ​ជាង​។ ម្យ៉ាងវិញទៀត ចរន្ត​អគ្គីសនី​ដែល​វា​បញ្ចេញ​មាន​ភាពរ​ហ័យ​ពេក​។ ឯ​មតិ​ខ្លះទៀត​បាន​និយាយថា ពួកវា​មាន​ប្រូតេអ៊ីន​ពិសេស​ម្យ៉ាងដែ​លអាច​ការពារ​គ្រឿង​ក្នុង​ពី​ចរ​ន្ទ​អគ្គីសនី​បាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com