វិសាខា​នាំចូល​កីឡាករ​ថ្មី​៥​រូប និង​តែងតាំង Arran James Horton ជា​ប្រធាន​ផ្នែក​អភិវឌ្ឍ​បាល់ទាត់​
កីឡាជាតិ
ជាតិ
វិសាខា​នាំចូល​កីឡាករ​ថ្មី​៥​រូប និង​តែងតាំង Arran James Horton ជា​ប្រធាន​ផ្នែក​អភិវឌ្ឍ​បាល់ទាត់​
06, Jan 2020 , 3:41 pm        
រូបភាព
លោក Arran James Horton, រ៉ឹង ប៊ុនហៀង, Mahammed Khan, Ajayi Openyemi Korede , Alisher Mirzaev និង Mustafa Zazai(រាប់ពីឆ្វេង)
លោក Arran James Horton, រ៉ឹង ប៊ុនហៀង, Mahammed Khan, Ajayi Openyemi Korede , Alisher Mirzaev និង Mustafa Zazai(រាប់ពីឆ្វេង)
​ក្លិប​បាល់ទាត់​វិសាខា​បាន​នាំចូល​កីឡាករ​បរទេស និង​កម្ពុជា​ជា​បន្តបន្ទាប់ សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​រដូវ​កាល​ឆ្នាំ​២០២០​។ ក្លិប​នេះ ក៏បាន​តែងតាំង​លោក Arran James Horton អតីត​គ្រូបង្វឹក​ក្រុមយុវជន​នៅ​អង់គ្លេស ឲ្យ​ធ្វើជា​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​បាល់ទាត់​ផងដែរ​។

 
​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ យើង​សង្កេតឃើញ​ក្លិប​វិសាខា​បាន​ចុះកិច្ចសន្យា​នាំចូល​កីឡាករ​បរទេស និង​កម្ពុជា​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ ក្លិប​នេះ​បាន​បន្ត​កិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Ajayi Openyemi Korede ដែលជា​កីឡាករ​បរទេស​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ឲ្យ​វិសាខា​កាលពី​រដូវ​កាល​មុន​។ ម្ចាស់​អាវ​លេខ​២២​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិប​អាស៊ី​អឺរ៉ុប និង​ក្លិប​ជាច្រើន​នៅ​ប្រទេស​ថៃ​ដូចជា Bangkok Glass, Rangsit United, Samut Prakan, Thonburi និង Khonkaen FC ជាដើម​។ 
 
​មួយថ្ងៃ​បន្ទាប់​ពោលគឺ​នៅ​ថ្ងៃទី​៤ មករា ក្លិប​បញ្ចប់​ចំណាត់ថ្នាក់​ជើងឯក​រង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ឆ្នាំ​២០១៩ មួយ​នេះ បាន​ចុះកិច្ចសន្យា​នាំចូល​ខ្សែការពារ​អាហ្វ្រិក​ខាងត្បូង Mohammed Khan ដែល​បាន​ចែកផ្លូវ​ជាមួយ​ក្រសួងការពារជាតិ ក្រោយ​លេង​បាន​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩​។ 
 
​មុន​មក​ប្រកប​អាជីព​នៅ​កម្ពុជា​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ធ្លាប់​លេង​ឲ្យ​ក្លិប​លី​គ​ទី​២​នៅ​ប្រទេស​កំណើត Milano United មុន​ផ្ទេរ ទៅ Tshakhuma Tsha Madzivhandila នៅ​លី​គ​ទី​២​ដូចគ្នា​។ កាលពីដើម​រដូវ​កាល​ឆ្នាំ​២០១៩ Mohammed Khan បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​លំដាប់​ទី​៤​ថៃ Phattalung FC មុន​ផ្ទេរ​មកកាន់​ក្រសួងការពារជាតិ​នៅ​ពាក់កណ្តាល​រដូវ​កាល​។​
 
​នៅថ្ងៃនោះ​ដែរ វិសាខា​បាន​ចុះកិច្ចសន្យា​នាំចូល​ខ្សែប្រយុទ្ធ រ៉ឹង ប៊ុន​ហៀ​ង ដែល​ទើប​ចែកផ្លូវ​ជាមួយ​ក្រសួងការពារជាតិ ក្រោយ​រួមរស់​ជាមួយគ្នា​ប្រមាណ​៥​ឆ្នាំ​។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​អាជីព​ដំបូង​ជាមួយ​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​(​បាន​ដកខ្លួន​ចេញពី​ការប្រកួត​)​។​
 
​ខ្សែប្រយុទ្ធ​កម្ពស់​១.៧៨​ម៉ែត្រ​រូបនេះ បាន​ជាប់​ជម្រើសជាតិ​ក្នុង​ឈុត​យុវជន​តាំងពី​ឆ្នាំ​២០១២ ហើយ​បាន​បន្ត​ជាប់​ជម្រើសជាតិ​ក្នុង​ក្រុម​ឈុត​ធំ​ជា​បន្តបន្ទាប់​។ ប៊ុន​ហៀ​ង បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​យុវជន និង​ឈុត​ធំ​បាន​ចំនួន​៨​លើក ដោយ​រកបាន​ពីរ​គ្រាប់​។ រូបគេ​ជា​កីឡាករ​កម្ពុជា​ចំណូល​ថ្មី​ទី​ពីរ​របស់​វិសាខា បន្ទាប់ពី​ការចូលរួម​របស់​ខ្សែបម្រើ ច្រឹង ពលរដ្ឋ​។ 
 
