កីឡាជាតិ
ជាតិ
ពេជ្រ ម្ទេសខ្មាំង សង្ឃឹម និង​តាំងចិត្ត​ខ្ពស់​ក្នុង​ការដណ្តើម​ថវិកា​១​ម៉ឺន​ដុល្លារ​នៅ​សង្វៀន​ភី​អិន​អិន​
06, Jan 2020 , 6:44 am        
រូបភាព
ដោយ:
​កីឡាករ ពេជ្រ ម្ទេសខ្មាំង ជា​សមាសភាព​១​រូប​ក្នុងចំណោម​ខ្មែរ​ទាំង​៨​រូប ដែល​ត្រូវ​ប្រជែង​ជាមួយ​ថៃ ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ប្រាក់ មាស និង​ថវិកា​១​ម៉ឺន​ដុល្លារ​ក្នុង​កម្មវិធី​ប្រដាល់​អធិរាជ​គុន​ខ្មែរ ISI Palm រជ្ជកាល​ទី​២​របស់​ស្ថានីយទូរទស្សន៍​ភិ​អិន​អិន​។ ទោះបី​បាត់​មុខ​មួយរយៈ​ធំ​ពីស​ង្វៀន​ប្រដាល់​គុន​ខ្មែរ តែ​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​រូបនេះ ហាក់​មាន​ក្តី​រំពឹង និង​តាំងចិត្ត​ខ្ពស់​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​មួយ​នេះ​។ ម្ទេសខ្មាំង និយាយ​យ៉ាង​ម៉ឺងម៉ាត់​ថា រូបគេ​មិន​ខ្លាចញញើត​ចំពោះ​សមត្ថភាព​ដៃគូ​ឡើយ ពោលគឺ​ប៉ះ​អ្នកណា​ក៏បាន​។​

​ក្រោយ​បាត់​មុខ​ពីស​ង្វៀន​ប្រដាល់​គុន​ខ្មែរ​អស់​រយៈពេល​ជាច្រើន​ខែ ពេជ្រ ម្ទេសខ្មាំង នឹង​បង្ហាញ​វត្តមាន​លើស​ង្វៀន​ប្រដាល់សេរី​សាជាថ្មី បន្ទាប់ពី​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​ជ្រើសរើស​រូបគេ​ឲ្យ​ប្រកួតប្រជែង​ដ​ណ្តើ​ត​ខ្សែក្រវាត់​អម​ជាមួយ​ថវិកា​១​ម៉ឺន​ដុល្លារ​ក្នុង​កម្មវិធី​ប្រដាល់​អធិរាជ​គុន​ខ្មែរ ISI Palm រជ្ជកាល​ទី​២​។ កីឡាករ​ជោគជាំ​ដោយ​បទពិសោធ​ប្រដាល់សកល​រូបនេះ ហាក់​មាន​ទំនុកចិត្ត និង​ជឿជាក់​ខ្លាំង​លើ​សមត្ថភាព​ខ្លួន សម្រាប់​ការ​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​នេះ​។ 
 
​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​និង​បទពិសោធ​ប្រកួត​ប្រដាល់សកល​លើ​ឆាក​អន្តរជាតិ គឺជា​កត្តា​ដែល​ជំរុញ​ឲ្យ​កីឡាករ​រូបនេះ​មាន​ក្តី​រំ​ពឺ​ង និង​ជឿជាក់​ខ្លាំង​បែបនេះ​។ ម្ទេសខ្មាំង ដែល​កំពុង​ហ្វឹកហាត់​ពង្រឹង​លើ​ការប្រើប្រាស់​ជើង​អះអាងថា ការផ្លាស់ប្តូរ​ពី​ប្រដាល់សកល​មក​ប្រដាល់សេរី​មិន​ចោទ​ជា​បញ្ហា​ឡើយ​។ ផ្ទុយទៅវិញ​ប្រដាល់សកល​ជួយ​ឲ្យ រូបគេ មាន​ចលនា​បំលាស់​ទី​លឿន និង​ប្រើប្រាស់​កណ្តាប់ដៃ​បានល្អ និង​រហ័សរហួន​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ចោទ​សម្រាប់​រូបគេ គឺ​ការប្រើប្រាស់​ជើង ខណៈ​បច្ចុប្បន្ន​កីឡាករ​រូបនេះ​កំពុង​ហ្វឹកហាត់​ពង្រឹង​ចំណុច​ខ្វះខាត​មួយ​នេះ​។​
 
