ជាតិ
​​​ន​យោ​បាយ​ជាតិ​
បាក់​អគារ​នៅ​កែប​៖ សម្ដេច ហ៊ុន សែន សរសើរ​លោក កឹម សុខា ថា មាន​ឥរិយាបថ​ល្អ​ជាង​មន្ត្រី​រដ្ឋាភិបាល​
06, Jan 2020 , 2:26 pm        
រូបភាព
​ភ្នំពេញ​៖ ខុសពី​អ្នកនយោបាយ​ដទៃទៀត លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សារ​រំលែក​ទុក្ខ​ដល់​ជនរងគ្រោះ និង​គ្រួសារ​ជនរងគ្រោះ នៅក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់​៦​ជាន់ នៅ​ខេត្ត​កែប កាលពី​ថ្ងៃទី​៣ មករា ដោយ​គ្មាន​ផ្សារភ្ជាប់​នឹង​រឿង​នយោបាយ​ឡើយ​។ សម្ដេច ហ៊ុន សែន ពេញចិត្ត​នឹង​សារ​រំលែក​ទុក្ខ​របស់លោក កឹម សុខា បែបនេះ មុននឹង​សម្ដេច សរសើរ​ថា លោក កឹម សុខា ធ្វើ​ទង្វើ​ល្អ​ជាង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​។​



« ខ្ញុំ​ស្វាគមន៍​ចំពោះ​ឥរិយាបថ​របស់លោក កឹម សុខា បើទោះបីជា​ថា គាត់​នៅមាន​បញ្ហា​នេះ​(​រឿង​ក្តីក្ដាំ​) បញ្ហា​នោះ ក៏ប៉ុន្តែ​រឿង​ជួយ​ប្រជាពលរដ្ឋ ជា​រឿង​ដែល​យើង​ត្រូវ​ស្វាគមន៍​គ្រប់គ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ឆ្លើយតប​នឹង​សំនួរ​អ្នកសារព័ត៌មាន​ជុំវិញ សារ​រំលែក​ទុក្ខ​របស់លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។​
 
​អម​ជាមួយ​ការពេញចិត្ត​ឥរិយាបថ​លោក កឹម សុខា នេះ លោកនាយក​រដ្ឋមន្ត្រី ក៏​ផ្ដាំ​ឱ្យ​អ្នកនយោបាយ​គ្រប់​និន្នាការ​ទាំងអស់ យក​ទង្វើ​របស់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ធ្វើជា​គំរូ​ផងដែរ ពោលគឺ​មិន​ត្រូវយក​ករណី​បាក់​អគារ​នេះ មក​វាយប្រហារ​ការដឹក​នាំ​របស់​រដ្ឋាភិបាល​ឡើយ​។ ជាពិសេស​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​បាន​ចាក់រុក​ឱ្យ​សម្ដេច ហ៊ុន សែន ដក​អភិបាលខេត្ត​កែប​ចេញពី​តំណែង ដោយសារ​ករណី​បាក់​រលំ​អគារ​នេះ​តែម្ដង​។​

សូមស្ដាប់សំឡេងលោកនាយករដ្ឋមន្រ្តី៖

 
 
«​សូម្បីតែ​លោក កឹម សុខា ក៏​គាត់​គិត​ត្រូវ​ជាង​មនុស្ស​មួយចំនួន នៅក្នុង​ជួរ​រដ្ឋាភិបាល​ដែរ គាត់​មិនបាន​យក​ការ​ថ្កោលទោស​រដ្ឋាភិបាល​(​លើ​បញ្ហា​បាក់​អគារ​)​ទេ គឺ​គាត់​សម្ដែង​ការសោកស្ដាយ និង​មរណទុក្ខ​។ បើ​អ៊ីចឹង​(​ឥរិយាបថ​)​លោក កឹម សុខា ប្រសើរ​ជាង​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ថែម​ទៀតផង​»​។ នេះ​ជាការ​អះអាង​របស់​សម្ដេច ហ៊ុន សែន ដែល​បានប្រកាសថា សម្ដេច​មិន​ដកតំណែង​លោក កែន ស​ន្ថា អភិបាលខេត្ត​កែប​ឡើយ ប៉ុន្តែ​សម្ដេច​នឹង​ដកតំណែង​មន្ត្រី​រដ្ឋាភិបាល​ណា ដែល​បាន​ផ្ញើរ​សារ​ញុះ​ញ៉​ង់​សម្ដេច​លើ​ករណី​បាក់​អគារ​នេះ​។​
 
