ជាតិ
អ្នកភូមិជ្រាវ ផ្តើមប្រមូលផលផ្កាខាត់ណា តែរអ៊ូរឿងតម្លៃថោក
× សៀមរាប៖ ប្រជាកសិករនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប កំពុងប្រមូលផលផ្កាខាត់ណា។ អ្នកភូមិនេះនិយមដាំបន្លែតាមរដូវ និងប្រើប្រាស់ដីក្បែរផ្ទះដាំដុះបន្លែផ្គត់ផ្គង់តាមទីផ្សារក្នុងក្រុងសៀមរាប។ នៅខែមករានេះ ផ្កាខាត់ណាចាប់ផ្តើមឱ្យផលបណ្ដើរៗ តែឆ្នាំនេះតម្លៃហាក់ទាបជាងឆ្នាំមុនៗបន្ដិច។
អ្នកស្រី ស្រស់ កសិករមួយរូបបាននិយាយថា អ្នកស្រីដាំខាត់ណាយកផ្កាច្រើនឆ្នាំមកហើយ ដែលបន្លែប្រភេទនេះដាំបានតែនៅរដូវត្រជាក់ប៉ុណ្ណោះ គឺចាប់ពីខែ កញ្ញា និងប្រមូលផលរយៈពេល៣ខែបន្ទាប់។ ជាប្រភេទបន្លែពិបាកថែទាំ ខាត់ណាពិបាកដាំដុះបន្ដិចពិសេសពេលនៅតូចៗដោយត្រូវការទឹក និងការថែទាំច្រើន។ អ្នកស្រី ស្រស់ ប្រាប់ថានៅឆ្នាំនេះ អ្នកស្រីប្រមូលផលផ្កាខាត់ណាចាប់ពីដើមខែមករា និងមានតម្លៃជាមធ្យមពី២៥០០រៀល ទៅ៣០០០រៀល ក្នុង១គីឡូក្រាម។ តម្លៃនេះ ត្រូវបានកសិកររូបនេះយល់ថា ថោកជាងឆ្នាំទៅបន្ដិច ដែលពេលនោះលក់បានពី៥០០០រៀលទៅ៦០០០រៀលឯណោះ ក្នុង១គីឡូក្រាម។
ចំណែកកសិករអ្នកស្រី គង់ ដែលកំពុងដើរកាត់ផ្កាខាត់ណាលើផ្ទៃដីប្រមាណ៣០អា (១០០ការ៉េ) ឯណោះវិញ ក៏បានរអ៊ូពីតម្លៃធ្លាក់ថ្លៃនៅពេលនេះដែរ។ អ្នកស្រី គង់ យល់ថា ប្រហែលនៅឆ្នាំនេះអ្នកដាំច្រើនពេកទើបធ្វើឱ្យខាត់ណាអ្នកស្រីលក់បានក្នុងតម្លៃត្រឹម៣០០០រៀលទៅ៣៥០០រៀល។ ក្រោយពីប្រមូលផលផ្កាខាត់ណាហើយ អ្នកស្រី គង់ នឹងដាំត្រកួនបន្តទៀត ដោយរំពឹងថានឹងបានតម្លៃល្អនៅឆ្នាំនេះ។
ចៅសង្កាត់ជ្រាវ លោក ក្ដោប រ៉ន បានប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ថា នៅប្រទេសកម្ពុជាទាំងមូលនារដូវនេះ គឺអាកាសធាតុមានភាពអំណោយផលក្នុងការដាំដុះដំណាំបន្លែផ្សេងៗ ទើបបណ្ដាលឱ្យកសិផលមិនសូវមានតម្លៃខ្ពស់។ លោកចៅសង្កាត់បន្តថា សង្កាត់ជ្រាវមាន៧ភូមិ មានប្រជាជនសរុបជាង៤ពាន់គ្រួសារ ស្មើនឹងប្រមាណ១,៩ម៉ឺននាក់ ហើយភាគច្រើនជាកសិករ ក្រៅពីនោះជាអ្នកលក់ដូរបន្ទាប់បន្សំ។ ការដាំដុះបន្លែបានផលច្រើន គឺតាមភូមិដែលមានប្រឡាយទឹក រីឯភូមិផ្សេងដែលប្រើអណ្ដូងក្រោមដីមិនសូវបានផលល្អទេ។ លោក ក្ដោប រ៉ន ទាញសេចក្ដីសន្និដ្ឋានថា ទំនងទឹកនោះសម្បូរជាតិរ៉ែខ្ពស់ពេកទើបមិនអំណោយផលដល់ដំណាំស្លឹក៕
Tag:
ខាត់ណា
សង្កាត់ជ្រាវ
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com