អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូណេស៊ី បញ្ជា​ឲ្យ​កងទ័ព​ប្រុង​ជើងការ ក្រោយ​នាវា​ល្បាត​ចិន ឆ្លង​ហួស​អធិបតេយ្យ​ខ្លួន​
05, Jan 2020 , 4:19 pm        
រូបភាព
ដោយ:
 ​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បានដាក់​ឲ្យ​មានការ​ប្រុងប្រៀប និង​ប្រយ័ត្ន​ខ្ពស់​សម្រាប់​កងទ័ព​រប​ស់​ខ្លួន ដែល​កំពុងតែ​ឈរជើង​នៅ​ប្រជុំ​កោះ ណា​ទុ​ណា (Natuna archipelago) ដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ សេចក្តីថ្លែងការណ៍​ប្រុង​ជើងការ​របស់​ក្រុង​ហ្សា​ការ​តា ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​នាវា​ល្បាត​របស់​ក្រុង​ប៉េកាំង ចូលទៅក្នុង​ដែន​អធិបតេយ្យ​របស់​ឥណ្ឌូណេស៊ី ដែលជា​ចំណុច​ធ្លាប់មាន​វិវាទ​រវាង​ចិន និង​ឥណ្ឌូណេស៊ី​ស្រាប់​ផង។​

 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Globe នៅ​ថ្ងៃ​៣ មករា កន្លងទៅ អ្នកនាំពាក្យ​កងទ័ព​ឥណ្ឌូណេស៊ី លោក​ឧ​ត្ត​ម​សេនីយ៍ Sisriadi បាន​ឲ្យ​ដឹងថា កងទ័ពជើងទឹក និង​កងទ័ពអាកាស ត្រូវបាន​ដាក់ពង្រាយ និង​បាន​បំពាក់អាវុធ និង​ដាក់​បញ្ជា​ឲ្យ​មានការ​ប្រុង​ជើងការ​រួចជាស្រេច​ហើយ​នៅ​ប្រជុំ​កោះ​ណា​ទុ​ណា​។ 
 
​អ្នកនាំពាក្យ​រូបនេះ បាន​សង្កត់ធ្ងន់ថា កងកម្លាំង​របស់​ឥណ្ឌូណេស៊ី មាន​សមត្ថភាព​គ្រប់គ្រាន់ ហើយ​ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​គ្រប់គ្រង និង​ឆ្លើយតប​រាល់​ស្ថានការណ៍ ក្នុងករណី ដែល​អាច​ឈានដល់​ការប៉ះទង្គិច​គ្នា​ជាមួយនឹង​កង​នាវា​របស់​ចិន​។ នេះ​បើ​យោងតាម​តាម​ប្រភពព័ត៌មាន​ដដែល​នោះ​។​
 
​ជាមួយគ្នានេះ ដើម្បី​ធានាថា នឹងមិន​មាន​នាវា​មកពី​ចិន ចូល​ហួស​ក្នុង​ដែន​អធិបតេយ្យ​របស់​ឥណ្ឌូណេស៊ី​នោះ អ្នកនាំពាក្យ​រូបនេះ បាន​អះអាងថា បញ្ជាការដ្ឋាន​កងទ័ព​ឥណ្ឌូណេស៊ី បាន​បំពាក់​ប្រព័ន្ធ​ស៊ើបការណ៍ និង​ការជូនដំណឹង​ជាមុន​។ ហើយ​ដើម្បី​ឲ្យ​កាន់តែ​រឹងមាំ​នោះ នាពេល​ខាងមុខនេះ ឥណ្ឌូណេស៊ី ក៏​នឹងដាក់​ដំណើរការ​មជ្ឈមណ្ឌល​ព័ត៌មាន​ដែនសមុទ្រ​មួយ ដែលមាន​មុខងារ​កំណ​ត់​រាល់​សកម្មភាព​របស់​នាវា​ទាំងឡាយ ដែល​បំពាន​ព្រំដែន​របស់​ឥណ្ឌូណេស៊ី​។ 
 
​ជុំវិញ​ស្ថានភាព​សន្តិសុខ​លើ​ប្រជុំ​កោះ​ណា​ទុ​ណា​នេះដែរ រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ឥណ្ឌូណេស៊ី ក៏បាន​ជួបប្រជុំ​ពិភាក្សាគ្នា​ផងដែរ​។ ក្នុងនោះ លោកស្រី​រដ្ឋមន្ត្រីការបរទេស Retno Marsudi បានបញ្ជាក់​ច្បាស់​ថា នាវា​របស់​ចិន បាន​បំពាន​ព្រំដែន​ដែលជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ ដ៏​មាន​សក្តានុពល​របស់​ឥណ្ឌូណេស៊ី​។ លោកស្រី អះអាងថា ឥណ្ឌូណេស៊ី មិនដែល​ទទួលស្គាល់​ការទាមទារ​តាម​ផែនទី​ប្រាំបួន​ត្រេ​របស់​ចិន​ឡើយ​។  
 
​គួរ​ជម្រាប​ថា តំបន់​ប្រជុំ​កោះ និង​សមុទ្រ​ណា​ទុ​ណា គឺជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ ចិន កន្លងមក បាន​អះអាងថា ខ្លួន​មាន​សិទ្ធិ​គ្រប់គ្រង​នៅ​តំបន់​នោះដែរ ដោយ​យោងតាម​ផែនទី​គំនូស​ប្រាំបួន​ត្រេ ខណៈ​ឥណ្ឌូណេស៊ី ដែលមាន​ទាំង​កងទ័ព​ឈរជើង​នៅ​ទីនោះ​ស្រាប់ បាន​អះអាងថា ណា​ទុ​ណា គឺជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន ស្របតាម​ច្បាប់​សមុទ្រ​អន្តរជាតិ​។​
 
​តាមពិតទៅ នេះ មិនមែនជា​លើកទីមួយ​នោះទេ ដែល​ឥណ្ឌូណេស៊ី និង​ចិន មានការ​ប្រឈមមុខគ្នា​បែបនេះ​។ ក្រោយពី​មានការ​ប្រឈមមុខគ្នា​លើ​តំបន់​នេះ​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ប្តេជ្ញា​មិន​ឲ្យ​បាត់បង់​ទឹកដី​របស់ខ្លួន​សូម្បី​តែមួយ​មី​លី​ម៉ែត​ឡើយ​។ ឥណ្ឌូណេស៊ី បាន​សន្យា​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​ការទូត និង​កងទ័ព​ដើម្បី​ធានា​ពី​សុវត្ថិភាព​ប្រទេស​របស់ខ្លួន​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com