ជាតិ
បេក្ខជន​ប្រឡង​ចៅក្រម​ជំទាស់​លទ្ធផល​ហើយ​សុំ​លោក​ហ៊ុន សែន​អន្តរាគមន៍​
06, Jan 2020 , 1:39 pm        
រូបភាព
រូបថតឯកសារ៖​ ចៅក្រុម​ចំនួន​៥៥នាក់​ថ្មី ដែលត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដោយ​ព្រះ​មហាក្សត្រ នៅ​ឆ្នាំ​២០១៥។
រូបថតឯកសារ៖​ ចៅក្រុម​ចំនួន​៥៥នាក់​ថ្មី ដែលត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដោយ​ព្រះ​មហាក្សត្រ នៅ​ឆ្នាំ​២០១៥។
ដោយ: VOA
​ភ្នំពេញ ៖ បេក្ខជន​ប្រឡង​សិស្ស​ចៅក្រម​ចំនួន​៥​នាក់ បាន​ស្វះស្វែង​សុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​តម្លាភាព​លើ​លទ្ធផល​នៃ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០​។ នេះ​បើ​យោងតាម​លិខិត​មួយ​របស់​ក្រុម​បេក្ខជន​ដែល VOA ទទួលបាន​នៅក្នុង​សប្តាហ៍​នេះ​។​

 
​បេក្ខជន​ប្រឡង​សិស្ស​ចៅក្រម​ចំនួន ០៥​នាក់ ដែល​ក្នុងនោះ​មាន​ពីរ​នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ បានលើកឡើង​ពី​ការកើត​ទុក្ខ​មិន​សុខចិត្ត​លើ​លទ្ធផល​ស្ថាពរ​នៃ​ការប្រឡងប្រជែង​ជ្រើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០​។​
 
​លោក គង់ ប៊ុន​រិ​ទ្ធ បេក្ខជន​មួយ​ក្នុងចំណោម​បេក្ខជន​ដែល​បានដាក់​ពាក្យស្នើសុំ​អន្តរាគមន៍​ពី​លោក​ហ៊ុន សែន បាន​ប្រាប់ VOA ថា លោក​មិនអាច​ទទួលយក​ការបកស្រាយ​ពី​គណៈកម្មការ​នាយក​រៀប​ចំការ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​បានទេ ដោយសារតែ​ការលាក់លៀម​មិន​បង្ហាញ​ពិន្ទុ និង​ចំណាត់ថ្នាក់​របស់​បេក្ខជន​ជា​សាធារណៈ​។​
 
​លោក គង់ ប៊ុន​រិ​ទ្ធ បន្ថែមថា​៖ «​ខ្ញុំ​មែនទែនទៅ ខ្ញុំ​សូម​សារភាពថា ខ្ញុំ​មិន​ទទួលស្គាល់​ចំពោះ​ការ​ឲ្យ​ពិន្ទុ​បែបនេះ​ទេ​។ ហើយ​ហេតុអ្វី​? ដោយសារតែ​ជំនួប​ទី​ពីរ​ជាមួយ​គណៈកម្មការ​នាយ​ក​នោះ គាត់​បានធ្វើ​ការបង្ហាញ​យ៉ាងច្បាស់​ថា មូលហេតុ​ដែល​គាត់​មិន​បង្ហាញ​ពិន្ទុ​ជា​សាធារណៈ គឺ​ដោយសារតែ​ពិន្ទុ​នៃ​ការប្រឡង​នោះ​ទាបៗ​ពេក​»​។​
 
​បេក្ខជន​ចៅក្រម​រូបនេះ​បន្ថែមថា គណៈកម្មការ​នាយ​ករៀ​ប​ចំការ​ប្រឡង​បាន​និយាយថា ប្រសិនបើ​មានការ​ប្រកាស​លទ្ធផល​ជា​សាធារណៈ​នោះ វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​សាធារណជន ក៏ដូចជា អារម្មណ៍​របស់​បេក្ខជន​ដែល​បាន​ជាប់​ជា​ស្ថាពរ​ចំពោះ​សមត្ថភាព​របស់ខ្លួន​ក្នុងការ​ប្រឡង​។ លោក​បាន​បន្តថា កាលពី​ពេលមុនៗ រាល់​លទ្ធផល​នៃ​ការប្រឡង​ក្នុង​មុខវិជ្ជា​នីមួយៗ និង​ចំណាត់ថ្នាក់​របស់​បេក្ខជន​ប្រឡង​ត្រូវបាន​បង្ហាញ​ជាក់លាក់ និង​គ្មាន​ការ​លាក់បាំង​នោះទេ​។​
 
