ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ និង​សម្ដេចម៉ែ ប្រទាន​ថវិកា​២​ម៉ឺន​ដុល្លារ ដល់​ជនរងគ្រោះ ដោយសារ​ការបាក់​អគារ​នៅ​កែប​
06, Jan 2020 , 10:50 am        
រូបភាព
រូបពីហ្វេសប៊ុក Royal Du Cambodge ៖ ព្រះកុរណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្ដេចម៉ែ នៅក្នុងព្រះរាជពិធីបូជាព្រះសពសម្ដេចព្រះរៀម បុប្ដាទេវី កន្លងមក (រូបតំណាង)
រូបពីហ្វេសប៊ុក Royal Du Cambodge ៖ ព្រះកុរណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្ដេចម៉ែ នៅក្នុងព្រះរាជពិធីបូជាព្រះសពសម្ដេចព្រះរៀម បុប្ដាទេវី កន្លងមក (រូបតំណាង)
​ភ្នំពេញ​៖ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា និង​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​ព្រះរាជ​ប្រទាន​ថវិកា​២​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដោះស្រាយ​ទុក្ខលំបាក​ជនរងគ្រោះ ដោយសារ​ការបាក់​រលំ​អគារ​នៅ​ខេត្ត​កែប​។ សម្ដេចចៅហ្វា​វាំង គង់ សំអុល បាន​យក​ថវិកា​ពី​ព្រះមហាក្សត្រ ទៅ​ប្រគល់ឱ្យ​រដ្ឋាភិបាល​។


 
​ថ្លែង​ក្នុង​សន្និសីទកាសែត ក្រោយ​បញ្ចប់​ប្រតិបត្តិ​ការជួយ​ជនរងគ្រោះ ដោយសារ​ករណី​បាក់​អគារ​នៅ​ខេត្ត​កែប កាលពី​ថ្ងៃទី​៥ មករា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា​៖«​សូម​គោរព​ថ្លែង​នូវ​អំណរ​ព្រះ​គុណ​យ៉ាង​ខ្ពង់ខ្ពស់​បំផុត​ដល់ ព្រះមហាក្សត្រ​កម្ពុជា និង សម្តេចម៉ែ ដែល​ព្រះអង្គ​ទាំង​ទ្វេ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​អំពី​សុខទុក្ខ​ប្រជារាស្ត្រ ហើយ​ព្រះអង្គ​ក៏បាន​ចូលរួម​ជា​ព្រះ​រាជអំណោយ​ថវិកា ក្នុង​ការជួយ​ដល់​បងប្អូន​ជនរងគ្រោះ​នៅក្នុង​ឧប្បទ្ទវហេតុ​ដ៏រ​ន្ឋ​ត់​នេះ​ផងដែរ​»​។​
 
​ចំពោះ​ការជួយ​ទៅលើ​ជនរងគ្រោះ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឧបត្ថម្ភ​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន ដោយ​ផ្ដល់ឱ្យ​អ្នករងរបួស នូវ​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ សម្រាប់​យកទៅ​ដោះស្រាយ​បញ្ហា​សុខភាព​។ 
 
​ដោយឡែក​ករណី​ពិសេស​នៃ​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​ប៉ុន្មាន​នាក់​ចុង​ក្រោយនេះ គឺ​ពួកគេ​ម្នាក់ៗ​ទទួលបាន​២​ម៉ឺន​ដុល្លារ​។ ចំណែក​គ្រួសារ​សព​ជនរងគ្រោះ​ម្នាក់ៗ​ទទួលបាន​៥​ម៉ឺន​ដុល្លារ និង បន្ថែម​១០​លាន​រៀល​ទៀត​សម្រាប់​ពិធី​បុណ្យសព​។ នេះ​ជាការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​គួរ​បញ្ជាក់ថា ហេតុការណ៍​បាក់​អគារ នៅក្បែរ​វត្ត​សុមា​ធិ ក្រុងកែប ខេត្ត​កែប កាលពី​ថ្ងៃទី​៣ មករា​នេះ បាន​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​៣៦​នាក់ ក្នុងនោះ​មាន​ស្រី​១៤​នាក់ (​ក្មេងស្រី​២​នាក់​) និង​រងរបួស​២៣​នាក់​៕

Tag:
 សម្ដេចម៉ែ​
  ព្រះមហាក្សត្រ​
  អគារ​រលំ
© រក្សាសិទ្ធិដោយ thmeythmey.com