អន្តរជាតិ
ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​រាប់ម៉ឺន​នាក់​នៅ​ឥណ្ឌូណេស៊ី​បន្ដ​ស្នាក់​នៅក្នុង​ជម្រក​បណ្ដោះអាសន្ន​
06, Jan 2020 , 7:59 pm        
រូបភាព
ក្រុម​ជួយ​សង្គ្រោះ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​លិច​ទឹក នៅ​ជាយ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២០។
ក្រុម​ជួយ​សង្គ្រោះ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​លិច​ទឹក នៅ​ជាយ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២០។
ដោយ: VOA
​មនុស្ស​យ៉ាងហោចណាស់​ចំនួន​៦០​នាក់​បាន​ស្លាប់ ហើយ​មនុស្ស​ជិត​មួយ​សែន​នាក់​ទៀត​មិនអាច​ត្រឡប់ទៅផ្ទះ​វិញ​បាន ក្រោយពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់​នៅក្នុង​នៅ​រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​។​

 
​ក្រុមមន្ត្រី​វេជ្ជសាស្ត្រ​ប្រមាណ​ចំនួន​១​ម៉ឺន​១​ពាន់​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីក្រុង​ហ្សា​ការ​តា​ទាំងមូល កាលពី​ថ្ងៃអាទិត្យ ដើម្បី​បាញ់ថ្នាំ និង​ចែកចាយ​ថ្នាំពេទ្យ ដើម្បី​ទប់ស្កាត់​ឲ្យ​ជំងឺឆ្លង​រាលដាល ដូចជា​ជា​ជំងឺគ្រុនឈាម​ជាដើម ដោយសារតែ​ទីក្រុង​នេះ​នៅតែ​លិច​ទឹក​នៅឡើយ​។​
 
​មនុស្ស​រាប់ម៉ឺន​នាក់​កំពុងស្នាក់នៅ​ក្នុង​ទីជម្រក​បណ្ដោះអាសន្ន​នៅឡើយ ដែល​ភាគច្រើន​ស្ថិតនៅ​ភាគ​ខាងលិច​ទីក្រុង​ហ្សា​ការ​តា​។ អ្នកជំនាញ​ខាង​អាកាសធាតុ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​បានបញ្ជាក់​ថា នឹង​នៅតែមាន​ភ្លៀង​ធ្លាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​
 
​ភ្លៀង​ធ្លាក់​ឥតឈប់ឈរ​កាលពី​សប្ដាហ៍​មុន​បានធ្វើឱ្យ​លិចលង់​តំបន់​ចំនួន​២៦៨​កន្លែង​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី នេះ​បើតាម​គេហទំព័រ​របស់​អង្គការ​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​។​
 
​សេដ្ឋវិទូ​អាស៊ីអាគ្នេយ៍​និយាយថា រដ្ឋធានី​ហ្សា​ការ​តា​មិនមាន​ប្រព័ន្ធ​បង្ហូរទឹក​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង​ព្យុះ​ធំៗ​បានទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com