​នៅ​ថ្ងៃទី​៥ ខែមករា វិសាខា​បាន​ទិញ​ចូល​ខ្សែបម្រើ Mustafa Zazai សមាជិក​ក្រុម​ជម្រើសជាតិ​អាហ្គានីស្ថាន​។ កីឡាករ​រូបនេះ​បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន​នៅ​ពាក់​រដូវ​កាល​ឆ្នាំ​២០១៩ ហើយ​ក៏បាន​ចែកផ្លូវ​គ្នា​ក្រោយ​ចប់​រដូវ​កាល​។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ធ្លាប់​លេង​ឲ្យ​ក្លិប Kelantan FA ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី​បាន​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩ ដោយ​រកបាន​៣​គ្រាប់​សម្រាប់​ការបង្ហាញ​៩​លើក​។​
 
​ខ្សែបម្រើ​រូបនេះ​បាន​ប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដំបូង​ដោយ​ធ្វើជា​យុវជន​ថ្នាល​របស់​ក្លិប Hamburger SV របស់​អាល្លឺម៉ង់​ពី​ឆ្នាំ​២០០៦-២០០៩​។ បន្ទាប់មក​រូបគេ​បាន​ផ្លាស់​ទៅ​ក្លិប​អាល្លឺម៉ង់ SC Concordia Hamburg មុន​ផ្ទេរ​ទៅធ្វើជា​យុវជន VfB Lübeck ចន្លោះ​ពី​ឆ្នាំ​២០១១-២០១២​។ 
 
​រូបគេ​ត្រូវបាន​ក្លិប​អាល្លឺម៉ង់ VfB Lübeck ដំឡើង​ឲ្យ​លេង​កម្រិត​អាជីព​ពី​ឆ្នាំ​២០១២-២០១៣​។ ZaZai បានមក​កាន់​ទឹកដី​អាស៊ាន​លើកដំបូង​នៅ​ឆ្នាំ​២០១៨ ដោយ​លេង​ក្លិប​អាជីព​របស់​ថៃ Chachoengsao FC​។ ក្រោយ​លេង​បាន​ពាក់កណ្តាល​រដូវ​កាល​រូបគេ​បាន​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប Phrae United នៅ​ថៃ​ដូចគ្នា មុន​ផ្ទេរ​ទៅ​ក្លិប​ម៉ាឡេស៊ី Kelantan FA នៅ​រដូវ​កាល​ឆ្នាំ​២០១៩​។​
 
​នៅថ្ងៃនោះ​ដែរ ខ្សែបម្រើ​អូ​បេ​គី​ស្ថាន Alisher Mirzaev បាន​ក្លាយជា​កីឡាករ​បរទេស​ទី​៤​របស់​វិសាខា​។ នេះ​ជាការ​មកកាន់​ទឹកដី​អាស៊ាន​ដំបូង​របស់​សមាជិក​ក្រុម​ជម្រើសជាតិ​អូ​បេ​គី​ស្ថាន​រូបនេះ​។ វា​ក៏​ជា​លើកដំបូង​ផងដែរ សម្រាប់​ការចេញ​មក​ប្រកប​អាជីព​បាល់ទាត់​នៅក្រៅ​ប្រទេស​សម្រាប់​កីឡាករ​រូបនេះ​។​
 
​វិសាខា​តែងតាំង​លោក Arran James Horton ជា​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​បាល់ទាត់​
 
​នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩​នេះ ក្លិប​វិសាខា​បានប្រកាស​តែងតាំង​លោក Arran Horton James អតីត​ខ្សែបម្រើ​លេង​ឲ្យ​ក្លិប​ក្នុង​លី​គ​អង់គ្លេស ឲ្យ​ធ្វើជា​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​បាល់ទាត់​គ្រប់​កម្រិត​ប្រចាំ​ក្លិប​។ បុរស​វ័យ​៣២​ឆ្នាំ​រូបនេះ​កើត​នៅក្នុង​ទីក្រុង Leed ប្រទេស​អង់គ្លេស ហើយ​បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​អាជីព​ដំបូង​ជាមួយ​ក្លិប Wakefield FC នៅ​ឆ្នាំ​២០១៥​។​
 
​ក្នុងអំឡុងពេល​ប្រកប​អាជីព​ជាមួយ​ក្លិប​នេះ រូបគេ​ក៏​ជា​គ្រូបង្វឹក​ក្រុមយុវជន​នៅ​ក្លិប Wetherby Athletic Juniors និង Leed United ផងដែរ​។ ក្រោយមក​បុរស​សញ្ជាតិ​អង់គ្លេស​រូបនេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ក្លិប​បញ្ជូន​ឲ្យ​ទៅធ្វើជា​គ្រូ​សាលា​បាល់ទាត់​របស់​ក្លិប Leed United នៅ​ប្រទេស​ចិន​៕  

Tag:
 បាល់ទាត់​
  វិសាខា​
  រ៉ឹង ប៊ុន​ហៀ​ង​
© រក្សាសិទ្ធិដោយ thmeythmey.com