​ជាមួយ​ការប្តេជ្ញា​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​ជ័យជម្នះ ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​នៅ​ម៉ាឡេស៊ី​រូបនេះ​បានបង្ហាញ​ភាពក្លាហាន​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ​តាំងពីដើម​ដល់​ឥឡូវ​មិនដែល​ខ្លាច​កីឡាករ​ណា​ឡើយ​សំខាន់​ឲ្យ​តែ​គេ​ដា​ក់មក​ប្រកួត​ហើយ​ថ្លឺ​ង​គីឡូ​ត្រូវ គឺ​ខ្ញុំ​វ៉ៃ​ទាំងអស់ អត់​ខ្វល់​ចាញ់ ឬ​ឈ្នះ អត់​ដែល​ញញើត អត់​ដែល​ខ្លាច​!»​។ 
 
​នេះ​ជា​លើក​ទី​២​ហើយ ដែល​កីឡាករ ពេជ្រ ម្ទេសខ្មាំង ចូលរួម​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​លក្ខណៈ​អន្តរជាតិ ខណៈ​កាល​លើក​ទី​១​រូបគេ​គឺជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​៥៧​គីឡូក្រាម​ប្រចាំ​កម្មវិធី ដែល​រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​។ នេះ​ក៏​ជា​កត្តា​មួយ​ផងដែរ​ក្នុង​ការផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ​រូបនេះ សម្រាប់​ការចូលរួម​ប្រកួត​លើក​ទី​២​នេះ​។ តែ​យ៉ាងណា​មកទល់ពេលនេះ ម្ទេសខ្មាំង មិនបាន​ដឹង​ពី​សមាសភាព​ដៃគូ ដែល​ត្រូវ​ជួប​នៅ​ជុំ​ដំបូង​នៅឡើយ​ទេ​។ 
 
​លោក ស្រ៊ឺ ស្រេង ហៅ​សំណព្វ ប្រធាន​ផ្នែក​ព័ត៌មាន​កីឡា​របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​អះអាងថា ការប្រកួត​រជ្ជកាល​ទី​២​នេះ​នឹងមាន​ការទាក់ទាញ និង​ជក់ចិត្ត​ជាង​រជ្ជកាល​ទី​១ ដ្បិត​មាន​ផ្លាស់ប្តូរ​រូបមន្ត​ប្រកួត​មួយចំនួន​។ ជាពិសេស​ទាំង​កីឡាករ​កម្ពុជា និង​ថៃ សុទ្ធសឹង​ជា​កីឡាករ​មាន​សមត្ថភាព​ខ្លាំង ដោយ​ឆ្លងកាត់​ការជ្រើសរើស​យ៉ាង​យកចិត្តទុកដាក់​អស់​រយៈពេល​ជាច្រើន​ខែ​។ 
 
«​កាលពី​រដូវ​កាល​មុន​យើង​មាន​ខ្មែរ​៨​ថៃ​៨​ដូចគ្នា តែ​ហាក់​មានការ​ផ្អៀង​បន្តិច​ដោយសារ​មាន​កីឡាករ ឡៅ ចិ​ត្រា និង ឃឹម ឌី​ម៉ា តែ​យ៉ាងណា​នេះ​គ្រាន់តែ​ជាការ​ចាប់​ផ្តើមដំបូង​។ ប៉ុន្តែ​រដូវ​កាល​ទី​២​នេះ​មាន​ភាពល្អប្រសើរ​ជាង ត្រង់​ថា​យើង​មាន​ពេល​ជ្រើសរើស​ក្នុងការ​ជ្រើសរើស​កីឡាករ ព្រោះ​យើង​បាន​ចុះ​កុងត្រា​រដូវ​កាល​ថ្មី​តាំងពី​៣​ខែ​មុខ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សំណព្វ​។ 
 
