ជាតិ
សង្គមជាតិ
នាយករដ្ឋន្ត្រី៖ ពេលច្បាប់សំណង់អនុវត្តបានពេញលេញ ការបាក់អគារនឹងឈានទៅលុបបំបាត់
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា នៅពេលណាច្បាប់ស្តីពីសំណង់ ត្រូវបានអនុវត្តពេញលេញនៅកម្ពុជា ឧបទ្ទវហេតុបាក់រលំអគារដែលកំពុងដំណើរការសាងសង់ នឹងត្រូវកាត់បន្ថយ ឬក៏ «ឈានទៅលុបបំបាត់តែម្តង»។
ច្បាប់ស្តីពីសំណង់ ត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។ សម្តេចនាយករដ្ឋមន្ត្រី យល់ថា ការដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីសំណង់ ទើបតែមានរយៈពេល២ខែប៉ុណ្ណោះ ដោយមិនទាន់អាចអនុវត្តបានពេញលេញនោះទេ។
ប្រមុខរដ្ឋាភិបាល លើកឡើងពីច្បាប់ស្តីពីសំណង់ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នៅទីតាំងបាក់អគារកម្ពស់៦ជាន់ក្នុងក្រុងកែប ក្រោយពីបញ្ចប់ការរុករកជនរងគ្រោះក្នុងគំនរអគារនេះ។
ច្បាប់ស្តីពីសំណង់ ដែលមាន១១១មាត្រា មានគោលបំណងធានាពីគុណភាព-សុវត្ថិភាពសំណង់ និងមានគោលដៅកំណត់គោលការណ៍ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់ វិធានការ និង នីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា។
រយៈពេលប្រមាណ៧ខែមកនេះ កម្ពុជា មានករណីបាក់រលំអគារ៣លើក។ ករណី១ទី បាក់អគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ កាលពីចុងខែមិថុនា ឆ្នាំ២០១៩ ដោយសម្លាប់មនុស្ស២៨នាក់ និងមានអ្នករបួស២៦នាក់។ ករណីទី២ បាក់សាលាឆាន់វត្តប្រាសាទគោកចកនៅក្រុងសៀមរាប កាលពីដើមខែធ្នូ ឆ្នាំ២០១៩ ដោយសម្លាប់មនុស្ស៣នាក់ និងមានអ្នករបួស១៣អង្គ/នាក់។ ករណីទី៣ បាក់អគារកម្ពស់៦ជាន់នៅក្រុងកែប នាដើមខែមករា ឆ្នាំ២០២០នេះ ដោយសម្លាប់មនុស្សដល់ទៅ៣៦នាក់ និងមានអ្នករបួស២៣នាក់។ អគារទាំង៣ ដែលបាក់រលំនេះ សុទ្ធតែស្ថិតក្នុងដំណើរការសាងសង់ ហើយអ្នកស្លាប់និងអ្នករបួសភាគច្រើន ជាកម្មករសំណង់៕
Tag:
បាក់អគារនៅកែប
ហ៊ុន សែន
ច្បាប់សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com