ជាតិ
សោកសង្រេង​! ប្តី​ប្រពន្ធ និង​កូនប្រុស​២​នាក់​ក្នុង​គ្រោះថ្នាក់​រលំ​អគារ​ត្រូវបាន​បូជា​ក្នុង​ថ្ងៃ​តែមួយ​
06, Jan 2020 , 4:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ជា​រឿង​សោកសង្រេង​ដែល​ពិបាក​ព័ណ៌នា ជីវិត​មនុស្ស​មួយ​គ្រួសារ​ត្រូវបាន​លេប​ត្របាក់​ក្នុង​គ្រោះថ្នាក់​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប កាលពី​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​។ គ្រួសារ​ដែលមាន​សមាជិក​៤​នាក់ ស្ថិតក្នុង​ចំណោម​មនុស្ស​៣៦​នាក់​ដែល​បានទទួល​មរណភាព​ក្នុង​ឧ​ប្ប​តិ​ហេតុ​នោះ​។​

 
​តាម​របាយការណ៍​រប​ស់​មន្ទីរពេទ្យ​ខេត្ត​កែប លោក ហាស់ សុ​គុណ អាយុ​៣០​ឆ្នាំ រួមជាមួយ​ភរិយា​របស់លោក ឈ្មោះ ហែម សុ​គុណ អាយុ​២៩​ឆ្នាំ និង​កូនប្រុស​ពីរ​នាក់ គឺ លី គឹម​ឆាយ អាយុ​៨​ឆ្នាំ និង​លី គឹម​ឈី​ង អាយុ​៤​ឆ្នាំ សុទ្ធតែ​បាន​ស្លាប់​ក្នុង​គំនរ​បាក់បែក​នៃ​អគារ​៦​ជាន់​នៅ​ខេត្ត​កែប​។​
 
​សាកសព​ទាំង​៤ ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់ នា​ព្រឹក​ថ្ងៃទី​៥ ខែមករា ដែល​ត្រូវជា​ថ្ងៃទី​បី​នៃប្រតិបត្តិ​ការរុករក ក្រោម​វត្តមាន​ដឹកនាំ​ផ្ទា​ល់ពី​សំណាក់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ គ្រួសារ​ដ៏​កម្សត់​នេះ មាន​ទីលំនៅ​នៅ​ខេត្ត​ព្រះសីហនុ​។​
 
​ពិធី​បុណ្យសព​សមាជិក​គ្រួសារ​ទាំង​៤ រួមជាមួយ​សាកសព​មួយទៀត ឈ្មោះ វ៉ា ចាន់ណា​រិ​ទ្ធ បាន​ប្រព្រឹត្តទៅ​កាលពី​ល្ងាច​ទី​៥ ខែមករា ដដែល នៅ​វត្ត​ជោ​ត​ញ្ញាណ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយមាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ និង​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​។​
 
​ប្រតិបត្តិ​រុករក​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​បាក់​រលំ​អគារ​៦​ជាន់​នៅ​ខេត្ត​កែប បាន​ប្រព្រឹត្ត​អស់​រយៈពេល​ជាង​៤៣​ម៉ោង ដោយ​តុល្យការ​ផ្លូវការ​បង្ហាញថា មនុស្ស​៣៦​នាក់​ស្លាប់ (​ស្រី​១៤​នាក់​) និង​របួសធ្ងន់​ស្រាល​២៣​នាក់ (​ស្រី​៩​នាក់​)៕
 
​តុល្យការ​ជនរងគ្រោះ ដែល​ក្រុមការងារ បាន​ជួយសង្គ្រោះ​យកចេញ​ពី​គំនរ​បាក់បែក​នៃ​អគារ​រលំ មាន​ចំនួន​សរុប​៥៩​នាក់ (​ស្រី​២២​នាក់​) ក្នុងនោះ​បាត់បង់​ជីវិត​ចំនួន​៣៦​នាក់ (​ស្រី​១៤​នាក់​) ក្នុងចំណោម​ជនរងគ្រោះ​ទាំងនេះ មាន​ក្មេង​ចំនួន​០៦​នាក់ (​ក្មេងស្រី​២​នាក់​) និង​រងរបួស​ចំនួន​២៣​នាក់ (​ស្រី​០៨​នាក់​)៕



Tag:
 រលំ​អគារ
© រក្សាសិទ្ធិដោយ thmeythmey.com