លោក ណេ​តាន់​យ៉ា​ហ៊ូ ធ្លោយមាត់​ហៅ​អ៊ីស្រាអែល​ជា​មហាអំណាច​នុយក្លេអ៊ែរ​
អន្តរជាតិ
លោក ណេ​តាន់​យ៉ា​ហ៊ូ ធ្លោយមាត់​ហៅ​អ៊ីស្រាអែល​ជា​មហាអំណាច​នុយក្លេអ៊ែរ​
06, Jan 2020 , 8:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ រូបភាព AFP
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហូ នៅ​ថ្ងៃទី​៥ ខែមករា បាន​ធ្លោយមាត់​ហៅ​អ៊ី​ស្រ​អែល​ជា​មហាអំណាច​នុយក្លេអ៊ែរ​។ ប៉ុន្តែ​លោក​បានកែតម្រូវ​សម្ដី​ភ្លាមៗ​ដែរ​។ ការ​ធ្លោយមាត់​នេះ បាន​ប្រាសចាក​ពី «​គោលនយោបាយ​មិន​ប្រាកដប្រជា​» របស់​អ៊ីស្រាអែល​ដែល​បាន​អនុវត្ត​ជាច្រើន​ឆ្នាំ​មកហើយ​ពាក់ព័ន្ធ​នឹង​អាវុធ​នុយក្លេអ៊ែរ​នេះ​។ គេ​ជឿថា រដ្ឋ​ជ្វី​ហ្វ​នេះ​មាន​ក្បាល​នុយក្លេអ៊ែរ​រាប់សិប​គ្រាប់​ឯណោះ​។

 
​មិន​ទទួលស្គាល់ថា មាន ហើយក៏​មិន​បដិសេធថា អត់​។ នេះ​ជា​គោលនយោបាយ​រាប់​ទសវត្សរ៍​របស់​អ៊ីស្រាអែល​ពាក់ព័ន្ធ​អាវុធ​នុយក្លេអ៊ែរ ទោះ​មាន​គេ​ជឿថា ប្រទេស​នេះ​ពិត​ជាមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាច្រើន​ក្ដី​។ ប៉ុន្តែ នាយករដ្ឋមន្ត្រី បេន​ចា​មីន ណា​តាន់​យ៉ា​ហ៊ូ បែរជា​បង្ហើប​ពី​វត្តមាន​នុយក្លេអ៊ែរ​របស់​អ៊ីស្រាអែល​ជា​សាធារណៈ​ទៅវិញ​អំឡុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​៥ ខែមករា ពេល​លោក​អាន​សុន្ទរកថា​មួយ​ស្ដីពី​កិច្ចព្រមព្រៀង​ឧស្ម័ន​ជាមួយ​ក្រិ​ក និង​ស៊ី​ប​។​
 
«​សារសំខាន់​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​យើង​បានប្រែក្លាយ​អ៊ីស្រាអែល​ទៅជា​មហាអំណាច​នុយក្លេអ៊ែរ​។​» នេះ​ជា​សម្ដី​របស់លោក ណេ​តាន់​យ៉ា​ហ៊ូ ។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ក៏​ផ្លាស់ប្ដូរ​ទឹកមុខ​បន្តិច ហើយ​ញញឹម​បែប​អៀនប្រៀន មុននឹង​កែ​ពាក្យ​មហាអំណាច​នុយក្លេអ៊ែរ ទៅជា​មហាអំណាច​ថាមពល​វិញ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Times of Israel ។​
 
​អ៊ីស្រាអែល ស្ថិត​ក្នុងចំណោម​ប្រទេសមួយ​ក្ដាប់​តូច​លើ​ពិភពលោក​ប៉ុណ្ណោះ​ដែលមាន​អាវុធ​ប្រល័យ​លោក​ក្នុង​ឃ្លាំង​របស់ខ្លួន ទោះជា​មិនដែល​ប្រកាស​ជា​សាធារណៈ​ក្ដី​។ ប៉ុន្តែ​អ៊ីស្រាអែល​មិនមែនជា​សមាជិក​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែ (NPT) ឡើយ​។ ប្រទេស​១៩១ រួមបញ្ចូល​ប្រទេស​មាន​នុយក្លេអ៊ែរ​៥​ទៀត​ដូចជា​អាមេរិក ចិន រុស្ស៊ី បារាំង និង​អង់គ្លេស ជា​សមាជិក​របស់ NPT ។ ឥណ្ឌា និង​ប៉ា​គី​ស្ថាន ក៏​ពុំមែន​ជា​រដ្ឋ​ហត្ថលេខី​ដែរ ទោះ​ប្រកាស​ជា​សាធារណៈ​ពី​វត្តមាន​នុយក្លេអ៊ែរ​ក្ដី​។​
 
​កូរ៉េខាងជើង ដែលមាន​នុយក្លេអ៊ែរ​ដែរនោះ ធ្លាប់ជា​សមាជិក NPT នៅ​ឆ្នាំ​១៩៨៥ មុនពេល​ចាកចេញ​វិញ​នៅ​ឆ្នាំ​២០០៣ ។ ឆ្នាំ​២០០៦ ជា​ពេល​ដំបូង​ដែល​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ​របស់ខ្លួន ហើយ​បន្ត​សាកល្បង​ជា​បន្តបន្ទាប់​៕

Tag:
 អ៊ីស្រាអែល​
  បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​
© រក្សាសិទ្ធិដោយ thmeythmey.com