អត្ថបទទាក់ទង
 
​កាលពី​ថ្ងៃទី​៤ មករា ប្រធាន​អតីត​គណបក្សប្រឆាំង លោក កឹម សុខា បាន​សរសេរ​សារ​រំលែក​ទុក្ខ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដូច្នេះ​ថា​៖«​ខ្ញុំ សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ជនរងគ្រោះ និង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់​ជីវិត​និង​រងរបួស​យ៉ាង​អាណោចអាធ័ម ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​....»​។​
 
​លោក កឹម សុខា ក៏បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន​២០០០​ដុល្លារ ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​នេះដែរ​។ «​លោក កឹម សុខា បាន​ប្រាប់​ទៅ​សហការី​ឲ្យ​ចូលរួម​ដោយ​សប្បុរស ព្រោះ​ជា​រឿង​សោកនាដកម្ម​របស់​ខ្មែរ មិនមែនជា​ពេលវេលា​ចោទ​គ្នា​ទេ គឺជា​ពេល​សង្គ្រោះ​»​។ នេះ​បើតាម​ការអះអាង​របស់​លោក មុត ចន្ថា បុគ្គល​ដែល​ស្និទ្ធ​នឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន មូលហេតុ​ដែលនាំឱ្យ​មាន​ឧ​ប​ទ្ទេវ​ហេតុ​បាក់​អគារ​នេះ គឺ​មកពី​កំហុស​ផ្នែក​គូរ​ប្លង់ និង​ចាក់​ប្លង់​សេ របស់​មេការ​សំណង់​។ ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន ដែល​ទទួលបាន​ព័​ត៌​មានបឋម​នោះ បាន​ពន្យល់​ត្រួសៗ​ថា ការ​គូរ​ប្លង់ គឺមាន​ស្ដង់ដារ​កំណត់​របស់​វា ប៉ុន្តែ​នៅពេល​សាងសង់​នោះ បែ​ជា​មេការ​សំណង់​ដាក់​ដែក​តូច​ជាង​កម្រិត​បច្ចេកទេស​សាងសង់ ដែល​ធ្វើឱ្យ​សំណង់​គ្មាន​គុណភាព​។ រី​ឯបញ្ហា​ចាក់​ប្លង់​សេ​វិញ ប្រមុខ​រដ្ឋាភិបាល បកស្រាយ​ថា ការចាក់​ប្លង់​សេ​មួយ គេ​ត្រូវការ​រយៈពេល​យ៉ាងតិច​២៨​ថ្ងៃ (៤​សប្ដាហ៍​) ទើប​អាច​ដក​ក្ដា​ពុ​ម្ភ​ចេញ​បាន ប៉ុន្តែ​មេការ​សំណង់ បានធ្វើ​ខុស​គោលការណ៍​សាងសង់ ដោយ​ដក​ក្ដា​ពុ​ម្ភ​ចេញ​មុន​ការកំណត់ ដើម្បី​ទៅ​ចាក់​ជាន់​ខាងលើ​ទៀត​។ តែ​យ៉ាងណា​សមត្ថកិច្ច ក៏​មិនអាច​ឃាត់ខ្លួន​មេការ​បានដែរ ដោយសារ​គាត់​ក៏បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​បាក់​អគារ​នេះ ខណៈ​ម្ចាស់​គម្រោង​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​សាកសួរ ដើម្បី​ផ្ដល់​សំណង​រដ្ឋប្បវេណី​ដល់​ជនរងគ្រោះ ទៅតាម​ផ្លូវច្បាប់​។​
 
​គួរ​បញ្ជាក់ថា ហេតុការណ៍​បាក់​អគារ នៅក្បែរ​វត្ត​សុមា​ធិ ក្នុង​ក្រុងកែប ខេត្ត​កែប កាលពី​ថ្ងៃទី​៣ មករា បាន​បណ្ដាលឱ្យ​មនុស្ស​៣៦​នាក់​ស្លាប់ ក្នុងនោះ​ស្រី​១៤​នាក់ (​ក្មេងស្រី​២​នាក់​) និង​របួស​២៣​នាក់​។ ប្រតិបត្តិការ​ជួយសង្គ្រោះ​នោះ បាន​ប្រើពេល​ជាង​៤៣​ម៉ោង ពោលគឺ​បញ្ចប់​ការរុករក​ជនរងគ្រោះ​នៅ​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​៥ មករា​៕

Tag:
 ហ៊ុន សែន
  កឹម សុខា​
  បាក់​រលំ​អគារ​
© រក្សាសិទ្ធិដោយ thmeythmey.com