កីឡាអន្តរជាតិ
អន្តរជាតិ
​គ្រូ​ចិន​ថ្មី ត្រូវ​ទទួល​ភារកិច្ច​នាំ​ក្រុម​ទៅកាន់ World Cup 2022 នៅ​កាតា​
06, Jan 2020 , 9:39 pm        
រូបភាព
​អតីត​ខ្សែបម្រើ Everton លោក Li Tie នៅ​ថ្ងៃទី​៥ ខែមករា និយាយថា​លោក​មាន​ក្តី​សុបិន​តាំងពី​កុមារ​ក្នុងការ​ក្លាយជា​គ្រូបង្វឹក​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិចិន​។ សុបិន​បាន​ក្លាយជា​ការពិតហើយ លោក Li ត្រូវ​បានតែ​តាំង​ជា​គ្រូ​បង្គោល​របស់​ក្រុម​ចិន​នៅ​អាយុ​៤២​ឆ្នាំ​។ លោក Li ត្រូវ​ទទួល​ភារកិច្ច​សំខាន់​ក្នុង​ការនាំ​ចិន​ទៅកាន់ World Cup 2022 នៅ​កាតា​។​


 
​លោក Li ដែលជា​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើស​ជាតិចិន បាន​ឡើងទៅ​ជំនួស​តំណែង​លោក Marcello Lippi ដែល​ដឹកនាំ​ក្រុម​ចាញ់​ស៊ី​រី ២-១ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2020 ជុំ​ទី​២​កន្លងមក​។ យ៉ាងណាក៏ដោយ លោក Li បញ្ជាក់ថា​កិច្ចសន្យា​ដំបូង​របស់ខ្លួន​គឺមាន​រយៈពេល​ត្រឹម​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​។​
 
​ភារកិច្ច​ចម្បង​របស់​គ្រូ​ជនជាតិ​ចិន​វ័យ​៤២​ឆ្នាំនេះ គឺ​ធ្វើយ៉ាងណា​ដើម្បី​នាំ​ក្រុម​ឈានដល់​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក World Cup នៅ​កាតា ឆ្នាំ ២០២២ ឲ្យ​បាន​។​
​ស្របតាម​គោល​ការ​ខាងលើនេះ ប្រធានាធិបតី​ចិន ស៊ី​ជីន ភីង ក៏​ចង់​ឲ្យ ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​លើ​លោក​មួយ​នេះ​ដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ World Cup និង​សង្ឃឹម​អាច​ឈ្នះ​ពាន​ពិភពលោក​នេះ​បាន​នៅ​ថ្ងៃ​ណាមួយ​។​
 
​លោក Li ដែល​ធ្លាប់ជា​ជំនួយការ​ម្នាក់​របស់ Lippi ដែរនោះ បាន​អះអាង​ក្នុង​សន្និសីទកាសែត​ដំបូង​របស់លោក​ថា​៖« ខ្ញុំ​ចំណាយពេល ៣៥ ឆ្នាំ​តាំងពីក្មេង​មិនទាន់​លេង​បាល់ទាត់ រហូតមកដល់​សព្វថ្ងៃ​បាន​ក្លាយជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិចិន​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​។ ខ្ញុំ​អាច​និយាយ​ដោយ​មោទកភាព​ចំពោះ​កូនៗ​របស់ខ្ញុំ ថា ឪពុក​របស់​កូន​មាន​សុបិន​ក្លាយជា​ការពិតហើយ​»​។​
 
​ក្នុងការ​ប្រកួត​ជម្រុះ World Cup ជុំ​ទី​ពីរ​តំបន់​អាស៊ី ចិន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ២ ពូ​ល A មាន​៧​ពិន្ទុ តាម​ពីក្រោយ​ស៊ី​រី​ដែល​ឈរ​កំពូល​តារាង​មាន​១៥​ពិន្ទុ​។ មានតែ​ក្រុម​កំពូលៗ ក្នុង​ពូ​ល​នីមួយៗ​ប៉ុណ្ណោះ ដែល​ឆ្លងទៅ​វគ្គ​បន្ទាប់​ដោយ​ស្វ័យប្រវត្តិ ខណៈ​ក្រុម​លេខ​២ ត្រូវ​ជម្រុះ​បន្ត​។​
 
​ជំនួប​បន្ទាប់​ដែលជា​ការប្រកួត​លើក​ទី​៥ ចិន​ត្រូវ​ទទួលភ្ញៀវ​ម៉ា​ល់​ឌី​វ នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០៕



Tag:
 ចិន​
  Li Tie
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com