កម្ពុជា ចង់ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការចរចា​រវាង​បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា លើ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​
ជាតិ
កម្ពុជា ចង់ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការចរចា​រវាង​បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា លើ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​
06, Jan 2020 , 9:19 pm        
រូបភាព
(ខាងស្តាំ)លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយលោក មហាម៉ាត់ ហ្វារុកខាន់ (Muhammad Faruk Khan) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាបង់ក្លាដែស នៅព្រឹកថ្ងៃទី៦ មករា ២០១៩ នេះ
(ខាងស្តាំ)លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយលោក មហាម៉ាត់ ហ្វារុកខាន់ (Muhammad Faruk Khan) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាបង់ក្លាដែស នៅព្រឹកថ្ងៃទី៦ មករា ២០១៩ នេះ
​ភ្នំពេញ​៖  រដ្ឋសភា​កម្ពុជា ចង់ឃើញ​បង់​ក្លា​ដែ​ស និង​មី​យ៉ាន​ម៉ា ទទួលបាន​លទ្ធផល​វិជ្ជមាន លើ​បញ្ហា​ជនអន្តោប្រវេសន៍​រ៉ូ​ហ៊ីង​យ៉ា ដែល​ភៀសខ្លួន ទៅ​រស់នៅក្នុង​ប្រទេស​ប​ង់​ក្លា​ដែ​ស​។ លោក ងួន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក មហាម៉ាត់ ហ្វា​រុក​ខាន់ (Muhammad Faruk Khan) ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស នៃ​រដ្ឋសភា​បង់​ក្លា​ដែ​ស នៅ​ព្រឹក​ថ្ងៃទី​៦ មករា​នេះ​។​


 
​បច្ចុប្បន្ន​បង់​ក្លា​ដែ​ស កំពុង​ជួប​បញ្ហា​នៃ​ការហូរចូល​នូវ​ជនអន្តោប្រវេសន៍​យ៉ាង​សន្ធឹកសន្ធាប់ ដោយ​ក្នុងនោះ​មាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ប្រមាណ​ចំនួន ១​លាន​១​សែន​នាក់ ។ ដោយសារតែ​បញ្ហា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នេះ​ទើប​លោក​មហាម៉ាត់ ហ្វា​រុក​ខាន់ ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​បង់​ក្លា​ដែ​ស ស្នើឱ្យ​កម្ពុជា គាំទ្រ​ដល់​ដំណើរ​ការចរចា​ទ្វេភាគី​ដោយ​សន្តិវិធី រវាង​បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា ។​
 
​ឆ្លើយតប​នឹង​ការលើកឡើង​របស់​ភាគី​បង់​ក្លា​ដែ​ស​នេះ អនុប្រធាន​ទី​១ រដ្ឋសភា​កម្ពុជា លោក ងួន ញិ​ល បាន​និយាយ​ដូច្នេះ​ថា​៖«​ចំពោះ​បញ្ហា​លំហូរ​ជនអន្តោប្រវេសន៍​រ៉ូ​ហ៊ីង​យ៉ា ទៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស រដ្ឋសភា​កម្ពុជា គាំទ្រ និង​សង្ឃឹម​ទុកជាមុន​អំពី​ការចរចារ​ទ្វេភាគី​ដោយ​សន្តិវិធី​រវាង​បង់​ក្លា​ដែ​ស ជាមួយ​មី​យ៉ាន់​ម៉ា នឹង​ទទួលបាន​លទ្ធផល​ល្អ »​។​
 
​ប្រទេស​កម្ពុជា និង​បង់​ក្លា​ដែ​ស បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​១៩៩៣ ។ ចាប់តាំងពី​ពេលនោះ​មក ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​២ កាន់​តែមាន​ភាពល្អប្រសើ​រ​ជា​លំដាប់ លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​ពាណិជ្ជកម្ម​ជាដើម​។ ដោយឡែក​ចំពោះ​វិស័យ​ការទូត​សភា គឺ​រដ្ឋសភា​កម្ពុជា បាន​បង្កើត​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​បង់​ក្លា​ដែ​ស ។ នេះ​បើតាម​អនុប្រធាន​ទី​១ រដ្ឋសភា​កម្ពុជា​៕

Tag:
 ងួន ញិ​ល​
  បង់​ក្លា​ដែ​ស​
  មី​យ៉ាន់​ម៉ា​
  អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com