​លោក​បាន​បន្ថែមថា សម្រាប់​រូបមន្ត​ប្រកួត​កីឡាករ​ចាញ់​ក្នុង​ប្រកួត​ដំបូង​គឺ​ធ្លាក់ ពោលគឺ​គ្មាន​ការប្រកួត​វិលជុំ ដើម្បី​ស្វែងរក​កីឡាករ​ឡើងទៅ​ប្រកួត​ដណ្តើមយក​ខ្សែក្រវាត់​ប្រាក់​ដូច​រដូវ​កាល​មុន​ឡើយ​។ ការប្រកួត​ធ្វើឡើង​មួយ​សប្តាហ៍​មួយគូ ហើយ​អ្នកឈ្នះ​ទាំង​៨​នឹង​ឡើងទៅ​ប្រកួត​ដណ្តើមយក​ខ្សែក្រវាត់​ប្រាក់​ដោយ​ឆ្លងកាត់​ការចាប់​ឆ្នោត ខណៈ​លើក​មុន​កីឡាករ​៤​រូប​(​ខ្មែរ​ពីរ​ថៃ​ពីរ​)​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ ដើម្បី​ស្វែងរក​កីឡាករ​ឡើងទៅ​ប្រកួត​ដណ្តើមយក​ខ្សែក្រវាត់​ប្រាក់​។ 
 
​បន្ទាប់មក​អ្នកឈ្នះ​ខ្សែក្រវាត់​ប្រាក់​ទាំង​៤​នឹង​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​អ្នកឈ្នះ​នឹង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមយក​ខ្សែក្រវាត់​មាស​ជាមួយ​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​។ ការផ្លាស់ប្តូរ​រូបមន្ត​ប្រកួត​នេះ គឺ​ដើម្បី​ផ្តល់ឱកាស​ឲ្យ​កីឡាករ​ឆាប់​បាន​ទៅ​ប្រកួត​នៅតាម​ប៉ុស្តិ៍​ផ្សេងៗ ព្រោះ​ភី​អិន​អិន​គ្មាន​គោលការណ៍​ចងជើង​កីឡាករ​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស្រ៊ឺ ស្រេង​។​
 
​ជាមួយគ្នានេះ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ជំរុញ​ឲ្យ​កីឡាករ​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ហើយ​ក្រើនរំលឹក​ឲ្យ​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​កាត់ក្តី​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​ឈរលើ​គោលការណ៍ Fair Play​។ ការជំរុញ​នេះ គឺ​ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ឲ្យ​កីឡាករ និង​បង្កើន​ភាព​ទាក់ទាញ​ក្នុងការ​ប្រកួត​។ 
 
​កម្មវិធី​ប្រដាល់​អធិរាជ​គុន​ខ្មែរ ISI Palm រជ្ជកាល​ទី​២​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៥ ខែមករា ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ដោយមាន​កីឡាករ​១៦​រូប​ចូលរួម​(​ខ្មែរ​៨​ថៃ​៨)​។ កីឡាករ​កម្ពុជា​រួមមាន ពេជ្រ ម្ទេសខ្មាំង​, វ៉ាន់ វឿន​, ម៉ន សា​ម៉េ​ត​, អេ​លី​ត ចំរើន​, ឃួន ឡាំ​កូស៊ីន​, អេ ណា​រ័ត្ន​, ប៊ុន សុធា និង លៀប រដ្ឋា ខណៈ​កីឡាករ​ថៃ​រួមមាន Kamlaiyok, Kompayak, Petchchumphon, Jaophahin, Kompichit, Payakinsee, Nakornloung និង Paingen​។ 
 
​កីឡាករ ម៉ន សា​ម៉េ​ត បាន​បាត់បង់​ឱកាស​ឡើងទៅ​ប្រកួត​ដណ្តើមយក​ខ្សែក្រវាត់​ប្រាក់ ក្រោយ​ប្រកួត​ចាញ់​កីឡាករ Kompichit (​ឃុ​ម​ភី​ឈិ​ត​)​ដោយ​ពិន្ទុ​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩​នេះ​៕  
 
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ពេជ្រ ម្ទេសខ្មាំង​
  អធិរាជ​គុន​ខ្មែរ ISI Palm
© រក្សាសិទ្ធិដោយ thmeythmey.com