កីឡាជាតិ
ជាតិ
បឹងកេត​បន្ត​កិច្ចសន្យា​កីឡាករ​បរទេស​ពីររូប ក្រោយ​នាំចូល​យុវជន​៤​រូប​
06, Jan 2020 , 5:39 pm        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​បឹងកេត​នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ បាន​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​ពីររូប​រួមមាន Kenta Yamazaki និង​កីឡាករ Hikaru Mizuno​។ ក្លិប​ដែល​ទើប​ប្តូរ​គ្រូបង្វឹក​ថ្មី​នេះ ក៏​ទើប​នាំចូល​យុវជន​៤​រូប ដែល​បាន​រំសាយ​ពីសា​លា​បាល់ទាត់​ជាតិ​បាទី​ផងដែរ​។

 
​ក្រោយ​ចុះកិច្ចសន្យា​នាំចូល​យុវជន​៤​រូប​រួមមាន​ខ្សែប្រយុទ្ធ​ឆ្នើម សៀង ច​ន្ធា​, ខ្សែការពារ សៅ វ៉ៃ​ហ្វី​, ជុង មករា និង​អ្នកចាំទី ថា ច័ន្ទ​រិទ្ធី ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទើប​រំសាយ​ចេញពី​សាលា​បាល់ទាត់​ជាតិ​បាទី ក្លិប​បឹងកេត បាន​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​ជនជាតិ​ជប៉ុន​ពីររូប​នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩​នេះ​។ កីឡាករ​ទាំង​ពីររូប​រួមមាន​ខ្សែបម្រើ Kenta Yamazaki និង​ខ្សែការពារ Hikaru Mizuno​។​
 
​កីឡាករ Hikaru Mizuno បាន​ចូលរួម​ជាមួយ​បឹងកេត​តាំងពី​ឆ្នាំ​២០១៧ ក្រោយ​រួមរស់​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​មួយ​រដូវ​កាល​។ ខ្សែការពារ​វ័យ​២៨​ឆ្នាំ​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិប​លំដាប់​ទី​២​របស់​ជប៉ុន FC Ryukyu នៅ​ឆ្នាំ​២០១៤ មុន​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​លី​គ​កំពូល​សិង្ហ​បុរី Albirex Niigata Singapore នៅ​ឆ្នាំ​២០១៥​។ រូបគេ បង្ហាញខ្លួន​ជាមួយ​ក្លិប​បាន​២៧​ប្រកួត​ដោយ​រកបាន​ពីរ​គ្រាប់​។  
 
​ក្រោយ​ចំណាយពេល​៣​រួមរស់​ជាមួយ​បឹងកេត Mizuno បាន​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ពាន​លី​គ​កំពូល​ឆ្នាំ​២០១៧ និង​ជើងឯក​រង​ឆ្នាំ​២០១៨​។ 
 
​ចំណែក​ខ្សែបម្រើ Kenta Yamazaki បាន​ចូលរួម​ជាមួយ​បឹងកេត​នៅ​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩​។ មុន​ចូលរួម​ជាមួយ​បឹងកេត​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​ធ្លាប់​លេង​ឲ្យ​ក្លិប Tokyo 23 FC របស់​ជប៉ុន​នៅ​ឆ្នាំ​២០១២​។ បន្ទាប់មក​គេ​ក៏​បានមក​ប្រកប​អាជីព​នៅលើ​ទឹកដី​អាស៊ាន​ជា​លើកដំបូង​ជាមួយ​ក្លិប​របស់​ថៃ TTM Customs នៅ​ឆ្នាំ​២០១៣ មុន​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​លំដាប់​ទី​២​របស់ ម៉ុង​តេ​ណេ​ហ្គ្រោ Fudbalski klub Berane និង Omladinski fudbalski klub Grbalj​។ 
 
​បន្ទាប់មក​រូបគេ ក៏​ត្រឡប់មក​ប្រកប​អាជីព​នៅលើ​ទឹកដី​ថៃ​ម្តងទៀត ដោយ​ចូលរួម​ជាមួយ​ក្លិប Ubon UMT United ចន្លោះ​ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៨ មុន​ផ្ទេរ​មកកាន់​ក្លិប​បឹងកេត​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩​។ 

 
​ទន្ទឹង​នឹង​នេះ ក្លិប​បឹងកេត​បានតែងតាំង​លោក Apisit Im Amphai ឲ្យ​ធ្វើជា​គ្រូបង្វឹក​ជំនួស​លោក ហៅ សុជាតិ ដែល​ឡើងទៅ​កាន់តំណែង​ជា​នាយក​បច្ចេកទេស​គ្រប់គ្រង​និង​អភិវឌ្ឍ​យុវជន​។ នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​គ្រូបង្វឹក​រូបនេះ​មកកាន់​ទឹកដី​កម្ពុជា ដោយ​ធ្លាប់​ដឹកនាំ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​ឈ្នះ​ពាន​លី​គ​កំពូល​២​លើក និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ២​លើក​។​
 
​លោក​មាន​បទពិសោធ​ធ្លាប់​ដឹកនាំ​ក្លិប​ជាច្រើន​នៅលើ​ទឹកដី​ថៃ​រួមមាន​ក្លិប Rangsit FC, Chiangrai United, Chiangmai United និង​គ្រូ​យុវជន​របស់​ក្លិប Bangkok Glass ជាដើម​។ កិច្ចសន្យា​មាន​សុពលភាព​រយៈពេល​មួយឆ្នាំ​៕     

Tag:
 បាល់ទាត់​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com