ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ វាយតម្លៃ​សេដ្ឋកិច្ចកម្ពុជា​២០១៩ និង​ព្យាករ​សម្រាប់​២០២០
05, Jan 2020 , 5:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទាំង​ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅតែ​ត្រូវបាន​វាយតម្លៃថា​មាន​ភាពរឹងមាំ​។ នេះ​បើតាម​របាយការណ៍​សង្ខេប​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្ដីពី​«​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​វិស័យ​ធនាគារ​ឆ្នាំ​២០១៩ និង​ទស្សនវិស័យ​ឆ្នាំ​២០២០» ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២​ខែមករា។​


​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ​២០១៩ បន្ត​រីកចម្រើន​រឹងមាំ​ក្នុង​អត្រា ៧,១ ភាគរយ ដែល​គាំទ្រ​ដោយ​កំណើន​នាំចេញ​ជាពិសេស​ផលិតផល​កាត់ដេរ កំណើន​វិស័យ​សំណង់​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​នាំចូល​សម្ភារ​សំណង់ និង​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ ជាពិសេស​តំបន់ឆ្នេរ​និង​ក្នុង​គោលបំណង​ធ្វើ​ធុរកិច្ច​។ កំណើន​វិស័យ​កសិកម្ម​បន្ត​មាន​អត្រា​ទាប​និង​បាន​ថយចុះ ប៉ុន្តែ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ច​ផងដែរ​។​
 
​សេដ្ឋកិច្ចកម្ពុជា​បន្ត​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ជាពិសេស​ក្នុង​វិស័យ​ហិរញ្ញវត្ថុ កម្មន្តសាល សំណង់​និង​អចលនទ្រព្យ​។ ក្នុង​ឆ្នាំ​២០១៩ FDI នៅ​កម្ពុ​ជាមាន​ទុន​ប្រមាណ​ជាង ៣៥០០​លាន​ដុល្លារ​។ នេះ​បើតាម​ការប៉ាន់ស្មាន​រប​ស់​ធនាគារជាតិ​។ 
 
​អតិផរណា​នៅ​ឆ្នាំ​២០១៩​មាន​កម្រិត​ជា​មធ្យម ១,៩​ភាគរយ ជាមួយ​ស្ថិរភាព​អត្រា​ប្ដូរប្រាក់​ក្នុង​រង្វង់ ៤០៥៥ រៀល​ក្នុង​១​ដុល្លារ​អាមេរិក ដែល​បានរួម​ចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។ ទុនបម្រុង​អន្តរជាតិ​កើន​ដល់ ១៨ ពាន់​លាន​ដុល្លារ ដែល​អាច​ធានា​ការ​នាំចូល​ទំនិញ​បាន​៧​ខែ ខ្ពស់ជាង​កម្រិត​អ​ប្បរមា (៣​ខែ​) ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន​។ 
 
​សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​ប្រឈម​ហានិភ័យ​មួយចំនួន​។ ហានិភ័យ​ខាងក្រៅ រួមមាន ភាព​អាច​ថយចុះ​នៃ​កំណើនសេដ្ឋកិច្ច​ចិន ដែល​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា​ដែលមាន​ទំនាក់ទំនង​ជិតស្និទ​ជាមួយ​សេដ្ឋកិច្ច​មហាអំណាច​ទី​២​ពិភពលោក​មួយ​នេះ  និង​និន្នាការ​នៃ​អនុវត្ត​គោលនយោបាយ​គាំពារ​និយម​របស់​ប្រទេស​មួយចំនួន​អាច​ប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​។ ចំពោះ​ហានិភ័យ​ពី​ខាងក្នុង គឺមាន​ដូចជា ភាព​អាច​បាត់បង់​ការអនុគ្រោះ​ពន្ធ​EBA , កម្រិត​ខ្ពស់​នៃ​កំណើន​ឥណទាណ​បញ្ចូល​ក្នុង​វិស័យ​សំណង់​អាច​បង្ក​ឲ្យ​ហានិភ័យ​កើនឡើង​។​
 
​ទោះយ៉ាងណា​កំណើនសេដ្ឋកិច្ច​២០២០ ត្រូវបាន​រំពឹងថា​អាច​សម្រេចបាន​ក្នុង​រង្វង់​៧​ភាគរយ​។ ការរំពឹងទុក​នេះ ផ្អែកលើ​ការ​ព្យាករ​ពី​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក ដែល​នឹង​រួមចំណែក​ផ្ដល់​ភាពអំណោយ​ផល​ដល់​ការនាំចេញ ការវិនិយោគ និង​វិស័យ​ទេសចរណ៍​កម្ពុជា ស្រប​ពេលដែល​សេដ្ឋកិច្ចកម្ពុជា​ទទួលបាន​លទ្ធផល​ជា​លំដាប់​ពី​ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​កំណើន និង​កំណែទម្រង់​។ ការនាំចេញ​រំពឹងថា​នឹង​បន្ត​មាន​កំណើន​ខ្ពស់​ក្នុង​អត្រា​ខ្ពស់ ពិសេស​ទំនិញ​សម្រាប់​ធ្វើដំណើរ​(Travel Goods) ទំនិញ​កម្មន្តសាល​ផ្សេងៗ ទោះបី​កំណើន​នាំចេញ​សម្លៀកបំពាក់​អាច​ថមថយ​ល្បឿន​៕ 

Tag:
 កំណើនសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com