​នៅក្នុង​ពាក្យស្នើសុំ​អន្តរាគមន៍​ដែល​បាន​ផ្ញើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅនោះ បេក្ខជន​ប្រឡង​សិស្ស​ចៅក្រម​ខាងលើនេះ​បាន​អះអាងថា រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​ពុំបាន​ឆ្លើយតប​ទៅនឹង​ការតវ៉ា​ចំពោះ​លទ្ធផល​ប្រឡង​នោះទេ​។​
 
​ក្រុម​បេក្ខជន​ប្រឡង​សិស្ស​ចៅក្រម ដែល​ជំទាស់​នឹង​លទ្ធផល​ប្រឡង បានបញ្ជាក់​ឲ្យ​ដឹង​ទៀត ថា នៅក្នុង​ជំនួប​លើកទីមួយ​ដើម្បី​ជម្រះ​ការតវ៉ា​នឹង​លទ្ធផល​ប្រឡង ដែលមាន​ការចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​បានផ្តល់​ក្រដាស​លទ្ធផល​ដល់​ពួកគេ​ចំនួន​មួយច្បាប់​ម្នាក់ ដោយ​ក្នុងនោះ​មានតែ​ឈ្មោះ​និង​លទ្ធផល​ពិន្ទុសរុប​របស់​បេក្ខជន​តែ​មួយរូប​ប៉ុណ្ណោះ ហើយ​អ្វី​ក្រៅពីនោះ​ត្រូវបាន​លុបចេញ​។​
 
​ពួកគេ​លើកឡើង​ទៀតថា ក្រោយមក​ជំនួប​លើក​ទី​ពីរ​ក៏ត្រូវ​បានធ្វើ​ឡើង ដោយមាន​ការចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដូចគ្នា​។ ក្នុងជំនួប​ចុងក្រោយ​នេះ គណៈកម្មការ​នាយ​ករៀ​ប​ចំការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី ១០ បាន​ប្រាប់​ពួកគេ​ថា គណៈកម្មការ​នាយក​ពុំ​អាចបំពេញ​តាម​ការស្នើសុំ​បានទេ ដោយហេតុថា ពុំមាន​វិធាន​និង​នីតិវិធី​ណាមួយ ដែល​អនុញ្ញាត​ឲ្យ​មានការ​ប្រៀបធៀប និង​ផ្ទៀងផ្ទាត់​ដូច​ការស្នើសុំ​។​
 
​លោក កេង សុ​ម៉ា​រិ​ទ្ធ នាយក​សាលា​ភូមិន្ទ​ចៅក្រម មិន​ផ្តល់​ការអធិប្បាយ ដោយសារតែ​លោក​មិនបាន​ដឹង​ពី​ការតវ៉ា របស់​ក្រុម​បេក្ខជន​ដែល​កើតទុក្ខ​មិន​សុខ​ចិត្តនឹង​លទ្ធផល​ប្រឡង ដែល​បានចេញ​ជា​ផ្លូវ​កាលពី​ថ្ងៃទី​១៩ ខែធ្នូ​កន្លង​ទៅនោះ​។​
 
​ក្រុម​បេក្ខជន​ដែល​ជំទាស់​នឹង​លទ្ធផល​ប្រឡង​ទាំង​ប្រាំ​នាក់​ដដែល​នេះ បានធ្វើការ​ទាមទារ​ឲ្យ​មានការ​បង្ហាញ​តម្លាភាព​លើ​រាល់​វិញ្ញាសា​ប្រឡង និង​ផ្ទៀងផ្ទាត់​ចម្លើយ​វិញ្ញាសាសរសេរ​របស់​បេក្ខជន​ជាប់​ជា​ស្ថាពរ​ចំនួន ៥០​រូប​។​
 
