កីឡាអន្តរជាតិ
អន្តរជាតិ
Son ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ជា​លើក​ទី​៥
06, Jan 2020 , 4:35 pm        
រូបភាព
Son Heung-min ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Tottenham Hotspur ត្រូវបាន​បោះឆ្នោត​ឲ្យ​ជាប់​ជា កីឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី Best Footballer in Asia ឆ្នាំ​២០១៩ ដែលជា​ការ​ឈ្នះ​លើក​ទី​៥​ក្នុង​អាជីព​របស់គេ​។​


 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង វ័យ​២៧​ឆ្នាំ​រូបនេះ ត្រូវបាន​អ្នក​កាសែត​កីឡា និង​អ្នកពាក់ព័ន្ធ​នៅ​តំបន់​អាស៊ី​ផ្តល់​ការជឿ​​ជាក់​ដោយ​បោះឆ្នោត​ឲ្យ​រូបគេ​រហូតដល់​សំឡេង​នាំមុខ​ដាច់​២៥៨ ខណៈ​ខ្សែប្រយុទ្ធ​កាតា Akram Afif របស់​ក្រុម Al Sadd ទទួលបាន​១១៤​សំឡេង​ឈរ​លេខ​២  និង​លេខ​៣ កីឡាករ​ជប៉ុន Takumi Minamino ដែល​ទើប​ផ្លាស់​ពី Red Bull Salzburg ទៅ Liverpool បាន​៩០​សំឡេង​។​
 
Best Footballer in Asia បានរៀបចំ​ដោយ Titan Sports តាំងពី​ឆ្នាំ​២០១៣ ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ពាន Ballon d’Or ដែរ​។ ការ​របៀប​ចំ​រយៈពេល​៧​ឆ្នាំនេះ គេ​រកឃើញ​អ្នកឈ្នះ​តែ​៣​រូប​បុ​ណ្ណោះ ក្នុងនោះ​លើកដំបូង​បាន​ទៅ​អតីត​កីឡាករ​ជប៉ុន និង​សព្វ​ថ្ងៃជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា Keisuke Honda (២០១៣) ខ្សែប្រយុទ្ធ​ជប៉ុន Shinji Okazaki (២០១៦) ក្រៅពីនោះ​៥​លើក ធ្លាក់​ទៅលើ​ដី Son ទាំងអស់​។​


 
Son បានបង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង តាមរយៈ​ការជួយ Spur ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​អឺរ៉ុប Champions League រដូវ​កាល​មុន​។ ហើយ​ថ្មីៗ​នេះ រូបគេ​បាន​ប្រើ​ទេពកោសល្យ​អូស​បាល់​តាំងពី​ក្រោម​រហូត​ស៊ុត​បញ្ចូល​ទី​ក្រុម West Ham នៅ​ការប្រកួត Premier League ទៀតផង​។ 
 
​ក្រៅពី​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ឆ្នាំ ២០១៩ Son បាន​ក្លាយជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​រដូវ​កាល ២០១៨-១៩ នៃ​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​រួចមក​ហើយ​។ សមាជិក​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​រូបនេះ បាន​ក្លាយជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ក្រុម​មាន់​ខ្នាយ​មាស​នៅ​រដូវ​កាលនោះ ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី ១៦​គ្រាប់ និង​បញ្ជូន​ឲ្យ​ដៃគូ​សម្រេច​ទី​៩​លើក​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៣៤​ប្រកួត​៕

Tag:
 Son Heung-min
  Best Footballer in Asia
© រក្សាសិទ្ធិដោយ thmeythmey.com