ជាតិ
សង្គមជាតិ
ផ្ទះ​ស្នា​ក់មួយ​នៅ​សៀមរាប​អាយុ​ជាង​១០០​ឆ្នាំ​កំពុង​ទាក់ទាញ​ទេសចរ​
06, Jan 2020 , 8:30 am        
រូបភាព
​សៀមរាប​៖ ផ្ទះ​ស្នា​ក់មួយ​ឈ្មោះថា Bong Thom Homestay ដែលមាន​ទីតាំងនៅ​ស្រុក​បន្ទាយស្រី កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ ពិសេស​ទេសចរ​ប៉ែក​អឺរ៉ុប​។ នៅទីនេះ មានផ្ទះ​បុរាណ​ដែលមាន​អាយុ​ជាង​១០០​ឆ្នាំ​ដែល​ម្ចាស់​ទីនេះ​ទិញ​ពី​ផ្ទះ​បុរាណ​មួយកន្លែង​នៅ​ខេត្តកំពង់ធំ និង​សម្ភារ​ប្រើប្រាស់​ស្ទើរ​ទាំងអស់​ក្នុងនេះ ច្នៃ​ចេញពី​វត្ថុ​ប្រើប្រាស់​របស់​ពលរដ្ឋ​ខ្មែរ​។​

 
​លោក ខាន់ វណ្ណ​ឌុន នាយក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ផ្ទះ​ស្នាក់​បងធំ​បានឱ្យដឹងថា ផ្ទះ​ស្នាក់​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១០ ពេលនោះ​មានផ្ទះ​ត្រឹម​មួយ​ខ្នង​ប៉ុណ្ណោះ ដែល​អាចដាក់​ភ្ញៀវ​បាន​២០​នាក់​។ ជា​បន្តបន្ទាប់ ទីតាំង​នេះ​បាន​ពង្រីក​ផ្ទះ ហើយ​នៅ​ឆ្នាំ​២០១២ ផ្ទះ​បុរាណ​មួយទៀត​ត្រូវបាន​ទិញ​ពី​ផ្ទះ​បុរាណ​អាយុ​ជាង​១០០​ឆ្នាំ​ពី​អ្នកភូមិ​ស្ទោង ខេត្តកំពង់ធំ​។ 
 
 
 
​លោក វណ្ណ​ឌុន ប្រាប់ថា បំណង​នៃ​ការរៀបចំ​នេះ​គឺ​ដើម្បី​ជួយ​រួម​ថែរក្សា ផ្សព្វផ្សាយ​ឱ្យ​ទេសចរ​បរទេស​ស្គាល់​នូវ​សំណង់ផ្ទះ​បុរាណ​ខ្មែរ ក៏ដូចជា​សិល្បៈ​និង​វប្បធម៌​ខ្មែរ​។ តាម​ការបញ្ជាក់​ពី​អ្នកគ្រប់គ្រង ផ្ទះ​ស្នាក់​ទាំងអស់ ក៏ដូចជា​អាហារ​ដ្ឋា​ន​ដែល​សង់​លំនាំ​ដូច​សាលាឆទាន គឺ​សុទ្ធសឹង​ប្រមូល​ទិញ​ពី​អ្នកស្រុក​ស្ទោង ដែល​រុះរើ​មក​សង់​ឡើងវិញ​ដោយ​បន្ថែម​សម្ភារ​ថ្មី​តែ​១០​ភាគរយ​ប៉ុណ្ណោះ​។ បន្ថែម​ពី​នោះ ក៏មាន​ការកែច្នៃ​របស់​ប្រើប្រាស់​ក្នុងផ្ទះ​ពី​សម្ភារ​ដែល​ចាស់ៗ ឬ​សម្ភារ​ដែល​គេ​បោះចោល​មួយចំនួន​ផងដែរ​។ សម្ភារ​ទាំងនោះ​រួមមាន កង់​និង​កាំ​រទេះគោ ចង្កៀងគោម ត្បាល់ តុ ទូ ប្រអប់​ដាក់​ស្លា​ជាដើម​។​ល​។​
 
​ភ្ញៀវទេសចរ​ដែល​ស្នាក់​និង​ហូប​អាហារ​នៅផ្ទះ​ស្នាក់​បែប​បុរាណ​នេះ គឺ​៩០​ភាគរយ​ជា​ទេសចរ​អឺរ៉ុប ក្នុងនោះ​ទីនេះ​ក៏​ពេញនិយម​សម្រាប់​ក្រុមនិស្សិត​នៅ​តំបន់​អាស៊ី​ដូចជា​អូស្ដ្រាលី និង​ម៉ាឡេស៊ី​ផងដែរ សម្រាប់​ទស្សនកិច្ច​សិក្សា​ប្រចាំឆ្នាំ​ពួកគេ​។ តាម​ការលើកឡើង​រប​ស់លោក វណ្ណ​ឌុន ភ្ញៀវទេសចរ​ប្រាប់ថា អ្វីដែល​ពួកគេ​មិន​ធ្លាប់​បានឃើញ​គឺ​ផ្ទះ​បុរាណ​ខ្មែរ តែ​អ្វីដែល​ពួកគេ​កោតសរសើរ​ខ្លាំង គឺ​ធម្មជាតិ​នៅ​ជុំវិញ​ផ្ទះ​ស្នាក់​នេះ​ដែល​ត្រូវបាន​ថែរក្សា​បាន​យ៉ាង​ល្អប្រសើរ​។​
 
 
 
​តាម​ការបញ្ជាក់​ពី​លោក វណ្ណ​ឌុន ការរៀបចំ​នៅ​នេះ គឺ​កើតចេញពី​គំនិត​ម្ចាស់ផ្ទះ​ស្នាក់​ដែលមាន​បទពិសោធន៍​ក្នុង​វិស័យ​សណ្ឋាគារ​ជាង​២០​ឆ្នាំ​មកហើយ​។ ជាមួយនេះ ការវិនិយោគ​ផ្ទះ​ស្នាក់​របៀបនេះ​ក៏​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ដែរ គឺ​ទាមទារ​ពេលវេលា បូករួម​និង​គំនិត​ច្នៃប្រឌិត​ខ្ពស់​តាមបែប​ប្រពៃណី និង​វប្បធម៌​ខ្មែរ​។ យ៉ាងណា លោក វណ្ណ​ឌុន ក៏បាន​លើកទឹកចិត្ត​ឱ្យ​អ្នករកស៊ី​ដទៃទៀត គួរ​ចូលរួម​ធ្វើ​កិច្ចការ​ទាំងនេះ ដ្បិតថា​ទីនេះ​តែមួយ​មិនអាច​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ឱ្យ​ទូលំទូលាយ​បានទេ ដូច្នេះ​ត្រូវការ​ការងារ​ចូលរួម​ពី​វិស័យ​ផ្សេងៗ​ទៀត​៕
 














 

Tag:
 បន្ទាយស្រី​
  Bong Thom Hommstay
© រក្សាសិទ្ធិដោយ thmeythmey.com