​បេក្ខជន​ដែល​អាចដាក់​ពាក្យ​ប្រឡង​ចូលរៀន ដើម្បី​ធ្វើជា​ចៅក្រម​បាន​នោះ ត្រូវមាន​ចំណេះដឹង​ផ្នែក​ច្បាប់ និង​មាន​សញ្ជាតិ​ខ្មែរ ហើយ​ត្រូវមាន​អាយុ ក្រោម​៣៥​ឆ្នាំ​។ នេះ​បើ​យោងតាម​អ្នកជំនាញ​ច្បាប់​។​
 
​លោក សឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក បាន​ប្រាប់ VOA ថា តំណែង​ជា​ចៅក្រម​ជា​តំណែង​សំខាន់​មួយ ហើយ​រាល់​ភាពមិនប្រក្រតី​នានា​អាច​ប៉ះពាល់​ទៅលើ​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​។​
 
«​បើ​យើង​ពិនិត្យមើល​តួនាទី​ចៅក្រម​នេះ​ជា​តួនាទី​សំខាន់​ណាស់ ហើយ​បើសិន​ចាប់ផ្តើម​ការប្រឡង​លើ​និស្សិត​ចៅក្រម ហើយ​មាន​បញ្ហា​ចម្រូងចម្រាស​របៀបនេះ​ហើយ​វា​ធ្វើ​ឲ្យ​មាន​ការបាត់​ទំនុកចិត្ត​ពី​សាធារណជន ពិសេស​ប្រជាពលរដ្ឋ​ដែល​គាត់​មាន​រឿងរ៉ាវ​របស់គាត់​ដែល​តម្រូវ​ឲ្យ​ខាង​ចៅក្រម​កាត់សេចក្តី​ហ្នឹង​ត្រូវតែ​ជា​អ្នក​ដែលមាន​ចំណេះដឹង សមត្ថភាព​ច្បាស់លាស់ ហើយ​មាន​ភាព​ស្អាតស្អំ​មុននឹង​ចេញទៅ​ប្រឡូក​ក្នុង​កិច្ចការងារ​ជា​ចៅក្រម​ហ្នឹង​ណា​បាទ​»​។​
 
​លោក សឹង សែន​ករុណា បាន​សង្ឃឹមថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​នឹង​ចាត់​វិធាន​ដោះស្រាយ​រក​ខុសត្រូវ និង​តម្លាភាព​នៅក្នុង​ការជ្រើសរើស​បេក្ខជន​ដែលមាន​គុណ​ស​ម្ប​តិ្ត​គ្រប់គ្រាន់​ឲ្យ​ធ្វើជា​ចៅក្រម​។​
 
​លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​បារម្ភ​ថា នឹងមាន​ការប៉ះពាល់​ទៅលើ​យុត្តិធម៌​ក្នុងសង្គម ប្រសិនបើ​មានការ​ផ្តល់​តំណែង ឬក៏​ការជ្រើសរើស​ចៅក្រម​តាមរយៈ​ភាពមិនប្រក្រតី​និង​កង្វះ​តម្លាភាព​ណាមួយ​។​
 
​លោក​សន ជ័យ​បាន​បន្ថែមថា​៖ «​ការ​បាន​តំណែង​ដោយ​កង្វះ​តម្លាភាព ឬ​មានការ​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​ណាមួយ យើង​បារម្ភ​ពី​ការផ្តល់​យុត្តិធម៌​ទៅដល់​មនុស្ស​នៅក្នុង​សង្គម មាន​ទាំងអស់ ទាំង​ពលរដ្ឋ​សាមញ្ញ អ្នកនយោបាយ និង​ដល់​សង្គម​ស៊ីវិល​ទៀត​»​។​
 
​យោងតាម​ការវាយតម្លៃ​លើ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​កន្លងមក ដោយ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ប្រទេស​កម្ពុជា​ស្ថិតនៅ​ស្ទើរតែ​ក្រោម​គេ​បំផុត​ខាង​ផ្នែក​នីតិរដ្ឋ​ក្នុងចំណោម​ប្រទេស​ចំនួន​១២២​។ អង្គការ​នេះ​ឱ្យដឹងថា អំពើពុករលួយ​ក្នុង​ប្រព័ន្ធតុលាការ​ស្ថិតក្នុង​ចំណោម​ចំណុច​អវិជ្ជមាន​ខ្លាំងជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​លំដាប់ថ្នាក់​អាក្រក់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ខាង​យុត្តិធម៌​សម្រាប់​ជន​ស៊ីវិល​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com