ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​ទស្សនវិជ្ជា​៖​យុវជន​គួរ​រៀន​ជំនាញ​ត្រិះរិះ​បែប​ស៊ីជម្រៅ ដើម្បី​បង្ការ​ខ្លួន​ពី​ជំងឺ​បាក់​ទឹកចិត្ត​
05, Jan 2020 , 10:59 pm        
រូបភាព
លោកបណ្ឌិត ប៉ា ចាន់រឿន ដែលជាអ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម
លោកបណ្ឌិត ប៉ា ចាន់រឿន ដែលជាអ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម
​ភ្នំពេញ​៖ យុវជន​នៅពេល​បច្ចុប្បន្ន ហាក់​ទទួលរង​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​បាក់​ទឹកចិត្ត​ច្រើន ដែល​បង្ហាញឱ្យឃើញ​ពី​កម្សោយ​ផ្នែក​ស្មារតី និង​សតិអារម្មណ៍​របស់​បុគ្គ​ល​នោះ​។ ដើម្បី​បង្ការ​ខ្លួន​ពី​ជំងឺ​បាក់​ទឹកចិត្ត លោក​បណ្ឌិត ប៉ា ចាន់​រឿន ដែលជា​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម បាន​ណែនាំ​យុវជន​គួរ​រៀន​ជំនាញ​ការគិត​វិភាគ​បែប​ស៊ីជម្រៅ​។ ទោះជា​យ៉ាងណា​លោក ប៉ា ចាន់​រឿន ថាបើ​ដល់​ដំណាក់កាល​ធ្លាក់ទឹក​ចិត្ត ឬ​បាក់​ទឹកចិត្ត​ហើយ យុវជន​គួរ​ប្រញាប់​ស្វែងរក​ជំនួយ ដូចជា​រក​អ្នក​ប្រឹក្សា​យោបល់ ឬ​រក​គ្រូពេទ្យ​ជំនាញ​ផ្នែក​វិកល​វិទ្យា ដើម្បី​ព្យាបាល​ភ្លាមៗ​។



​លោក​បណ្ឌិត ប៉ា ចាន់​រឿន អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម បាន​ព្រមាន​ដល់​យុវជន ដែល​រស់ក្នុង​សង្គម​មា​ន​ការវិវឌ្ឍ​សេដ្ឋកិច្ច​នេះ​ថា បើ​ពួកគេ​មិនមាន​ជំនាញការ​គិតពិចារណា​បែប​ស៊ីជម្រៅ​ទេ នោះ​ពួកគេ​អាច​នឹង​ធ្លាក់​ក្នុង​វិបត្តិ​ជាក់​ជាមិនខាន​។ 

  



​អ្នកស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា​រូបនេះ​បញ្ជាក់បន្ថែម​៖«​កំណើនសេដ្ឋកិច្ច និង​ការឱ្យ​តម្លៃ​លើ​សម្ភារ​និយម អាច​ទាញ​ឱ្យ​យុវជន​ដែល​មិនមាន​លទ្ធភាព ចង់បាន​របស់​លើសពី​សមត្ថភាពរបស់ខ្លួន ហើយ​នៅពេលដែល​មិនបាន​ដូច​បំណង ពួកគេ​ក៏​បាក់​ទឹកចិត្ត​»​។​
 
​បើតាម​លោក ប៉ា ចាន់​រឿន មាន​បញ្ហា​៥​ចំណុច​សំខាន់ៗ ដែល​អាច​នាំឱ្យ​យុវជន​មាន​ជំងឺ​បាក់​ទឹកចិត្ត​។ បញ្ហា​ចម្បង​ទី​១ គឺ​ម្ដាយ​ឪពុក​ឬ​អាណាព្យាបាល មិនបាន​បណ្ដុះ​ចិត្ត​កូន​ឱ្យ​រឹងមាំ​តាំងពីក្មេង​។ បញ្ហា​ទី​២ អាច​បណ្ដាលមកពី​បរិយាកាស​ក្នុងសង្គម​ខ្មែរ (​ការឱ្យ​តម្លៃ​ទៅលើ​សម្ភារ​ជាធំ​)​។ បញ្ហា​ទី​៣ អាច​បណ្ដាលមកពី ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​ស្មារតី ឬ​សុខុមាលភាព​សង្គម​នៅមានកម្រិត​។ បញ្ហា​ទី​៤ បរិយាកាស​នៃ​ការរស់នៅ មិនមាន​ផាសុខភាព និង​ទី​៥ គឺអាច​មកពី បណ្ដាញ​ព័ត៌មាន​សង្គម​។​
 
​យុវជន​អាច​រំដោះខ្លួន​ចេញពី​វិបត្តិ​ផ្លូវ​ចិត្តបាន លុះត្រា​ណា​ពួកគេ​ទទួលស្គាល់​ការពិត ហើយ​ដើម្បី​គិត​យល់​បែបនេះ ទាមទារ​ឱ្យ​យុវជន​មាន​ជំនាញ​គិត​បែប​ស៊ីជម្រៅ ព្រោះ​ជំនាញ​នេះ​បាន​ចង្អុល​ប្រាប់​មនុស្ស​ឱ្យ​មើលឃើញ​ប្រភព​នៃ​បញ្ហា ដំណោះស្រាយ និង​លទ្ធភាព​ដែល​អាចទៅរួច​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម​៕
 

Tag:
 ប៉ា ចាន់​រឿន​
  បាក់​ទឹកចិត្ត​
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com