លោក ត្រាំ គំរាម​ដាក់ទណ្ឌកម្ម បើ​អ៊ីរ៉ាក់​បណ្ដេញ​ទ័ព​អាមេរិក​ដោយ​មិន​ទូទាត់​លុយ​ធ្វើ​មូលដ្ឋានទ័ព​
អន្តរជាតិ
លោក ត្រាំ គំរាម​ដាក់ទណ្ឌកម្ម បើ​អ៊ីរ៉ាក់​បណ្ដេញ​ទ័ព​អាមេរិក​ដោយ​មិន​ទូទាត់​លុយ​ធ្វើ​មូលដ្ឋានទ័ព​
06, Jan 2020 , 9:47 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៥ ខែមករា បាន​ព្រមាន​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ាក់ បើ​អ៊ីរ៉ាក់​បណ្ដេញ​ទ័ព​អាមេរិក​ចេញពី​ទឹកដី​ខ្លួន​ដោយ​មិនបាន​ទូទាត់​ការចំណាយ​របស់​អាមេរិក​ជាមុន​នោះ​។ បើតាម​លោក ត្រាំ ទណ្ឌកម្ម​លើ​អ៊ីរ៉ាក់ គឺ​ដូចគ្នា​នឹង​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ដូច្នោះ​ដែរ​។ ការព្រមាន​របស់លោក ត្រាំ ធ្វើឡើង​ក្រោយ​សភា​អ៊ីរ៉ាក់​បោះឆ្នោត​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​វត្តមាន​ទាហាន​បរទេស​នៅលើ​ទឹកដី​អ៊ីរ៉ាក់​រាប់ទាំង​យោធា​អាមេរិក​ផង​។

 
​ទំនាស់​រវាង​អ៊ីរ៉ង់ និង​អាមេរិក​នៅ​អ៊ីរ៉ាក់​កំពុងតែ​ពុះកញ្ជ្រោល​ខ្លាំង​ក្រោយ​ការសម្លាប់​ឧ​ត្ត​ម​សេនីយ៍ Qasem Soleimani មេបញ្ជាការ​កម្លាំង Qud នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​កាលពី​សប្ដាហ៍​មុន​។ អ៊ីរ៉ាក់​ដែល​ក្លាយជា​សង្វៀន​ប្រយុទ្ធ​រវាង​មហាអំណាច​ពីរ​នោះ កំពុង​រក​ផ្លូវ​រំដោះទុក្ខ​អាសន្ន​របស់ខ្លួន ខណៈ​អាមេរិក និង​អ៊ីរ៉ង់​ស​ង្ក្រឺ​ត​ធ្មេញ​ដាក់គ្នា​កាន់តែខ្លាំង​។​
 
​នៅ​ថ្ងៃទី​៥ ខែមករា សភា​អ៊ីរ៉ាក់ ក៏​បោះឆ្នោត​លើ​ដំណោះស្រាយ​មួយ​ដែល​បញ្ចប់​វត្តមាន​យោធា​បរទេស​លើទឹក​ដី​អ៊ីរ៉ាក់​។ ដំណោះស្រាយ​ដែល​គាំទ្រ​សមាជិកសភា​មកពី​ក្រុម​ស៊ី​អ៊ី​ត បានទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បញ្ចប់​សំណើសុំ​ជំនួយ​ពី​កងទ័ព​បរទេស​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ដែល​ជួយ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​។ ដំណោះស្រាយ​នេះ មិនមាន​អាច​ចាប់បង្ខំ​ឡើយ តែ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ Adel Abdel Mahdi បាន​ព្រលយ​ពី​លទ្ធភាព​ដែល​រដ្ឋាភិបាល​លោក​ធ្វើ​ច្បាប់​ថ្មី​ដើម្បី​អនុវត្តតាម​ដំណោះស្រាយ​នេះ​។​
 
​បើ​ទីក្រុង​បា​ក់ដាដ​ឈានដល់​ការលុបចោល​សំណើ​ណាមួយ​មែន​នោះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ឲ្យ​ត្រៀមខ្លួន​ទទួល​ទណ្ឌកម្ម​ផងដែរ​។ ប្រាប់​អ្នកសារព័ត៌មាន​ពេល​ឡើង​យន្តហោះ Air Force One នៅ​ថ្ងៃទី​៥ ខែមករា លោក ត្រាំ និយាយ​ព្រមាន​ថា អ៊ីរ៉ាក់​នឹងរង​ទណ្ឌកម្ម​ដូច​អ៊ីរ៉ង់ បើ​បណ្ដេញ​ទ័ព​អាមេរិក​ចេញពី​ទឹកដី​របស់ខ្លួន​ដោយ​មិនបាន​ទូទាត់​ថ្លៃ​សាងសង់​មូលដ្ឋានទ័ព​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ជាមុន​នោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
«​យើង​មាន​មូលដ្ឋាន​កងទ័ពអាកាស​ដ៏​ថ្លៃ និង​អស្ចារ្យ​នៅ​ទីនោះ​។ ត្រូវបាន​សាងសង់​អស់​លុយរាប់​ពាន់​លាន​ដុល្លារ មុនពេល​ថ្ងៃ​ខ្ញុំ​ធ្វើ​ប្រធានាធិបតី​ទៅទៀត​។ យើង នឹងមិន​ចាកចេញ​ឡើយ ប្រសិនបើ​ពួកគេ​មិន​សងលុយ​យើង​ទេនោះ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ។ 
 
​បច្ចុប្បន្ន កងទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​មាន​ប្រហែល​៥,២០០​នាក់ ដែល​ធ្វើការ​នៅ​ទូទាំង​ប្រ​ទេ​ដើម្បី​បង្វឹក​កងទ័ព​ក្នុងស្រុក​ប្រឆាំង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ វត្តមាន​ទ័ព​អាមេរិក ក៏​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​អន្តរជាតិ​ដែល​រដ្ឋាភិបាល​អ៊ីរ៉ាក់​ស្នើសុំ​ជំនួយ​ដើម្បី​ទប់ទល់​ការ​វាតទី​របស់​ក្រុម​រដ្ឋ​ឥស្លាម​កាលពី​ឆ្នាំ​២០១៤ ។ ក្រោយ​ការបោះឆ្នោត​នៅ​សភា សម្ព័ន្ធមិត្ត​ចម្រុះ ក៏​ប្រកាស​ផ្អាក​ប្រតិបត្តិការ​របស់ខ្លួន​ប​ណ្ដោះ​អាសន្ន ខណៈ​រង​ការវាយប្រហារ​ផងដែរ​៕

Tag:
 ​អាមេរិក​
  អ៊ីរ៉ាក់​
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com